បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ សុវត្ថិភាពនុយក្លេអ៊ែរ
កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពនុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសានោះ គោលបំណងសំខាន់គឺ សង្ឃឹមបញ្ឈប់អំពើភេរវកម្ម ដែលកើតឡើងពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។ សំឡេង៖
កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពនុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសានោះ គោលបំណងសំខាន់គឺ សង្ឃឹមបញ្ឈប់អំពើភេរវកម្ម ដែលកើតឡើងពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។
ដើមកំណើតនៃវេទិកាកិច្ចប្រជុំនេះមានឡើងជាលើកដំបូងក្នុងឆ្នាំ ២០១០ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាម្ចាស់ផ្ទះរៀបចំនៅទីក្រុងវ៉ាស៊ីនតោនដូចលើកនេះដែរ តាមមកដោយការប្រជុំលើកទី២ ប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១២ ការប្រជុំលើកទី៣ ធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងឆ្នាំ ២០១៤ ហើយលើកនេះគឺជាកិច្ចប្រជុំលើកទី៤។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគ្មានអ្វីខុសពីលើកមុនៗទេ គឺផ្តោតការការពារវត្ថុធាតុដើមមានវិទ្យុសកម្មបង្កគ្រោះមហន្តរាយ កាត់បន្ថយហានិភ័យការចូលដល់អ៊ុយរ៉ាញ៉ូមនិងព្លុយតូនីញ៉ូម រួមទាំងការស្វែងរកកិច្ចសហប្រតិបត្តិការទប់ស្កាត់និងតាមដានការបម្លាស់ទីវត្ថុធាតុដើមដ៏គ្រោះថ្នាក់ទាំងនោះ។
ឧទាហរណ៍មួយនៃកិច្ចសហប្រតិបត្តិការដែលបានឃើញពីលទ្ធផលកិច្ចប្រជុំគឺ អំឡុងខែកន្លងទៅ ជប៉ុនបានប្រគល់ព្លុយតូនីញ៉ូមមួយចំនួនឲ្យសហរដ្ឋអាមេរិក ដែលច្រើនគ្រប់គ្រាន់នឹងផលិតគ្រាប់បែកនុយក្លេអ៊ែរបានប្រមាណ ៥០គ្រាប់ ខណៈដែលទិន្នន័យរបស់ទីភ្នាក់ងារអន្ដរជាតិឃ្លាំមើលស្ថានភាពវត្ថុធាតុដើមប្រើផលិតអាវុធនុយក្លេអ៊ែរ បានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោកមានវត្ថុធាតុដើមអាចផលិតអាវុធនុយក្លេអ៊ែរកម្រិតធ្ងន់ធ្ងរបានក្នុងកំរិតនៃគ្រាប់បែកដែលសហរដ្ឋអាមេរិកធ្លាប់ប្រើបំផ្ទុះកំទេចប្រទេសជប៉ុនអំឡុងសង្គ្រាមលោកលើកទី២ មានច្រើនដល់ទៅប្រមាណ 200,000 គ្រាប់ ហើយទីតាំងដែលតម្រូវឱ្យមានវិធានការរក្សាសន្តិសុខតឹងរ៉ឹងបំផុត ដើម្បីការពារវត្ថុធាតុដើមសំរាប់ផលិតអាវុធនុយក្លេអ៊ែរលេចធ្លាយទូទាំងពិភពលោក មានច្រើនជាង 1,000 កន្លែង។
សំណួរក៏គឺ វត្ថុធាតុដើមប្រើផលិតអាវុធនុយក្លេអ៊ែរទាំងនោះ មិនស្ថិតក្រោមការគ្រប់គ្រង របស់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ទេ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងដោយឯកជន រួមទាំងស្ថាប័នស្រាវជ្រាវ ស្ថាប័នអប់រំ តាមមន្ទីរពេទ្យ និងផ្សេងៗទៀត។
នោះមានន័យដល់ "ចំណុចខ្សោយ" ដែលត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីមិនឲ្យវត្ថុធាតុដើមដ៏គ្រោះថ្នាក់ទាំងនោះ ធ្លាក់ទៅក្នុងកណ្តាប់ដៃឧក្រិដ្ឋជននិងក្រុមភេរវកម្ម អាចយកទៅផលិតអាវុធដែលហៅថា "Dirty Bomb" ឬគ្រាប់បែកនុយក្លេអ៊ែរប្រភេទកខ្វក់ ថែមទាំងមិនត្រូវភ្លេចថា ខណៈដែលអន្តរជាតិមួយក្រុមកំពុងព្យាយាម បំបាត់ គ្រប់គ្រង វត្ថុធាតុដើមផលិតគ្រាប់បែកនុយក្លេអ៊ែនោះ ប៉ុន្តែជ្រុងម្ខាងទៀត ក៏មានបណ្តាប្រទេសជាច្រើនខិតខំប្រឹងប្រែងលើកកំពស់អានុភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
ទើបកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ ប្រត្យក្សច្បាស់ថា នៅខ្វះកិច្ចសហប្រតិបត្តិការល្អពីប្រទេសជាច្រើន ជាពិសេសបណ្តាប្រទេសដែលមានវត្ថុធាតុដើមនុយក្លេអ៊ែរស្ថិតក្រោមការគ្រប់គ្រង រួមមានប្រទេសឥណ្ឌា, រុស្ស៊ី, ប៉ាគីស្ថាន, អ៊ីរ៉ង់, កូរ៉េខាងជើង និងប្រទេសបេឡារុស ...។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!