បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ លោក ធីន ចរ៍ ប្តេជ្ញាដើរតាមគោលនយោបាយសំខាន់របស់លោកស្រី ស៊ូជី នាំមីយ៉ាន់ម៉ាឆ្ពោះទៅកាន់របបប្រជាធិបតេយ្យនិងសន្តិសុខ
លោក ធីន ចរ៍ បានស្បថចូលកាន់តំណែង ព្រមជាមួយអនុប្រធានាធិបតី២រូប និងគណៈរដ្ឋមន្ត្រី ចំនួន ១៨រូប ដែលម្នាក់ក្នុងនោះគឺលោកស្រី ស៊ូជី នៅចំពោះមុខសមាជិករដ្ឋសភាដែលស្លៀកសម្លៀកបំពាក់ប្រចាំជាតិ ។ សំឡេង៖
លោក ធីន ចរ៍ មិត្តដែលលោកស្រី អ៊ុងសាន ស៊ូជី ទុកចិត្ត បានស្បថចូលកាន់តំណែងប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញនេះ ក្លាយជាមេដឹកនាំប្រទេសដំបូងគេក្នុងជុំជាងកន្លះសតវត្ស ដែលគ្មានចំណងទាក់ទងជាមួយយោធា ព្រមទាំងបានប្រកាសថាជា "អំឡុងពេលប្រវត្តិសាស្រ្ត" ក្នុងការនាំយកប្រទេសភូមាចេញពីស្រមោលនៃរបបផ្តាច់ការយោធា ទៅកាន់របបប្រជាធិបតេយ្យពេលលេញ ស្ថិតក្រោមទិសដៅបង្រួបបង្រួមជាតិ ថែមទាំងបានសន្យាលើកកំពស់គុណភាពជីវិតរបស់ប្រជាជន។
លោក ធីន ចរ៍ បានស្បថចូលកាន់តំណែង ព្រមជាមួយអនុប្រធានាធិបតី២រូប និងគណៈរដ្ឋមន្ត្រី ចំនួន ១៨រូប ដែលម្នាក់ក្នុងនោះគឺលោកស្រី ស៊ូជី នៅចំពោះមុខសមាជិករដ្ឋសភាដែលស្លៀក សម្លៀកបំពាក់ប្រចាំជាតិ។
ទោះបីការធ្វើសច្ចាប្រណិធាននាថ្ងៃម្សិលមិញនេះ ជានិមិត្តរូបនៃការសាងទំព័រប្រវត្តិសាស្ត្រថ្មីក្តី តែលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ានៅពុំទាន់ពេញលេញនៅឡើយទេ ដោយសារខាងយោធានៅរក្សាអំណាចទុកខ្លះទាំងក្នុងរដ្ឋាភិបាលនិងរដ្ឋសភា ខណៈដែលខ្លួនលោកប្រធានាធិបតីផ្ទាល់ ក៏គេឯងបានដឹងថា ត្រឹមជាតំណាងរបស់លោកស្រី អ៊ុងសាន ស៊ូជី អ្នកដែលអះអាងជានិច្ចថា នឹងដឹកនាំប្រទេសនៅពីក្រោយឆាក ដើម្បីដោះស្រាយចំណងហ្គេមរបស់កងទ័ពដែលផ្ចិតផ្ចង់ព្រាងរដ្ឋធម្មនុញ្ញច្បាប់ប្រើប្រាស់បច្ចុប្បន្នឡើងមករារាំងលោកស្រីជាពិសេស ដោយការកំណត់ហាមឃាត់បុគ្គលមានគូស្រករឬកូនជាជនបរទេសកាន់តំណែងជាប្រធានាធិបតី។
ស្វាមីរបស់លោកស្រី ស៊ូជី បានធ្វើមរណកាលទៅហើយ រីឯកូនប្រុសរបស់លោកស្រី២នាក់ មានសញ្ជាតិអង់គ្លេស។
"រដ្ឋសភាជ្រើសរើសខ្ញុំបាទឲ្យកាន់តំណែងជាប្រធានាធិបតី ដែលចាត់ទុកជាអំឡុងពេល ប្រវត្តិសាស្រ្តរបស់ប្រទេសមីយ៉ាន់ម៉ា" លោក ធីន ចរ៍ អាយុ ៦៩ឆ្នាំ ថ្លែងបន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាន ព្រមទាំងបានប្តេជ្ញាចិត្តធ្វើការងារ ដើម្បីបង្កើតភាពសុខដុមនិងសន្តិសុខក្នុងចំណោមក្រុមជនជាតិភាគតិចទាំងឡាយ រួមទាំងកែលំអរគុណភាពជីវិតរបស់ប្រជាជនទាំង ៥៤លាននាក់។
លោក ធីន ចរ៍ ថែមទាំងបានបញ្ជូនសញ្ញាថា លោកស្រី ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ (NLD) ដែលបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាចុងឆ្នាំមុន លើសការរំពឹងទុក ហើយធ្វើឲ្យការគ្រប់គ្រងប្រទេសដោយកងទ័ពដែលអូសបន្លាយពេលវេលាយូរដល់ទៅ ៥៤ឆ្នាំបានបញ្ចប់ទៅនោះ នឹងមានតួនាទីសំខាន់ក្នុងរដ្ឋាភិបាលថ្មីដោយការថ្លែងថា រដ្ឋសភានិងរដ្ឋាភិបាលថ្មីនេះ បង្កើតឡើងតាមគោលនយោបាយរបស់គណបក្ស NLD ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។
លោកប្រធានាធិបតីថ្មីបានអះអាងបញ្ជាក់ទៀតថា គោលដៅសំខាន់របស់គណបក្សគឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានប្រជាធិបតេយ្យនិងសមស្របទៅនឹងប្រទេសបន្ថែមទៀត។
ស្ថិតក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន អាសនៈ 25% ក្នុងរដ្ឋសភាត្រូវបានបម្រុងទុកសម្រាប់នាយទាហាន ដើម្បីជាចំណងមិនឲ្យរដ្ឋាភិបាលអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ដោយកងទ័ពមិនឯកភាព ប៉ុណ្ណឹងពុំគ្រប់គ្រាន់ទេ រដ្ឋធម្មនុញ្ញថែមទាំងបានតម្រូវឱ្យកងទ័ពជាអ្នកស្នើឈ្មោះរដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយក្រសួងមហាផ្ទៃមានអំណាចគ្រប់គ្រងពន្ធនាគារទូទាំងប្រទេសទៀតផង ដែលធ្វើឲ្យការដោះលែងអ្នកទោសនយោបាយណាម្នាក់នោះ ត្រូវតែស្ថិតក្នុងការពិចារណាសម្រេចរបស់យោធា។
លើសនេះទៀត អនុប្រធានាធិបតី១នាក់ ក្នុងចំណោម ២នាក់ ជាមនុស្សមកពីខាងកងទ័ពគឺអតីតឧត្តមសេនីយ មិនស្វេ មិត្តដ៏ជិតស្និទរបស់លោក ថាន់ស្វេ អតីតមេដឹកនាំរបបផ្តាច់ការយោធា បើទោះបីខណៈនេះ លោក មីនស្វេ មានឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដែលហាមឃាត់ក្រុមហ៊ុនអាមេរិកាំងទាំងអស់ មិនឲ្យធ្វើអាជីវកម្មជាមួយក៏ដោយ។
រីឯនៅក្នុងគណៈរដ្ឋមន្ត្រីវិញនោះ ទោះបីជាមានការប្រកាសឈ្មោះតាំងពីសប្តាហ៍មុនក្តី តែនៅមិនទាន់មានការបញ្ជាក់ថា ឥស្សរជនណានឹងកាន់តំណែងក្នុងក្រសួងណាជាផ្លូវការនៅឡើយទេ ដោយនាំគ្នារំពឹងទុកថា លោកស្រី ស៊ូជី នឹងគ្រប់គ្រងក្រសួង៤ គឺ ក្រសួងការបរទេស ក្រសួងអប់រំក្រសួងថាមពល និងខុទ្ទកាល័យប្រធានាធិបតី។
អ្នកវិភាគបានអះអាថា បញ្ហាប្រឈមសំខាន់នៃគណៈដឹកនាំរបស់លោក ធីន ចរ៍ គឺការរក្សាទំនាក់ទំនងដោយរលូនជាមួយកងទ័ព ថែមទាំងនៅមានការព្រួយបារម្ភពាក់ព័ន្ធនឹងគណៈរដ្ឋមន្រ្តីថ្មីដែលមានលោកស្រី ស៊ូជី ជាស្ត្រីតែម្នាក់ឯងគត់ ហើយសមាជិកភាគច្រើនមានអាយុច្រើនជាង ៦០ ឆ្នាំទៅហើយនោះ។
ក្រៅពីនោះ នៅមិនទាន់ច្បាស់លាស់ទេថា លោកស្រី ស៊ូជី នឹងរក្សាតុល្យភាពការងារក្នុងឋានៈជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ៤ក្រសួងនោះ បានឬយ៉ាងណា ???
ទន្ទឹមគ្នានេះ សមាជិករដ្ឋសភាមកពីគណបក្ស NLD នៅតែចាត់ទុកថា មានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាលតិចតួចណាស់ ដោយសារត្រូវជិះជាន់សង្កត់សង្កិនហើយស្ថិតក្នុងស្ថានភាពជាគណបក្សប្រឆាំងអស់រយៈពេលជាច្រើនសិបឆ្នាំ ក្រោមការគ្រប់គ្រងដោយរបបផ្តាច់ការយោធា។
លោក ឃិន សរ៍វីន អ្នកវិភាគនយោបាយនៅប្រទេសភូមា បានសន្និដ្ឋានជាចុងក្រោយថា មីយ៉ាន់ម៉ាត្រៀមខ្លួនជាស្រេចហើយ ហើយស្រេកឃ្លាននឹងការផ្លាស់ប្តូរ ដោយហេតុនេះគណបក្ស NLD នឹងស្ថិតនៅក្រោមសម្ពាធធ្ងន់ធ្ងរ ពីឥទ្ធិពលតំណរភ្ជាប់នូវវិធានការកំណែទម្រង់របស់រដ្ឋាភិបាលពាក់កណ្តាលស៊ីវិលរបស់លោក ថេនសេន ប្រធានាធិបតីដែលទើបផុតអាណត្តិនោះ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!