ពលរដ្ឋ២នាក់រងគ្រោះដោយសារដីធ្លី ត្រូវបានដោះលែង ក្រោយពីសម្តេចហ៊ុនសែន យកកូនប្រុសរបស់លោក២នាក់ជាថ្នូរនឹងការជាប់ឃុំជំនួស
ទីបំផុត ពលរដ្ឋ២នាក់រងគ្រោះដោយសារដីធ្លី ត្រូវបានតុលាកាខេត្តកំពង់ស្ពឺ ដោះលែងវិញហើយ បន្ទាប់ពីមានការអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបញ្ជូន កូនប្រុសរបស់លោក ពីរនាក់ ទៅធានាអោយពលរដ្ឋ ២រូបនោះ ដែលត្រូវបានចាប់ដាក់គុក ទាំងកណ្តាលអាធ្រាត ថ្ងៃទី១៤មីនា។ លោកនាយករដ្ឋមន្ត្រីថា បើតុលាការមិនព្រមអោយមានការធានាពលរដ្ឋទាំងពីរនាក់នោះទេ តុលាការអាចឃុំខ្លួនកូនប្រុសរបស់លោកជាថ្នូរក៏បានដែរ។
សំឡេងពិស្តារ៖
សូមបញ្ជាក់ថា ការចាប់តំណាងប្រជាជន ២នាក់ឃុំខ្លួនដោយតុលាការខេត្តកំពង់ស្ពឺ បានធ្វើអោយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខកចិត្តជាខ្លាំង និងបានចាត់អោយ លោក ហ៊ុន ម៉ានិត និង លោកហ៊ុន ម៉ានី ទៅធានាអោយប្រជាពលរដ្ឋទាំងពីររូបនេះ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
ប្រធានសហព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានអោយដឹងថា តាមការសង្កេតរបស់លោក ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី គឺជាសញ្ញាដ៏ល្អមួយ ក្នុងការកាច់បំបាក់ធ្មុងពួកមន្រ្តីខិលខូចអាងអំណាច មកបំផិតបំភ័យប្រជាពលរដ្ឋស្លូតត្រង់ ។
លោកក៏បានអោយដឹងដែរថា តុលាការខេត្តកំពង់ស្ពឺ គឺជាតុលាការលេខមួយក្នុងការប្រើប្រាស់អំណាច ចាប់កម្មករ ដាក់គុកជាងតុលាការ នៅខេត្តដទៃទៀតទាំងអស់ ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានជម្លោះរឿងដីធ្លី វិវាទជាមួយរោងចក្រ ត្រូវបានចូលគុកដោយសារតុលាការញឹកញាប់បំផុតដែលទាំងអស់នេះ គឺជាកម្សោយរបស់ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលការនៅក្នុងស្រុកខ្មែរ។
ចំណែក លោក អាន ភិន មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដែរថា តុលាការខេត្តកំពង់ស្ពឺ បានប្រើប្រាស់អំណាចរបស់ខ្លួន គាបសង្គត់ និងបំបាក់ប្រជាពលរដ្ឋស្លូតត្រង់ ដោយការចាប់ដាក់គុក ពាក់ព័ន្ធទៅនឹងរឿងជម្លោះជាមួយមន្រ្តីមានអំណាច រឿងដីធ្លី រឿងវិវាទជាមួយរោងចក្រជាដើម។ លោកក៏បានគាំទ្រដល់ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី និងអំពាវនាវអោយមានការចាត់វិធានការតទៅមុខទៀត ដើម្បីលុបបំបាត់មន្រ្តីខិលខូច មិនយកតួនាទីរបស់ខ្លួនដែលស៊ីប្រាក់ខែពីរាស្រ្ត តែមិនបម្រើរាស្រ្តទៅវិញ។
គួររំលឹកដែរថា ប្រជាពលរដ្ឋប្រមាណ ១៦៥គ្រួសារ ដែលរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានផ្ញើរលិខិតទៅកាន់ ប្រធានរដ្ឋសភា លោក ហេង សំរិន អោយជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគេ ២ រូបដែលតុលាការខេត្តកំពង់ស្ពឺ ចាប់ដាក់គុក នៅថ្ងៃសុក្រទី ១១ មីនា ដោយសារជម្លោះដីធ្លី មានឈ្មោះ អ្នកស្រី ឃូ វ៉ន និងអ្នកស្រី អ៊ីត រុំ។ ហើយទំនាស់ដីធ្លីនេះ បានកើតមានឡើងចាប់តាំងពីឆ្នាំ២០១១មកម្លេះ ដោយប្រជាពលរដ្ឋលើកឡើងថាអាជ្ញាធរមូលដ្ឋាន បានរំលោភយកដីរបស់ប្រជាជននៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើដីប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ។
សម្រាប់ក្រសួងយុត្តិធម៌វិញ មួយរយៈនេះ ទទួលបានការរិះគន់យ៉ាងច្រើនទាំងសង្គមស៊ីវិល ប្រជាពលរដ្ឋជាពិសេសប្រមុខកំពូលរដ្ឋាភិបាល និងក្រសួងមហាផ្ទៃជាដើម ដោយការរិះគន់ ទៅលើចំណាត់ការចាប់ហើយដោះលែងទៅវិញ អោយតែលុយដល់ ឬខ្សែធំ។ តួយ៉ាង លោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការរិះគន់ចំៗ ទៅលើស្ថាប័នតុលាការ ដែលបានដោះលែងជនល្មើស ដែលប៉ូលិសបានខិតខំប្រឹងប្រែង ទាំងយប់ទាំងថ្ងៃ ចាប់ជនល្មើសបញ្ជូនទៅតុលាការ ដើម្បីឲ្យផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះបីជាមានភស្តុតាជាក់លាក់យ៉ាងណាក្តី។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហាក់លេងធម៌ក្តៅទៅលើមន្រ្តីខិលខូចរបស់លោក ដែលប្រព្រឹត្តផ្ទុយពីអ្វីដែលជាឆន្ទៈ និងប្រើប្រាស់អំណាចគាបសង្កត់ប្រជាពលរដ្ឋ បកអាក្រាតមន្រ្តីស្ពឹកស្រពន់ មិនធ្វើការងារ តុលាការដែលជាអ្នកច្បាប់ តែបែរជាអង្គុយលើច្បាប់ទៅវិញជាដើម។ សង្គមស៊ីវិលថា បើលោកធ្វើបានបែបនេះតទៅមុខទៀត សំឡេងឆ្នោតដែលធ្លាក់សំឡេងដោយសារតែមន្ត្រីបែបនេះ អាចនឹងទទួលបានសំឡេងឆ្នោតឡើងវិញផងដែរ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!