បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ មេដឹកនាំគីម អះអាងពីជោគជ័យនៃការសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរពង្រួមខ្នាត ភ្ជាប់ប្រព័ន្ធ "Re-entry" នាំមីស៊ីលទំលុះស្រទាប់បរិយាកាសត្រឡប់មកកាន់ផែនដីវិញ
សំឡេង៖
ចាត់ទុកជារឿងថ្មីមួយទៀតដែលរដ្ឋកុម្មុយនិស្តឯកោកូរ៉េខាងជើង បានបំភិតបំភ័យសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅជិតខាង កាលបើលោក គីម ជុងអ៊ុន បានប្រកាសពីជោគជ័យនៃវិវឌ្ឍនាការសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរពង្រួមខ្នាត (miniaturized nuclear warhead) និងអះអាងថាអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងអាចស្រាវជ្រាវរកឃើញប្រព័ន្ធ re-entry នាំមីស៊ីលអន្តរទ្វីបត្រឡប់ចូលមកកាន់ស្រទាប់បរិយាកាសផែនដីវិញបាន ដែលការគ្រប់គ្រងបច្ចេកវិទ្យានេះ មានន័យថាអាចគ្រប់គ្រងមីស៊ីលឲ្យហោះឆ្ពោះទៅបំផ្លាញគោលដៅរំលងទ្វីបបានយ៉ាងជាក់លាក់ និងចាត់ទុកជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទាំងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។
សប្តាហ៍នេះទីភ្នាក់ងារព័ត៌មាន KCNA បានផ្សព្វផ្សាយរូបភាពមេដឹកនាំ គីម ជុងអ៊ុន ធ្វើដំណើរទៅទស្សនាការធ្វើតេស្តប្រព័ន្ធ re-entry ដែលជាបច្ចេកវិទ្យាកំរិតខ្ពស់ដ៏ចាំបាច់សំរាប់មីស៊ីល រយៈចម្ងាយឆ្ងាយ អាចនាំក្បាលគ្រាប់ទៅវាយប្រហារដល់ដែនដីសហរដ្ឋអាមេរិក។
KCNA បានអះអាងថា លោក គីម បានបញ្ជាឱ្យកងទ័ព "ធ្វើការសាកល្បងបំផ្ទុះក្បាលគ្រាប់និងមីស៊ីលជាច្រើនប្រភេទ ... ក្នុងពេលឆាប់ៗនេះ " ដើម្បីអភិវឌ្ឍប្រព័ន្ធបង្ការបង្ក្រាបអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យមានសក្តានុពលល្អប្រសើរជាងសព្វថ្ងៃ ហើយបន្ទាប់ពីវិធានការដាក់ទណ្ឌកម្មជាថ្មីរបស់សហគមន៍អន្តរជាតិចូលជាធរមានម្តងទៀតកាលពីអំឡុងដើមខែមីនាមកនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្គើនជាច្រើនគ្រាប់ទម្លាក់ទៅក្នុងសមុទ្រភាគខាងកើតជាការគំរាមកំហែង។
សម្រាប់ការចម្លងប្រព័ន្ធនាំផ្លូវមីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងទ្វីបត្រឡប់មកកាន់ស្រទាប់បរិយាកាសផែនដីវិញ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបភាព២សន្លឹក ដោយរូបភាពទី១ បានបង្ហាញឲ្យឃើញពីវត្ថុមានរាងដូចសាជីដាក់នៅក្រោមអ្វីដែលមើលទៅដូចជាគ្រឿងយន្តមីស៊ីល ហើយវត្ថុទាំងពីរនោះកំពុងផ្ទុះមានអណ្តាតភ្លើងជះចេញទៅជុំវិញ ចំណែករូបភាពមួយទៀត ជារូបភាពខណៈដែលមេដឹកនាំ គីម កំពុងសម្លឹងមើលវត្ថុដែល KCNA អះអាងថាជា "ក្បាលគ្រាប់" ។
កូរ៉េខាងជើងអួតអាងថា ការសាកល្បងនាលើកនេះបានទទួលជោគជ័យគួរជាទីពេញចិត្ត ដោយក្បាលគ្រាប់នុយក្លេអ៊ែរដែលកូរ៉េខាងជើងផលិតខ្លួនឯងនោះ ប្រើវត្ថុអាចទប់ទល់នឹងកំដៅកើតឡើងពីការកកិតបានច្រើនជាងការធ្វើដំណើររបស់មីស៊ីលឆ្លងទ្វីបដល់ទៅ៥ដង។
អាកប្បកិរិយាញុះញង់របស់កូរ៉េខាងជើងមានឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តើមប្រើវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៀតកាលពីថ្ងៃទី៨ ខែមីនា ដែលមានការរារាំងប្រតិបត្តិការហិរញ្ញវត្ថុ និងឃាត់ឃាំងការលបលួចដឹកជញ្ជូនទំនិញខុសច្បាប់ចូលនិងចេញពីរដ្ឋកុម្មុយនិស្តនេះ ដោយទីក្រុងប៉េកាំងដែលចាត់ទុកជាមហាមិត្តតែមួយរបស់កូរ៉េខាងជើងក៏គាំទ្រឲ្យប្រើវិធានការនេះយ៉ាងប្រាកដប្រជា ដើម្បីសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្ត ដូចករណីប្រទេស អ៊ីរ៉ង់។
ទោសទណ្ឌទាំងនេះមានវត្ថុបំណងដើម្បីឲ្យមេដឹកនាំកូរ៉េខាងជើងទទួលរងនូវទុក្ខលំបាកក្តៅក្រហល់ក្រហាយដោយសារការសាកល្បងនុយក្លេអ៊ែរលើកទី៤ កាលពីថ្ងៃទី៦ ខែមករា រួមទាំងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលប្រទេសកូរ៉េខាងជើងអះអាងថា ជាការបញ្ជូនផ្កាយរណបស្រាវជ្រាវចូលទៅកាន់គន្លងគោចរ។
រដ្ឋាភិបាលកូរ៉េខាងជើងនៅបានគំរាមជារៀងរាល់ថ្ងៃ ក្នុងអំឡុង ២-៣ សប្តាហ៍កន្លងមកនេះថា នឹងនាំយកនូវ "អាវុធនុយក្លេអ៊ែរ" ចេញមកតបតការធ្វើសមយុទ្ធរួម "ឃី រីសូហ្វ" និង "ហ្វូល អ៊ីហ្គើល" ដ៏ធំបំផុតរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងវ៉ាស៊ីនតោន ដែលកូរ៉េខាងជើងជឿថា ជាផែនការ "សមយុទ្ធឈ្លានពាន" ។
អ្នកជំនាញភាគច្រើនយល់ស្របគ្នាថា កូរ៉េខាងជើងមានឃ្លាំងអាវុធនុយក្លេអ៊ែរមិនច្រើនទេ តែរឿងដែលទីក្រុងព្យុងយ៉ាងអាចពង្រួមខ្នាតនៃក្បាលគ្រាប់ទៅដាក់ភ្ជាប់នឹងចុងមីស៊ីល ដើម្បីបញ្ជូនទៅវាយប្រហារគោលដៅដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្របាននោះ ស្ថិតក្នុងការជជែកវែកញែកគ្នានៅឡើយ។
អ្នកវិទ្យាសាស្ដ្របាននាំគ្នាសំដែងនូវក្តីមន្ទិលសង្ស័យ អំពីប្រព័ន្ធបញ្ជូនអាវុធរបស់កូរ៉េខាងជើង ដោយភាគច្រើនជឿថា ទីក្រុងព្យុងយ៉ាងនៅត្រូវចំណាយពេលវេលាច្រើនឆ្នាំទៀត ទម្រាំនឹងឈានដល់ការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងទ្វីប (inter-continental ballistic missile - ICBM) ដែលអាច Log គោលដៅវាយប្រហារនៅដែនដីសហរដ្ឋអាមេរិកបាន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងថា តាមការវិភាគខាងយោធាជឿថា ទីក្រុងព្យុង យ៉ាង នៅមិនទាន់អាចស្រាវជ្រាវរកឃើញប្រព័ន្ធ re-entry ដូចការអួតអាងនោះទេ ចំណែកលោកស្រីប្រធានាធិបតី ប៉ាក គិនហេ (Park Geun – Hye) ក៏បានលើកឡើងថា ការប្រើវាចាគំរាមកំហែងមិនចប់មិនហើយរបស់កូរ៉េខាងជើងកំពុងឆ្លុះបញ្ចាំងឲ្យឃើញ "ស្ថានការណ៍ដល់ថ្នាក់មានវិបត្តិ" នៅក្នុងទីក្រុងព្យុងយ៉ាង ជាលទ្ធផលចេញពីការដែលត្រូវសហគមន៍អន្តរជាតិដាក់ឲ្យនៅឯកោ និងដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច។
"ប្រសិនបើកូរ៉េខាងជើងនៅតែប្រើវិធីញុះញង់ ប្រឆាំងនឹងការទាមទាររបស់សហគមន៍អន្តរជាតិ និងមិនពន្លឿនការអនុវត្តកំណែទម្រង់ផ្លាស់ប្តូរ ពួកគេក៏កំពុងដើរទៅតាមផ្លូវនៃការបំផ្លិចបំផ្លាញខ្លួនឯង " លោកស្រី ប៉ាក បានថ្លែងដូច្នេះ។
កូរ៉េខាងជើងនៅមិនទាន់ដែលបានសាកល្បងមីស៊ីល ICBM នោះទេ តែធ្លាប់យកមីស៊ីលប្រភេទ KN-08 ចេញមកបង្អួតក្នុងពិធីព្យុះហយាត្រារបស់កងទ័ពដែលធ្វើឡើងនៅលានចតុកោណកណ្តាលទីក្រុងព្យុង។
ចាង យុងស៊ុក អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថានដើម្បីការសិក្សាសន្តិភាពនិងបង្រួបបង្រួមនៃសាកលវិទ្យាល័យជាតិទីក្រុងសេអ៊ូល បានអះអាងថា មានលទ្ធភាពខ្ពស់ណាស់ដែលកូរ៉េខាងជើងនឹងធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានភ្ជាប់ប្រព័ន្ធ re-entry នាំត្រឡប់មកកាន់ស្រទាប់បរិយាកាសផែនដីវិញក្នុងពេលឆាប់ៗនេះ។
"កូរ៉េខាងជើងចង់ឲ្យពិភពលោកដឹងថា ការដាក់ទណ្ឌកម្មណាមួយ គ្មានផ្លូវអាចបញ្ឈប់ពួកគេបានទេ ហើយប្រព័ន្ធបង្ការបង្ក្រាបរបស់កូរ៉េខាងជើងមានប្រសិទ្ធិភាពគួរឲ្យទុកចិត្តបាន "
សហរដ្ឋអាមេរិកធ្លាប់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ពិតដែលហៅថា ការសាកល្បង ហ្វ្រីហ្គេត ប៊ើដ ក្នុងឆ្នាំ ១៩៦២ ចំណែកចិនក៏ធ្លាប់ធ្វើការសាកល្បងបាញ់មីស៊ីលចម្ងាយមធ្យមបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១២ គីឡូតោន នៅក្នុងឆ្នាំ ១៩៦៦ ចាត់ទុកជាលើកដំបូងនិងតែម្តងគត់នៅលើពិភពលោកដែលមីស៊ីលនុយក្លេអ៊ែរត្រូវបានបាញ់សាកល្បងពីលើតំបន់ទីប្រជុំជន។
ស្ថានការណ៍ដែលកើតឡើង ធ្វើឲ្យទូទាំងពិភពលោកតាមដានសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ជារៀងរាល់ថ្ងៃ ដូចដែល មេលីហ្សា ហេនហេម អ្នកឯកទេសគម្រោងអាវុធមហាប្រល័យរបស់ កូរ៉េខាងជើងមកពីសាកលវិទ្យាល័យ មីដដើល ប៊ើរី ដើម្បីការសិក្សាអន្ដរជាតិ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានព្រមានថា ទីក្រុងព្យុងយ៉ាងអាចក្រោកឡើងមកសាកល្បងមីស៊ីលអន្តរទ្វីបក្នុងថ្ងៃណាមួយមិនខាន ដើម្បីឲ្យអន្តរជាតិអស់ការសង្ស័យទៅលើសក្តានុពលរបស់ពួកគេ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ ប្រសិនបើដល់ពេលនោះប្រទេសនៅជិតខាងកូរ៉េខាងជើង តើអាចបែងចែកបានឬទេថា នោះជាការសាកល្បង ឬមួយជាការវាយប្រហារពិតប្រាកដ ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!