សហជីពតវ៉ា ឈានដល់ការប៉ះទង្គិច ខណៈរដ្ឋសភាកំពុងដំណើរការអនុម័តច្បាប់សហជីព
សន្តិសុខនៅមុខរដ្ឋសភាត្រូវបានរឹតបន្តឹង ខណៈសហជីព និងកម្មករប្រមាណជាង ១០០ នាក់ ប្រមូលផ្តុំគ្នា មានទាំងការលើកបដាផងនោះ ស្នើអោយមានការកែប្រែសេចក្តីព្រាងច្បាប់សហជីព នឹងស្នើកុំឲ្យរដ្ឋសភា អនុម័តច្បាប់នេះ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
នៅព្រឹកថ្ងៃចន្ទនេះ តំណាងសហជីពប្រមាណជាង ១០០ នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខរដ្ឋសភា ដើម្បីសំដែងមតិមិនគាំទ្ររដ្ឋសភា អនុម័តច្បាប់ស្តីពីសហជីព ដែលកំពុងតែមានភាពចម្រូងចម្រាស និងសហជីពថា មានការគាប់សង្កត់ បិទសិទ្ធិសេរីភាពរបស់កម្មករ។ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី អះអាងថា បើតំណាងរាស្ត្រគណៈបក្សនយោបាយណាមួយ ហ៊ានបោះឆ្នោតអនុម័តច្បាប់នេះ នោះនឹងបាត់បង់សំឡេងឆ្នោតពីកម្មករ ក្នុងពេលខាងមុខ។
លោក ហ្វា សាលី បានបញ្ចាក់ទៀតថា កម្ពុជា មានច្បាប់គ្រប់គ្រាន់ហើយ ដូចជាច្បាប់ការងារ និងអនុសញ្ញាអាយឡូជាដើម ដែលបានកំណត់យ៉ាងច្បាស់ ពីសិទ្ធិសេរីភាពរបស់កម្មករនិយោជិក សហជីព និងនិយោជក ហើយមិនចាំបាចអីបង្កើតច្បាប់សហជីពនេះទៀតទេ ដោយគ្រាន់តែរដ្ឋភិបាលអនុវត្តច្បាប់ដែលមានស្រាប់ ឲ្យបានត្រឹមត្រូវទៅបានហើយ។
កន្លងទៅសហជីពបានស្រុះស្រួលគ្នា ដោយស្នើឲ្យធ្វើការកែប្រែ ឬបញ្ជាក់បន្ថែម និងលុបចោល ៦ មាត្រា ក្នុងនោះមាន មាត្រា ១៣ ១៤ មាត្រា ១៩ ២៤ និងមាត្រា ១៧ និង ៦៥ ដែលសហជីព យល់ថា មាត្រាទាំងនេះ នៅមិនទាន់ធ្វើឲ្យមានភាពប្រសើរឡើងដល់ទំនាក់ទំនងវិជ្ជាជីវៈនៅឡើយ ហើយថែមទាំងបានកាត់បន្ថយនូវសិទ្ធិសំខាន់ៗមួយចំនួន ដែលបានផ្តល់ឲ្យដោយច្បាប់ស្តីពីការងារ ដូចជាសិទ្ធិក្នុងការចងក្រងសហជីពដែលរឹតត្បិតចំនួនកម្មករក្នុងការបង្កើតសហជីព សិទ្ធិចរចាជាសមូហភាព ដែលផ្តល់ឱកាសឲ្យនិយោជិតបដិសេធមិនចរចាលើសំណើរបស់សហជីព ដោយស្របច្បាប់ ដែលអាចបង្កឲ្យមានវិវាទកាន់តែច្រើនទៅថ្ងៃមុខ និងរឹតត្បិតសិទ្ធិធ្វើកូដកម្មជាដើម។
ក្រៅពីនោះសេចក្តីព្រាងច្បាប់នេះក៏មានបំណងរំលាយអង្គការកម្មករផងដែរ ប្រសិនបើថ្នាក់ដឹកនាំរូបណាប្រព្រឹត្តមិនត្រឹមត្រូវ ឬសហជីពណាផ្តល់ព័ត៌មានមិនបានទាន់ពេលវេលា និងត្រឹមត្រូវតាមការតម្រូវរបស់ច្បាប់។
សូមជំរាប់ថា នៅព្រឹកនេះដែរ មានទាំងរនាំងដែកព័ទ្ធជុំវិញ ប៉ូលិស និងរថយន្តបាញ់ទឹកត្រូវបានដាក់ពង្រាយនៅមុខរដ្ឋសភា ដើម្បីការពារសន្តិសុខជាហូរហែរ ហើយខណៈពេលសហជីពកំពុងប្រមូលផ្តុំគ្នា ក៏មានការប៉ះទង្គិចគ្នាមួយ រវាងសន្តិសុខខណ្ឌដូនពេញ និងក្រុមសហជីព ដែលបណ្តាលឲ្យរងរបួសបែកក្បាលម្នាក់។
លោក ណៃ វង់ដា អនុប្រធានផ្នែលស៊ើបអង្គេតប្រចាំសមាគមអាដហុក បានឲ្យដឹងថា សន្តិសុខខណ្ឌដូនពេញ រាប់រយនាក់ បានព្យាយាមបំបែកការប្រមូលផ្តុំរបស់សហជីព ដែលនាំឲ្យមានការរុញច្រាញគ្នា រហូតឈានដល់ប៉ះទង្គិចបណ្តាលឲ្យបែកក្បាលសមាជិកមា្នក់របស់លោក ប៉ាវ ស៊ីណា។ សម្រាប់លោក ដែលជាសង្គមស៊ីវិល ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ក៏ត្រូវបានក្រុមសន្និសុខទាំងនោះ សំលុត ហើយច្រាលចេញពីកន្លែងនោះផងដែរ។
លោក ណៃ វង់ដា បានចាត់ទុកអំពើទាំងនេះ ថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយបានធ្វើការថ្កោលទោស និងអំពាវនាវដល់អង្គការអន្តរជាតិ ពិនិត្យមើលលើស្ថានភាពសិទ្ធិមនុស្សជាថ្មីទៀតក្នុងការផ្តល់ជំនួយនានា ដល់កម្ពុជា។
គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន ១៧ ជំពូក ១០០ មាត្រា កំពុងត្រូវបានរដ្ឋសភាជាតិ ប្រជុំអនុម័ត នៅព្រឹកនេះ បើទោះជា ក្រុមសហជីពមួយចំនួន ស្នើឲ្យមានការកែសម្រួល យ៉ាងណាក៏ដោយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!