លោក ប៉ែន ប៊ុណ្ណារ៍៖ ដីសហគមន៍ ស្រុកតំបែរ ៥៥០០ហិកតា ដែលបានរុករានដោយ មន្រ្តីមានអំណាច មិនមានអ្នកអើពើ
មន្រ្តីជាន់ខ្ពស់សមាគមន៍អាដហុក និងប្រជាពលរដ្ឋ ជម្រុញអោយតុលាការចាត់វិធានការ មន្រ្តីមានអំណាច និងអ្នកដែលកាប់រុករានដីព្រៃឈើសហគមន៍ ប្រមាណ ៥៥០០ ហិកតានៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលពួកគេបានយកដីព្រៃសាធារណៈយកជាសម្បត្តិផ្ទាល់ខ្លួន។ តែអភិបាលស្រុកតំបែរ ថាដីសហគមន៍ព្រៃឈើនេះ ត្រូវបានបញ្ចប់តាមបទបញ្ជារ ០០១ របស់រដ្ឋាភិបាល ដោយមានការចុះបញ្ជីកម្មសិទ្ធិត្រឹមត្រូវ មិនអាចដោះស្រាយបាននោះទេ។
ព័ត៌មានពិស្តារ៖
នៅព្រឹកនេះ លោក នាថ រ៉ាវុធ អភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ បកស្រាយចំពោះការតវ៉ាប្តឹងរបស់ពលរដ្ឋ និងអង្គការសិទ្ធិមនុស្ស អាដហុកពាក់ពន្ធ និងអ្នកមានអំណាចរំលោភកាប់រានព្រៃសហគមន៍ ជាង ៥៥០០ ហិកតានៅស្រុកតំបែរខុសច្បាប់នោះ លោកថា តាមពិតដីសហគមន៍នោះ ត្រូវបានបង្កើតឡើង តែមិនបានចុះបញ្ជីរជាផ្លូវការនោះទេ ហើយមកទល់នឹងពេលនេះ ដីសហគមន៍នេះ ត្រូវបានបញ្ចប់ស្របតាមបទបញ្ជា ០០១ របស់រដ្ឋាភិបាល។
លោកថា រឿងកាប់ឆ្ការដីព្រៃ យកជាសម្បត្តិផ្ទាល់ខ្លួននេះ លោកទទួលស្គាល់ពិតជាមានមួយចំនួនមែន ដោយមានប្រជាពលរដ្ឋរស់នៅតំបន់នោះ មកកាប់ឆ្ការលក់ទៅអោយឈ្មួញ ហើយលោកថា ការតវ៉ាប្តឹងនេះ គឺមិនអាចដោះស្រាយបាននោះទេ ដោយសារតែដីទាំងអស់នេះត្រូវបានចុះជាប័ណ្ណកម្មសិទ្ធិរួចរាល់អស់ផងដែរ នៅពេលដែលក្រុមនិស្សិតចុះទៅវាស់វែង ហើយមិនមានការតវ៉ាពីប្រជាពលរដ្ឋនោះទេ។
ទាក់ទិនទៅនឹងរឿងនេះដែរ មន្រ្តីសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា ប្រជាពលរដ្ឋ និងសហគមន៍បានដាក់ពាក្យបណ្តឹងជាច្រើនលើកច្រើនសារមកហើយថាមានមន្រ្តីមានអំណាច និងឧកញ៉ាកាប់ឆ្ការព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនមានការអន្តរាគមន៍ពីមន្រ្តីខេត្ត និងមន្ត្រីពាក់ព័ន្ធនោះទេ តែរហូតមកទល់ពេលនេះ តុលាការបានកោះហៅមេធាវីលោក និងរូបលោកចូលស្តាប់ការសាកសួរចម្លើយពីកូនក្តី រឿងដំណើររឿងកាប់ឆ្ការព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃសហគមន៍នេះ។
យ៉ាងណាលោកសង្ឃឹមថា តុលាការ និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ និងចាត់ការចំពោះមុខច្បាប់លើ អ្នកដែលប្រព្រឹត្តអំពើល្មើសច្បាប់ និងកាប់ព្រៃឈើ បំផ្លាញបរិស្ថាន រុករានដីរដ្ឋទាំងនេះ។
ក្រឡាបញ្ជីចៅក្រមសាលាតំបូងខេត្តកំពង់ចាម លោក វីរៈ នាថ បានអោយដឹងថា តុលាការមិនទាន់អាចសម្រេចថាបែបណានោះទេ រង់ចាំការស៊ើបសួរពីអង្គចៅក្រម ដែលហៅកូនក្តី និងដើមបណ្តឹងដែលមានលោក ប៉ែន បុណ្ណារ៍ នៅថ្ងៃទី ៣០ ខែមីនាខាងមុខនេះ។
គួររំលឹកដែរថា ដីព្រៃឈើសហគមន៍ទំហំជាង ៥៥០០ហិកតា ដែលត្រូវបានប្រជាពលរដ្ឋប្តឹងមន្រ្តីមានអំណាចយកជាកម្មសិទ្ធិខុសច្បាប់នោះ ស្ថិតនៅក្នុងព្រៃឈើសហគមន៍ ឃុំត្រពាំងព្រីង ឃុំសេដា ឃុំគោកស្រុក និងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រជាពលរដ្ឋ និងសហគមន៍ក៏ដូចជាសមាគមន៍សិទ្ធិមនុស្សអាដហុក បញ្ជាក់ថាត្រូវបានទទួលស្គាល់ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធមួយចំនួនផងដែរ។
ហើយ លោកប៉ែន ប៊ុណ្ណារ៍ ជាដើមបណ្តឹងម្នាក់ ក្នុងចំណោមដើមបណ្តឹងចំនួន ២៤ រូបផ្សេងទៀត ដែលនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ បានប្តឹង លោក ឆាយ ជ្រាយ លោកឃុត ភ័ណ លោក ជីវិន អធិការរងនគរបាលស្រុកតំបែរ លោក លី ភាព មេបញ្ជាការសឹករង ស្រុកតំបែរ និងមនុស្សមួយចំនួនទៀត ដែលរួមគ្នាកាប់រុករានព្រៃសាធារណៈ និងធ្វើអោយបាត់បង់តំបន់ព្រៃឈើ សរុបប្រមាណ ៥៥០០ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
សម្រាប់ភាគីចុងបណ្តឹង ចោទនៅក្នុងការកាប់រុករានដីព្រៃរដ្ឋធ្វើជាសម្បត្តិផ្ទាល់ខ្លួននេះ វិទ្យុសំឡេងយុវជន មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយនោះទេ។
គួរបញ្ជាក់ថា សហគមន៍ព្រៃឈើ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានន័យថា ដីសហគមន៍នេះ មិនអាចលក់ ឬ ផ្តល់អាជ្ញាប័ណ្ណជាដីសម្បទានសេដ្ឋកិច្ច បានជាដាច់ខាត ហើយរដ្ឋបាលព្រៃឈើ មានសិទ្ធិកំណត់ព្រំប្រទល់សហគមន៍ព្រៃឈើ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!