គណបក្សប្រជាជនកម្ពុជា ចំអកដាក់ អតីតប្រធានគណបក្សសម រង្សី ដែលហ៊ាន អះអាងថា គណបក្សសង្គ្រោះជាតិ នឹងបាន៩០កៅអីនៅពេលបោះឆ្នោតខាងមុខ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់លោកគង់ គាំ អតីតប្រធានគណបក្សសម រង្សី ថា ជាការបំប៉ោងខ្លួនដូចហ៊ីង គ្មានការពិត ហើយក៏មិនអាចទៅរួចនោះដែរ ដែលរូបលោកហ៊ានអះអាងថា រកបាន ៩០ កៅអី លើការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជាតិ អណត្តិទី ៦នោះ ។ តែលោកគង់ គាំ ហានអះអាងបែបនេះ ដោយសារតែលោកសង្កេតឃើញទំហំទឹកចិត្ត ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ។
ព័ត៌មានពិស្តារ៖
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត ប្រតិកម្មចំពោះការលើកឡើងរបស់អតីតប្រធានគណបក្សសមរង្ស៊ី លោក គង់ គាំ ដែលថា និងទទួលបាន ៩០អាសនៈនោះ គឺជាការកុហកបោកប្រាស់ សកម្មជនរបស់ខ្លួនតែប៉ុណ្ណោះ។ លោកសុខ ឥសាន្ត ថា ការនិយាយបែបនេះ គឺការនិយាយច្រំដែល ដូចកាលឆ្នាំ២០១៣។
អ្នកនាំពាក្យរូបនេះ ថា វាមិនអាចទៅរួចទេ ដែលឥឡូវនេះ គណបក្សសង្គ្រោះជាតិ អាចរំកិលខ្លួនទៅរក៩០ កៅអីនោះ លោកថា តាមទិដ្ឋភាពជាក់ស្តែងនេះ គណបក្សសង្គ្រោះជាតិ កំពុងតែជួបវិបត្តិអ្នកគាំទ្ររបស់ខ្លួន អស់ជំនឿចិត្ត លើអ្នកដឹកនាំដែលប្រើសំដីជាងការអនុវត្តន៍។ ហើយគ្រប់សមាជិកដឹកនាំជាន់ខ្ពស់គណបក្សមួយនេះ ក៏បានបោះបង់បក្សនេះទៅរកបក្សថ្មីផងដែរ។
ក្នុងពិធីសន្និបាតក្រុមប្រឹក្សាជាតិលើកទី ២ របស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា នាថ្ងៃទី ២៦ ខែមីនា អតីតប្រធាន គណបក្ស សម រង្ស៊ី លោកគង់ គាំ អះអាងថា គណបក្សសង្គ្រោះជាតិ នៅអណត្តិទី ៦ សង្គ្រោះជាតិ និងទទួលបាន ៩០ អាសនៈ ដោយលោកប្រមើលមើលថា ប្រជាពលរដ្ឋនៅក្នុងប្រទេស ចង់ទទួលបានការផ្លាស់ប្តូរ ។ លោកថា គណបក្សសង្គ្រោះជាតិ និងឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ឃុំសង្កាត់ និងបោះឆ្នោតជាតិខាងមុខនេះ។
លោកគង់ គាំ ថា លោកកឹម សុខា ប្រកាន់ជំហរ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ទៅនឹងអ្វីដែលកំពុងតែវាយប្រហារ មកលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រូបនេះ តែសម្រាប់រូបលោក គឺខុសពីលោកកឹម សុខា លោកប្រកាន់ជំហរ ឆ្លាត ឆ្លៀត ឆ្លុះ ដោយត្រូវចេះឆ្លាតវៃ ត្រូវចេះឆ្លៀតពេលវេលា សម្រាប់ផលប្រយោជន៍ប្រទេសជាតិ ព្រមទាំងចេះឆ្លុះ ប្រមើលមើលស្ថានភាពជាក់ស្តែងនៅក្នុងសង្គម និងសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ ។
ចំណែកឯអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកមាស នី វិញយល់ថា សម្រាប់លោកផ្ទាល់ លោកមិនគាំទ្រចំពោះគ្រប់គណបក្សនយោយបាយទាំងអស់ដែលទស្សទាយចំនួន កៅអីរបស់ខ្លួនជាប់មុនការបោះឆ្នោតនោះទេ លោកថា បើមិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនោះទេ ការថាខ្លួនបាន ៩០កៅអីនៅអណត្តិទី ៦ខាងមុខនេះ គ្រាន់តែជាការប្រមើលមើលតាមបែបប្រជាភិថុតតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយលោក ជម្រុញអោយគណបក្សទាំងអស់ ឈប់រិះគន់គ្នា ងាកមកពិភាក្សាគ្នាដើម្បីផលប្រយោជន៍ជាតិ វាជារឿងល្អវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្ន គណបក្សដែលត្រូវបានបង្កើតថ្មី បានកើនឡើងគួរអោយកត់សម្គាល់ ដែលនេះ ត្រូវបានអ្នកវិភាគមួយចំនួន មើលឃើញថា វាជាចេតនានយោបាយមួយ ក្នុងការបង្កើតឡើងដើម្បីបំបែកសំលេងឆ្នោតរបស់គណបក្សប្រឆាំង ក៏ដូចជាគណបក្សដែលមានសំឡេងនៅក្នុងរដ្ឋសភា តែយ៉ាងណា ក៏មានមតិមួយចំនួន មើលឃើញថា ប្រហែលជាមេគណបក្សថ្មីៗទាំងនោះ អស់ជំនឿលើគោលនយោបាយ របស់គណបក្សធំៗទាំងពីរ ទើបងាកមកបង្កើតបក្សថ្មី ដែលស្របតាមគោលនយោបាយរបស់ខ្លួន។ (រូបភាពមកពី COMFREL)
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉េល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!