អង្គការ save the children និង USAID ៖ កង្វះអាហារូបត្ថម្ត នៅតែចោទជាបញ្ហានៅកម្ពុជា
MC៖ អង្គការ save the children រួមសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ លើកឡើងពី កង្វះអាហាររូបត្ថម្ត ដែលបណ្តាលឲ្យកុមារក្រិះក្រិន ក្នុងពេលបច្ចុប្បន្ន នៅតែជាបញ្ហាប្រឈម បើទោះជាកម្ពុជា បានសម្រេចនូវសូចនាករសុខភាពល្អយ៉ាងណាក៏ដោយ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
សេចក្តីប្រកាសព័ត៌មានចំនួន ២ទំព័រ ចេញដោយអង្គការចំនួន ២ គឺ អង្គការ save the children និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ បានបង្ហាញថា ភាពក្រិះក្រិន ដែលធ្វើឲ្យកុមារមានកម្ពស់ទាបធៀបនឹងអាយុ ដែលជាលទ្ធផលនៃការខ្វះអាហាររូបត្ថម្តអំឡុងពេល ១០០០ ថ្ងៃដំបូងនៃជីវិត នៅតែជាបញ្ហាប្រឈម។ ក្រៅពីការខ្វះអាហារូបត្ថម្ត ក៏នៅមានកត្តាផ្សេងទៀត ដូចជា របបអាហារមិនគ្រប់គ្រាន់របស់ម្តាយ ជំងឺឆ្លង និងកង្វះអនាម័យ រួមនឹងភាពក្រីក្រជាដើម ដែលជាកត្តាគួបផ្សំ បណ្តាលឲ្យកុមារ ទទួលរងនូវស្ថានភាពក្រិះក្រិន។
អង្កការដែលផ្តោតលើកុមារនេះ បារម្ភថា ភាពក្រិះក្រិន នឹងធ្វើឲ្យសុខភាពរបស់កុមារចុះខ្សោយ តាមរយៈនៃការកើតឡើងនៃជំងឺផ្សេងៗ ហើយវាក៏ប៉ះពាល់ផងដែរដល់ការសិក្សាអប់រំរបស់កុមារ ដែលធ្វើឲ្យការអភិវឌ្ឈសមត្ថភាពនៃការគិត និងចំនួនឆ្នាំនៃការសិក្សារបស់កុមារមានកម្រិត និងកាត់បន្ថយប្រាក់ចំណូលពេញមួយជីវិត។
បើតាមអ្នកសេដ្ឋកិច្ច បានធ្វើការប៉ានប្រមាណថា ភាពក្រិះក្រិនរបស់កុមារ បានធ្វើឲ្យកម្ពុជា ខាត់បង់ប្រាក់រហូតដល់ ១២៨ លានដុល្លា ក្នុងមួយឆ្នាំ ដោយសាតែលទ្ធផលការងារ និងផលិតកម្មមានកម្រិតទាប។ ហើយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលមានបញ្ហាកង្វះអាហារូបត្ថម្តរុំារ៉ៃ រកចំណូលបានតិចជាងបុគ្គលទូទៅចំនួន ២៥ %។
សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងបន្ថែមដែរថា ដោយសារមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ ក្រោមការសហការណ៍ពីដៃគូពាក់ព័ន្ធ និងអង្គការ save the children បានដាក់ឲ្យដំណើរការជាផ្លូវការនូវយុទ្ធនាការរួមបញ្ចូលគ្នា ដើម្បីបង្ការភាពក្រិះក្រិន ដែលជាផ្នែលមួយនៃគម្រោង នូរីស សម្រាប់ជួយដល់រដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល អភិវឌ្ឈជនបទ និងកសិកម្ម ដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រិះក្រិនរបស់កុមារ ក្រោមប្រធានបទ "លូតលាស់ទាំងអស់គ្នា" ។
នាយកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា លោកស្រី រ៉េបែកកា ប្លែក កត់សម្គាល់ថា យុទ្ធនាការនេះ នឹងផ្សារភ្ជាប់រវាងគ្រួសារនៅតាមជនបទ ជាមួយបុគ្គលិកសុខាភិបាល អ្នកស័្មគ្រចិត្តក្នុងសហគមន៍ និងថ្នាក់ដឹងនាំនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ត និងការរីកលូតលាស់របស់កុមារ ក្នុងអំឡុងពេល ១០០០ ថ្ងៃ មុននឹងអ្វីៗ មិនអាចកែប្រែបាន។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការរួមបញ្ចូលគ្នា ដើម្បីបង្ការភាពក្រិះក្រិន អាចធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ត សុខមាលភាពរបស់ស្ត្រី និងកុមារក្នុងភូមិក្រីក្រចំនួន ៥៥៥ ស្ថិតក្នុងខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!