លោកប៉ែន ប៊ុណ្ណារ៍៖ ប្រទេសកម្ពុជាមានច្បាប់មួយតែស្តង់ដានៃការអនុវត្តន៍ពីរ
សង្គមស៊ីវិលថា ប្រទេសកម្ពុជាមានច្បាប់មួយតែស្តង់ដានៃការអនុវត្តន៍ពីរ ដោយលោកពន្យល់ថា ទង្វើរបស់ព្រះរាជអាជ្ញារងនៅខេត្តក្រចេះផ្ទុយពីទង្វើល្អរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាដែលបានអំពាវនាវឲ្យសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង ហើយលោកថែមទាំងបានផ្តល់អំណោយនានាទៀតផង។ សំឡេង៖
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC)បានប្រាប់វិទ្យុសំឡេងយុវជន នៅព្រឹកថ្ងៃទី១៥ មីនានេះថា ប្រទេសកម្ពុជាមានច្បាប់មួយតែស្តង់ដានៃការអនុវត្តន៍ពីរ ដោយលោកពន្យល់ថា ទង្វើរបស់ព្រះរាជអាជ្ញារងនៅខេត្តក្រចេះដែលបង្ខំឲ្យពលរដ្ឋម្នាក់ពិការភ្នែកសងខាង គឺលោក លន់ ផន់ ផ្ដិតមេដៃយល់ព្រមចាកចេញពីដីដែលកំពុងមានជម្លោះ ដើម្បីជាថ្នូរនៃការដោះលែងឲ្យនៅក្រៅឃុំ។
ទង្វើបែបនេះ លោកប៉ែន បុណ្ណា ថាផ្ទុយពីសម្តេច ហ៊ុន សែន ដែលបានអំពាវនាវឲ្យសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង។ ហើយថ្មីៗនេះលោកថែមទាំងបានផ្តល់ផ្ទះថ្មីមួយខ្នងដល់បុរសពិការម្នាក់គឺលោក បួញ សុភក្តិ ដែលតែងតែសរសេរសារទៅកាន់ហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ជាជម្រកដ៏កក់ក្តៅដល់កូនៗរបស់គាត់។ លោកក៏បានស្នើរឲ្យមន្ត្រីទាំងអស់មានព្រហ្មវិហារធម៌ចំពោះជនពិការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងកុំឲ្យមានការរើសអើងចំពោះពួកគាត់។
លោកទាមទារឲ្យមានការពិនិត្យសើររើការអនុវត្តច្បាប់ និងតម្លាភាពក្នុងការបែងចែកនូវធនធានធម្មជាតិក៏ដូចជាទឹកដី ដោយលោកអះអាងថា មន្ត្រីធំៗមួយចំនួនមានដីរាប់ហិចតា តែសម្បទានសង្គមកិច្ចមិនដែលដាក់ឲ្យចំដីអ្នកមានអំណាច ទេគឺដាក់តែលើដីរបស់ប្រជាពលរដ្ឋក្រីក្រ ដែលធ្វើឲ្យគ្មានឱកាសសម្រាប់ពលរដ្ឋក្រីក្រដែលខ្វះខាតដី។
សូមជម្រាបថា ដំបូងឡើយដីដែលប្រជាពលរដ្ឋ ១០៤គ្រួសាររួមមានគ្រួសារលោក លន់ ផន់ផងនោះ ជាដីដែលប្រជាពលរដ្ឋទាំងនោះបានមករស់នៅ នឹងប្រកបរបរចិញ្ចឹមជីវិតាំងពី ឆ្នាំ២០១១មកម្លេះ ហើយអាជ្ញាធរពុំបានហាមឃាត់ទេ តែនៅថ្ងៃទី ១៣មីនាឆ្នាំ២០១៦ អាជ្ញាធរខេត្តក្រចេះ បានឈូសឆាយផ្ទះសម្បែងពួកគាត់ជិត ២០ខ្នង និងចាប់ឃុំខ្លួនអ្នកភូមិ ៤នាក់៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!