អ្នកជំនាញរិះគន់ ក្រុមហ៊ុនសាងសង់ផ្លូវ និងរៀបប្រព័ន្ធលូ នៅផ្លូវ៣៧១ មិនមានបច្ចេកទេសត្រឹមត្រូវ
ប្រធានសុវត្ថិភាពចរាចរណ៍ផ្លូវគោក រិះគន់ លើចំណាត់ការសាងសង់ផ្លូវ និងការរៀបចំប្រព័ន្ធលូ មិនយកចិត្តទុកដាក់ និងសុវត្ថិភាពអ្នកដំណើរ និងរំខានដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវសឡា ។ លោក អៀរ ចរិយា ក៏ជម្រុញអោយសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ ចូលរួមត្រួតពិនិត្យើបទដ្ឋានបច្ចេកទេស និងពន្លឿនការសាងសង់នេះ អោយបានរួចរាល់ ដើម្បីការពារកុំអោយមាន ការលិចលង់ និងការពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ព័ត៌មានពិស្តារ៖
ប្រធានកម្មវិធី សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកអៀរ ចរិយា យល់ថា មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល គួរតែមានចំណែកនៅក្នុងការត្រួតពិនិត្យមើល ចំណាត់ការសាងសង់ផ្លូវ ការរៀបចំលូ របស់ក្រុមហ៊ុនឯកជន និងតាមដានប្រព័ន្ធបច្ចេកទេសអោយបានត្រឹមត្រូវ ជៀសវាងការបង្កលក្ខណៈលំបាកណាមួយដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋ។
លោកយល់ថា ប្រជាពលរដ្ឋគួរតែផ្តល់ដំណឹងដល់រដ្ឋាភិបាល ជុំវិញការស្ថាបនាយឺតយ៉ាវ ឬបង្កបញ្ហាដល់សុវត្ថិភាព របស់ពួកគេទៅរដ្ឋាភិបាលអោយបានដឹងទាន់ពេល ងាយស្រួលក្នុងការចាត់វិធានការបន្តទៅកាន់ក្រុមហ៊ុនឯកជនដែលទទួលបានការសាងសង់ និងពន្លឿនការសាងសង់របស់ពួកគេ មិនមែនធ្វើផ្លូវអោយតែរួចពីដៃ និងខ្ជះខ្ជាយពេលវេលានោះទេ។
ថ្មីនេះ ក្រុមហ៊ុន ដែលទទួលបានការម៉ៅការដាក់ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវសឡា ឬផ្លូវ ៣៧១នេះ ហាក់មិនបានយកចិត្តទុកដាក់លើសុវត្ថិភាព និងសាងសង់នោះទេ ដោយបណ្តោយអោយមានការបាក់ស្រុតដី និងថ្នល់ចុះក្រោម ដោយពុំមានបច្ចេកទេសត្រឹមត្រូវ ហើយត្រូវបានសាលារាជធានីភ្នំពេញបានបញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្រ លើផ្លូវដែលមានការបាក់ស្រុតនោះ ។
សាលារាជធានីភ្នំពេញថា មូលហេតុនៃការបាក់ស្រុតដីចុះទៅក្រោមនេះ ដោយសារតែការ មិនយកចិត្តទុកដាក់ពីក្រុមហ៊ុនម៉ៅការសាងសង់ មិនបានលប់ដី ឬដាក់សៀផាយទប់ នៅពេលជីករណ្តៅដាក់លូ។ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជូក្រុមការងារ ទៅត្រួតពិនិត្យមើលករណីនេះហើយ ចំណែកឯក្រុមហ៊ុនម៉ៅការនោះ គឺមិនទាន់ផុតកំណត់ម៉ៅការនោះទេ ។
សង្គមស៊ីវិល ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ៣៧១ ឬផ្លូវសឡានេះ បានរិះគន់ចំណាត់ការលើការសាងសង់ផ្លូវ និងការដាក់លូនេះ ថាបន្តអូសបន្លាយអោយមានរយៈពេលយូរ ដែលបង្កការរំខានដល់ការរកស៊ី ប៉ះពាល់ដល់សុខភាព ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះរបស់ពួកគេ យ៉ាងណាពួកគេក៏ជម្រុញអោយសាលារាជធានីភ្នំពេញ ពន្លឿនការសាងសង់អោយបានឆាប់រហ័ស មុនរដូវវស្សាខាងមុខ និងមិនពន្យាពេលទៀតនោះទេ។
កន្លងខាង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានលើកឡើងថា ការបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូភ្លោះទំហំ១,៥ម៉ែត្រ ប្រវែង ៥៧៥ម៉ែត្រ នៅផ្លូវ៣៧១ ចាប់ពីផ្លូវលេខ ២០០៤ ដល់ប្រឡាយស្ទឹងមានជ័យក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឆ្លងកាត់ ខណ្ឌជាច្រើនជាប្រព័ន្ធយុទ្ធសាស្រ្តការពារជំនន់ទឹកភ្លៀងនៅរដូវវស្សាធានាអាចជួយដោះស្រាយបាននៅឆ្នាំក្រោយ ។ តែរហូតមកទល់និងពេលនេះ ក្រុមហ៊ុនម៉ៅការសាងសង់នេះ មិនទាន់អាចសម្រេចតាមគោលដៅ ដែលក្រសួងបានដាក់អោយនោះទេ ព្រមទាំងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនោះថែមទៀតផង។
គួរបញ្ជាក់ផងដែរ ថាក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងរៀបចំប្រព័ន្ធលូ តាមកំណាត់ផ្លូវ ៣៧១ ឬផ្លូវសឡានេះ គឺក្រុមហ៊ុន ណឹម ម៉េង ហើយការសាងសង់ និងការរៀបចំប្រព័ន្ធលូ ហើយក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាជាក្រុមហ៊ុន ធ្វើផ្លូវមិនចេះចប់មិនចេះហើយផងដែរ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!