ក្រសួងបរិស្ថាន៖ បំពាក់បន្ទះសូឡា នៅតាមសាលារៀន ជួយសន្សំសំចៃ ភ្លើង និងថវិការរដ្ឋបានមួយកម្រិត
ក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំ យុវជន និង កីឡា និង ដៃគូពាក់ព័ន្ធទាំងអស់ គ្រោង និងដាក់ បន្ទះសូឡា ដើរដោយពន្លឺព្រះអាទិត្យ នៅតាម សាលារៀន ដើម្បីសន្សំសំចៃភ្លើង និង ចូលរួមថែរក្សាបរិស្ថានផងដែរ។
ព័ត៌មានពិស្តារ៖
សិក្ខាសាលាថ្នាក់ជាតិស្ដីពី គោលការណ៍ណែនាំ សាលាមេត្រីបរិស្ថាន នៅកម្ពុជា នៅព្រឹកថ្ងៃទី ២៤ មីនា នេះ មានការចូលរួមពី រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ លោក អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និង លោកគ្រូអ្នកគ្រូមកពីគ្រប់បណ្ដារខេត្តក្រុង ព្រមទាំង ដៃគូពាក់ព័ន្ធទាំងអស់ប្រមាណ ១៥០ នាក់។
សិក្ខាសាលាមេត្រីភាពបរិស្ថាននេះ មានបំណងជម្រុញអោយលោកគ្រូអ្នកគ្រូ បញ្ជ្រៀបផ្នត់គំនិតសិស្សានុសស្ស ថែរក្សាបរិស្ថាន ដើម្បីរួមគ្នាសន្សំសំចៃថាមពលទឹក គ្រប់គ្រងសំណល់ អនាម័យ សុខភាព កាសិក្សា កាផ្សព្វផ្សាយ និងការយល់ដឹងពីបរិស្ថាន។ ក្រសួងបរិស្ថាន គ្រោងនឹង ដាក់បន្ទះសូឡា ដើរដោយពន្លឺព្រះអាទិត្យនៅតាមសាលារៀន នៅក្នុងឆ្នាំ២០១៧ ដើម្បីកាត់បន្ថយនៃការប្រើប្រាស់ភ្លើងរដ្ឋ និងធ្វើការរួមគ្នាថែរក្សាបរិស្ថានទាំងអស់គ្នា។
លោក ភាវ សុវុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ការបង្កើតសាលាមេត្រីភាពបរិស្ថាននេះ ផ្តោតសំខាន់លើ គ្រឹះស្ថានអប់រំ គ្រប់កម្រិត បានការយល់ដឹងពីបរិស្ថាន និង ដើម្បី បណ្តុះទម្លាប់ការស្រឡាញ់បរិស្ថាន ការថែរក្សាបរិស្ថាន និង ស្វែងយល់ពីអត្ថប្រយោជន៍ពីបរិស្ថាន អោយបានទូលំទូលាយ។
លោកអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងខ្លឹមសារ សាលាមេត្រីភាពនេះ ក្រសួងអប់រំ ជម្រុញអោយសាលារៀនទាំងអស់បង្កើនការយល់ដឹងពីបរិស្ថាន និងជម្រុញអោយលោកគ្រូ អ្នកគ្រូ បណ្ដុះផ្នត់គំនិតសិស្សានុសិស្ស យល់ដឹងពីបរិស្ថាន ចាប់ពីតូចៗឡើងទៅ ។
ចំណែកឯ លោកសុខ សាយសុខុន នាយកវិទ្យាល័យ ហ៊ុនសែន ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានលើឡើងថា លោករីករាយចំពោះគម្រោងគោលការណ៍ណែនាំសាលាមេត្រីភាពបរិស្ថាននេះ ព្រោះថា កម្មវិធីនេះមានសារៈសំខាន់ណាស់ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត របស់សិស្សានុសិស្ស ព្រមទាំងអាចសិក្សាស្វែងយល់ពីបរិស្ថាន និងចេះសន្សំសំចៃថវិការផងដែរ។ លោកគ្រូថា បើសិនជាគម្រោងសាលាមេត្រីភាពបរិស្ថាននេះ អនុវត្តបានជោគជ័យនោះ គឺជាមុខមាត់មួយសម្រាប់ប្រទេសជាតិ ដើម្បីអោយអន្តរជាតិបានដឹងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅ ធ្វើសុពលកម្មគោលការណ៍ ណែនាំសាលាមេត្រីបរិស្ថានកម្ពុជា តាមរយៈការប្រមូលផ្តុំធាតុចូល ដែលផ្ដល់ដោយភាគីពាក់ព័ន្ធសំខាន់ៗ និង ដើម្បីប្រកាសឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំនេះតាមរយៈសិក្ខាលាសាផ្សព្វផ្សាយមួយចំនួនទៀតផងដែរ៕
ដោយញ៉ែម សំណាង អ៊ីម៉េល Somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!