បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ប្រសិនបើលោក ដូណាល់ ត្រាំប៍ បានធ្វើជាប្រធានាធិបតី
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ត្រាំប៍ បានលុបចោលការថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅសាកលវិទ្យាល័យ អ៊ីលលីណយ (Illinois) នាទីក្រុងឈីកាហ្គោ ដោយសារតែមានក្រុមប្រឆាំងមកប្រមូលផ្តុំគ្នាយ៉ាងច្រើននៅទីនោះ។ ការលុបចោលនេះធ្វើឲ្យលោក ត្រាំប៍ ទទួលបានសំឡេងគាំទ្របន្ថែមក្នុងជ្រុងដែលថា ទោះបីគាត់ជាមនុស្សត្រម៉ាំងត្រម៉ោកជ្រុលនិយមក្តី តែក៏នៅមានការព្រួយបារម្ភពីរឿងអំពើហិង្សា ។សំឡេង៖
សម័យមុន យើងចូលចិត្តសិក្សាការបោះឆ្នោតនៅសហរដ្ឋអាមេរិកពីសៀវភៅ ឬតាមទំព័រសារព័ត៌មាន មិនថាសម័យលោក ហ្វដ ខារទើរ៍ រ៉េហ្គេន ឬលោក ប៊ូស ឡើយ ប៉ុន្តែចាប់តាំងពីសម័យលោក គ្លីនតុន មកដល់សម័យលោក អូបាម៉ា យើងយល់ថា ការសិក្សាតែនៅលើសៀវភៅនិងតាមទំព័រសារព័ត៌មាន នៅចាញ់ការបានទស្សនានៅមុខកញ្ចក់ទូរទស្សន៍ដែលផ្សាយបន្តផ្ទាល់ និងបានស្តាប់ការវិភាគបកស្រាយ ព្រោះអ្នកដែលបានមើលទូរទស្សន៍តែងទទួលបានព័ត៌មានយ៉ាងច្រើន ។
ក្នុងអំឡុងពេលនេះ អ្វីដែលអ្នកនយោបាយញៀនដកខ្លួនមិនរួចនោះគឺ ការទស្សនាកម្មវិធីផ្សាយបន្តផ្ទាល់របស់លោក ដូណាល់ ហ្ចន ត្រាំប៍ ខ្ញុំផ្ទាល់ក៏បានតាមដានប៉ុស្តិ៍ Fox News ជាប់រហូត កាន់តែមានការប្រឆាំងតវ៉ា មនុស្សក៏កាន់តែផ្តល់ការចាប់អារម្មណ៍ចំពោះការប្រាស្រ័យឃោសនារកសំឡេងឆ្នោតរបស់លោក ត្រាំប៍ ច្រើនឡើង ពេលមានអ្នកលើកបដាតវ៉ាប្រឆាំង លោក ត្រាំប៍ ក៏ស្រែកឡើងថា “យកវាចេញទៅ !!!” អ្នកគាំទ្រលោក ត្រាំប៍ ក៏ស្រែកហ៊ោ សប្បាយជាងមើលប្រដាល់បូកជាមួយបាល់ទាត់ បូកនិងវាយថេននីសទៅទៀត ពិតជាសប្បាយជក់ចិត្តរំភើបអារម្មណ៍អស្ចារ្យមែន ។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ត្រាំប៍ បានលុបចោលការថ្លែងសុន្ទរកថាក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅសាកលវិទ្យាល័យ អ៊ីលលីណយ (Illinois) នាទីក្រុងឈីកាហ្គោ ដោយសារតែមានក្រុមប្រឆាំងមកប្រមូលផ្តុំគ្នាយ៉ាងច្រើននៅទីនោះ។ ការលុបចោលនេះធ្វើឲ្យលោក ត្រាំប៍ ទទួលបានសំឡេងគាំទ្របន្ថែមក្នុងជ្រុងដែលថា ទោះបីគាត់ជាមនុស្សត្រម៉ាំងត្រម៉ោកជ្រុលនិយមក្តី តែក៏នៅមានការព្រួយបារម្ភពីរឿងអំពើហិង្សា ។
ការដែលបាននៅជាមួយអ្នកនយោបាយអស់រយៈពេលជិត ៣០ ឆ្នាំ ជាពាណិជ្ជករ ជាអ្នកនិពន្ធ និងជាអ្នកដំណើរការកម្មវិធីទូរទស្សន៍ ជាម្ចាស់កម្មវិធីប្រកួតបវរកញ្ញាពិភពលោក ។ល។និង។ល។ ធ្វើឱ្យពលរដ្ឋអាមេរិកាំងស៊ាំជាមួយលោក ត្រាំប៍ ។ ការដែលបានឃើញលោក ត្រាំប៍ ក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ធ្វើឱ្យអ្នកខ្លះមានអារម្មណ៍ថា លោក ត្រាំប៍ ជាមិត្តជិតស្និទ្ធម្នាក់ក្នុងគ្រួសារ ។ ខ្ញុំបានមើលការសម្ភាសន៍ជនក្រីក្រដែលគាំទ្រគណបក្សប្រជាធិបតេយ្យ ប៉ុន្តែឥឡូវនេះបានលោតចូលទៅគាំទ្រលោក ត្រាំប៍ ដែលនៅខាងគណបក្សសាធារណរដ្ឋ ដោយសារតែពេញចិត្តចំពោះការនិយាយស្តីត្រង់ទៅត្រង់មក ឥតលាក់លៀម ។
តែក៏ផ្តើមមានស្ថានីយទូរទស្សន៍យកមនុស្សដែលភ័យខ្លាចលោក ត្រាំប៍ បានធ្វើជាប្រធានាធិបតីមកឡើងកម្មវិធី ពួកគេទាំងនោះភ័យខ្លាចថា លោក ត្រាំប៍ នឹងធ្វើឲ្យតំណែងប្រមុខនៃសហរដ្ឋអាមេរិកនិងប្រមុខនីតិប្រតិបត្តិនៃសហរដ្ឋអាមេរិក ក្លាយជាតំណែងតារាកំប្លែងលើពិភពលោក។
នៅប្រទេសអង់គ្លេសតំណែងទាំងពីរនេះដាច់ដោយឡែកពីគ្នា សម្តេចព្រះមហាក្សត្រិយានីទ្រង់កាន់តំណែងជាប្រមុខរដ្ឋ ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេសគឺជាប្រមុខនីតិប្រតិបត្តិ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកវិញ កាន់តំណែងទាំងពីរ គឺទាំងជា Chief of State ប្រមុខរដ្ឋផង និងជា Chief Executive ប្រមុខនីតិប្រតិបត្តិផង ។
ពាក្យពេចន៍និយាយស្តីរបស់លោក ត្រាំប៍ រីករាយ សប្បាយ រំភើប ទាក់ចិត្តពេលរកសំឡេងឆ្នោត តែពេលលោក ត្រាំប៍ នឹងថ្លែងសុន្ទរកថាក្នុងឋានៈជាប្រមុខរដ្ឋ ពួកគេសង្ស័យថា តើលោក ត្រាំប៍ នឹងនិយាយដូចម្តេច ???
ប្រធានាធិបតីសហរដ្ឋអាមេរិកនៅជាប្រមុខការទូត Chief Diplomat ជាអគ្គមេបញ្ជាការកំពូល Commander–in–Chief នៅមានតួនាទីក្នុងឋានៈប្រមុខនីតិបញ្ញត្តិ Chief Legislature។ ប្រធានាធិបតីជាអ្នកថ្លែងហេតុពាក់ព័ន្ធនឹងស្ថានភាពរបស់ប្រទេសដែលហៅថា State of the Union Address នៅចំពោះមុខអង្គប្រជុំនៃសភាខុនក្រេសក្នុងអំឡុងរៀងរាល់ដើមឆ្នាំ ដើម្បីស្នើគម្រោងទាំងឡាយ ដែលខាងនីតិប្រតិបត្តិស្នើទៅខាងនីតិបញ្ញត្តិ។ ប្រធានាធិបតីសហរដ្ឋអាមេរិកមានសិទ្ធិវេតូ ប្រសិនបើមិនយល់ស្របលើសេចក្តីព្រាងច្បាប់ដែលបានអនុម័តរួចហើយពីសភាខុនក្រេស ដោយការមិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ហើយបញ្ជូនត្រឡប់ទៅឲ្យសភាខុនក្រេសព្រមជាមួយហេតុផលនៃ ការជំទាស់នោះ។ ថាមភាពរបស់លោក ត្រាំប៍ ធ្វើឲ្យពួកគេខ្លាច កាលបើលោកត្រូវទៅបំពេញតួនាទីដ៏សំខាន់នេះ។
ពួកគេទាំងនោះនៅភ័យខ្លាចនិងមានការសង្ស័យទៀតថា បើលោក ត្រាំប៍ ទទួលបានការស្នើឈ្មោះ ដើម្បីទៅប្រកួតប្រជែងតំណែងប្រធានាធិបតីជាផ្លូវការនោះ តើលោក ត្រាំប៍ នឹងរៀបចំចាត់ចែងតំណែងទាំងឡាយ ឲ្យទៅអ្នកដែលស្មោះត្រង់ចំពោះគណបក្សយ៉ាងដូចម្តេច ហើយលោកនឹងអនុវត្តតាម Party Platform ឬផែនការអនុវត្តរបស់គណបក្សបានល្អកម្រិតណា ??? ឬមួយក៏លោកពូកែតែនៅក្នុងពេលប្រាស្រ័យរកសំឡេងឆ្នោតឲ្យអ្នកស្តាប់ជក់ចិត្តដិតអារម្មណ៍តែម៉្យាង ឬយ៉ាងណា ???
ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រប់រូប ចាប់តាំងពីលោក ហ្ចច វ៉ាស៊ីនតោន រហូតដល់លោក បារ៉ាក់ អូបាម៉ា ត្រូវបានអ្នកចិត្តសាស្ត្របែងចែកជា ៤ ប្រភេទគឺ ប្រភេទ Active-Positive, Active-Negative, Passive-Positive និង Passive-Negative តើប្រធានាធិបតីណាស្ថិតក្នុងប្រភេទណា ថ្ងៃក្រោយយើងនឹងអធិប្បាយជូនលោកអ្នកស្តាប់បានជ្រាបជាបន្តទៀត ថ្ងៃនេះសូមអភ័យទោសដោយសារតែពេលវេលាយើងខ្លី
ប៉ុន្តែរឿងដែលប្រាកដនោះគឺ ពួកចិត្តវិទូផ្តើមមានការវង្វេងវង្វាន់ ព្រោះប្រសិនបើលោក ត្រាំប៍ បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមែននោះ លោកនឹងមិនចាត់ចូលទៅក្នុងប្រភេទទាំង៤ ដូចបានពោលរួចមកហើយនេះទេ អ្នកចិត្តសាស្ត្រអាចនឹងត្រូវចាត់ជំពូកប្រធានាធិបតីប្រភេទទី៥ ដែលអាចជាប្រភេទប្រធានាធិបតីមិនគ្រប់ទឹកក៏ថាបាន។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!