រដ្ឋាភិបាល ជម្រុញអោយមន្រ្តីរាជការទាំងអស់ ប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ អោយបានត្រឹមត្រូវ
រាជរដ្ឋាភិបាលកម្ពុជា បញ្ជារអោយមន្រ្តីរាជការ គ្រប់ក្រសួង និង ស្ថាប័នទាំងអស់ ប្រើប្រាស់ លិខិតឆ្លងដែនផ្លូវការ អោយបានត្រឹមត្រូវ និង ត្រូវរក្សាទុកលិខិតឆ្លងដែនផ្លូវការដោយខ្លួនឯង។
សំឡេងពិស្តារ៖
ការបញ្ជារអោយគ្រប់ក្រសួង និង ស្ថាប័នទាំងអស់ ប្រើប្រាស់ លិខិតឆ្លងដែនផ្លូវការ អោយបានត្រឹមត្រូវ និង ត្រូវរក្សាទុកលិខិតឆ្លងដែនផ្លូវការដោយខ្លួនឯងនេះ ធ្វើឡើង បន្ទាប់ពី រាជរដ្ឋាភិបាលមើលឃើញថា មានមន្រ្តីកម្ពុជាមួយចំនួនតូចនៅក្នុងក្រសួង ស្ថានប័នខ្លះបានស្នើសុំលិខិតឆ្លងដែនផ្លូវការ និង ប្រើប្រាស់លិខិតឆ្លងដែនផ្លូវការកម្ពុជាដោយមិនត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់កត្តិយសរាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា។
សារាចរថ្ងៃទី ១៤ មីនា ស្ដីពី ការស្នើសុំលិខិតឆ្លងដែន ផ្លូវការសម្រាប់មន្រ្តីកម្ពុជា បញ្ជាក់ថា ក្រោយពីបញ្ចប់បេសកកម្មនៅក្រៅប្រទេស មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវរក្សាទុកលិខិតឆ្លងដែនផ្លូវការដោយខ្លូនឯង ហើយត្រូវប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនេះ ឲ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ខុសគោលដៅដែលនាំអោយប៉ះពាល់ដល់មុខមាត់ រាជរដ្ឋាភិបាលកម្ពុជា។ ហើយចំពោះ ក្រសួង និង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការអនុវត្ត សារាចរនេះអោយមានប្រសិទ្ធិភាពខ្ពស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងលិខិតនោះសង្កត់ធ្ងន់ថា ដើម្បីជៀងវាងកុំឲ្យមានបញ្ហាបែបនេះកើតមានជាបន្តបន្ទាប់នៅថ្ងៃមុខ និង ធានាឲ្យបាននូវការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការកម្ពុជា ឲ្យបានត្រឹមត្រូវ និង ប្រកបដោយការទទួលខុខត្រូវខ្ពស់ ។ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសូង ស្ថាប័ននានាពិនិត្យបេសកកម្មឲ្យបានហ្មត់ចត់បំផុតមុន និងស្នើសុំលិខិតឆ្លងដែនផ្លូវការពីក្រសួងការបរទេស និង សហប្រតបត្តិការអន្តរជាតិ។
គួររំលឹកថា កាលពីថ្ងៃទី ៤ មីនា ឆ្នាំ២០១៦ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានស្នើអោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ដីពី ការដកលិខិតឆ្លងដែនផ្លូវការពេលមន្រ្តីកម្ពុជាវិលត្រឡប់ពីបេសកកម្មនៅបរទេស ហើយត្រូវបញ្ជូនមករក្សាទុកនៅក្នុងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។
នៅថ្ងៃទី០៩ ខែមីនា ក្រសួងការបរទេសកម្ពុជា បានសេចក្តីជូនដំណឹង បំភ្លឺជុំវិញរឿងរ៉ាវ ពលករខុសច្បាប់មានកាន់លិខិតឆ្លងដែនផ្លូវការរបស់កម្ពុជា ដោយរៀបរាប់ថា៖ រយៈកាលកន្លងមកនេះ មានមន្រ្តីរបស់អង្គភាព ស្ថាប័នខ្លះនៅពេលចប់បេសកកម្មផ្លូវការ ឬមិនបានទៅបំពេញ បេសកកម្មផ្លូវការ ហើយបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនោះ ក្នុងការធ្វើដំណើរទៅធ្វើជាពលករខុសច្បាប់នៅក្រៅប្រទេស៕
ដោយញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!