ក្រសួងសាធារណៈការ សន្យាដោះស្រាយបញ្ហារបស់ពលរដ្ឋ នៅតាមផ្លូវរថភ្លើង
ក្រសួងសាធារណៈការ និងដឹកជញ្ជូន សន្យាថានិង ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងផ្លូវរថភ្លើង និង ផ្លូវល្បឿនលឿន។ ប៉ុន្តែប្រជាពលរដ្ឋថា ការសន្យារបស់ក្រសួងនេះ មិនទាន់ជឿជាក់ទាំងស្រុងនោះទេ។
ព័ត៌មានពិស្តារ៖
តំណាងសហគមន៍៨ រូប ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវបានអនុញ្ញាតអោយចូលជួបពិភាក្សា ជាមួយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលក្នុងនោះមានតំណាងក្រសួងសេដ្ឋកិច្ច តំណាងសាលាក្រុងភ្នំពេញ តំណាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី២១មីនា ដើម្បីពិភាក្សាពីការរៀបចំបើកវេទិការសាធារណៈ ដោះស្រាយបញ្ហាអភិវឌ្ឍផ្លូវដែក និងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន និងពិភាក្សាពីការបញ្ចូលគណៈកម្មាការសហគមន៍រៀបចំវេទិការសាធារណៈ ហើយនឹង ការបញ្ចូលគណៈកម្មាការសហគមន៍រៀបចំ យន្តការដោះស្រាយប្រជាជនដែលប៉ះពាល់ដោយសារគម្រោងផ្លូវដែកនេះ។
កិច្ចប្រជុំបិទទ្វានេះ ប្រព្រឹត្តទៅ ខណៈពេលប្រជាពលរដ្ឋប្រមាណ១០០នាក់ នៅខាងមុខក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដោយនាំគ្នាលើក បដាស្រែកទាមទារ អោយក្រសួងរៀបចំវាទិការសាធារណៈ។
ក្រោយពីកិច្ចពិភាក្សាបិទទ្វារ នោះបានបញ្ចប់ តំណាងសហគមន៍ ភូមិ២៣ អ្នកស្រី នី សន្ដោស បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីខាងក្រសួង បានសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋ មិនអោយដូចសហគមន៍ បុរីកីឡា និង សហគមន៍បឹងកក់នោះទេ ។ អ្នកស្រីបន្តថា ក្រសួងសុំពេលពីប្រជាពលរដ្ឋ ដើម្បីរៀបចំដាក់សំណើរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ តែអ្នកស្រីថា មិនទាន់ជឿរជាក់ទៅលើក្រសួងមួយរយ ភាគរយនោះទេ ពីព្រោះ កន្លងមកក្រសួងក៏ធ្លាប់បានសន្យាដូចគ្នានេះជាច្រើនដងដែរ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការណាមួយច្បាស់លាស់នៅឡើយនោះទេ ។ អ្នកស្រីព្រមានថា បើមិនមានដំណោះស្រាយណាសមស្របនោះទេ ពួកគាត់នឹងធ្វើការតវ៉ាបន្តទៀត។
លោក នូរ សារិន តំណាងសហគមន៍ ភូមិ១៧ បានលើកឡើងថា នាពេលកន្លងមកនេះ ប្រធាភូមិ ដូចជាមិនសូវអើពើចំពោះប្រជាពលរដ្ឋនោះទេ ក្នុងរឿងវាស់វែងផ្លូវស្ថាបនាផ្លូវដែកនេះ ។ បើតាមការបញ្ជាក់ពីតំណាងសហគមន៍រូបនេះ ក្រសួងបានបញ្ជារ អោយប្រធានភូមិ និង អ្នកពាក់ព័ន្ធទាំងអស់ សហការជាមួយប្រជាពលរដ្ឋអោយជិតស្និទ ជៀសវាងការប៉ះពាល់ដល់ភាគីណាមួយ៕
ដោយញ៉ែម សំណាង អ៊ីម៉ែល Somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!