សង្គមស៊ីវិលសាទរ តែខ្លាចលោកស៊ុន ចាន់ថុល ធ្វើមិនបានរឿងកំណែទម្រងរយៈពេល ១០០ ថ្ងៃ
រាយការណ៍ដោយកញ្ញា ឡុង គីមម៉ារីតា សំឡេង៖
សង្គមស៊ីវិល សាទរចំពោះការប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី លោក ស៊ុន ចាន់ថុល ពីកំណែរទម្រង់សេវាសាធារណការ និងដឹកជញ្ជូនឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេល ១០០ថ្ងៃ។ តែសង្គមស៊ីវិលទាំងនោះ បារម្ភថា រដ្ឋមន្ត្រីថ្មីនេះ មិនអាចធ្វើបានដូចការសន្យា ព្រោះតែវិស័យសាធារណការ ក្នុងពេលបច្ចុប្បន្ន មានភាពស្មុកស្មាញ។
នាយកប្រតិបត្តិដើម្បីគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា ដោយសារតែវិសាលភាពនៃវិស័យនេះ មានភាពធំធេងពេក ហើយការដាក់ឧសានុវាទរបស់លោករដ្ឋមន្ត្រីថ្មី មានរយៈពេលខ្លី ត្រឹមតែ ១០០ ថ្ងៃ លោកពិតជាគ្មានភាពជឿជាក់ ថា លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អាចធ្វើបាននោះទេ។ តែលោកត្រេកអរ ដែលរដ្ឋមន្ត្រីរូបនេះ ហ៊ានអះអាងយ៉ាងដូច្នេះ។
លោក សន ជ័យ ថា កន្លងទៅ លោកតែសង្គេតឃើញ មានការសន្យាជាច្រើនរាប់មិនអស់ ដែលមិនអាចធ្វើបាន ដូចនេះ លោកចង់ឃើញ អ្នកសន្យាទាំងអស់នោះ ត្រូវថ្លឹងថ្លែងជាមុន ថាខ្លួនអាចធ្វើបានកំរិតណា មុននឹងសន្យាជាមួយប្រជាពលរដ្ឋរបស់ខ្លួន។
ទស្សនៈមិនខុសពីការលើកឡើងនេះដែរ លោក យ៉ង គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈន៍និងសន្តិភាព បានថ្លែងថា លោកមិនដឹងថា លោករដ្ឋមន្ត្រី មានផែនការជាក់លាក់ប៉ុណ្ណានោះទេ ដែលហ៊ានអះអាងត្រឹមតែ១០០ ថ្ងៃ ដើម្បីធ្វើកំណែទម្រងវិស័យសាធារណការនេះ។ តែលោក រំពឹងថា សន្យាហើយ ត្រូវតែធ្វើឲ្យបាន កុំឲ្យគ្រាន់តែការធ្វើប្រជាពិថុធ បោកប្រាស់ប្រជាពលរដ្ឋឲ្យសោះ។
សម្រាប់រូបលោក យ៉ង គឹមអេង យល់ថា បើចង់ធ្វើកំណែទម្រងបាន លុះត្រាតែមានការសហការពីស្ថាប័ននានា ព្រោះវិស័យនេះ ពិតជាមានភាពស្មុកស្មាញណាស់ ។ ហើយក្នុងនោះ ត្រូវមាន គោលការណ៍ជាក់លាក់ រួមផ្សំនឹងបច្ចេកទេស ច្បាស់លាស់ត្រឹមត្រូវ បរិបទសង្គម និងមានមន្ត្រីជំនាញអនុវត្តផងដែរ។
សូមជំរាប់ថា ក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រកាស់ថា លោកទទួលបានអនុសាសន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យធ្វើការកែទម្រង់លើការផ្តល់សេវា សាធារណការ និងដឹកជញ្ជូន ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេល១០០ ថ្ងៃ។ ហើយនៅថ្ងៃទី ៨ ស្អែកនេះ ក្រសួងនឹងមានការជួបពិភាក្សាគ្នា ដើម្បីស្វែងរកនីតិវិធី ធ្វើយ៉ាងណា ឲ្យការផ្តល់សេវាសាធារណៈរបស់ក្រសួង មានប្រសិទ្ធភាព លឿន និងតម្លាភាព។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!