អ្នកបឹងកក់ ៧គ្រួសារ ប្តឹងលោកប៉ាសុជាតិវង្សពីបទពុករលួយ ទៅរដ្ឋសភា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទុកចោលមិនចាត់
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែមេសានេះ តំណាងបឹងកក់ ៧គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយ បានយកពាក្យបណ្តឹងដែលប្តឹងលោកប៉ាសុជាតិវង្ស ពីបទពុករលួយ ពាក់ព័ន្ធដំណោះស្រាយដីធ្លីមិនយុត្តិធម័ ទៅរដ្ឋសភាជាតិ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទុកចោលមិនចាត់ ការបណ្តឹង ជូនពួកគេ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
លោក ដួង ឈើត តំណាងពលរដ្ឋ ៧ គ្រួសារនៅតំបន់បឹងកក់ ដែលមិនទាន់ទទួលបានដំណោះស្រាយ បានឲ្យដឹងថា ដោយពលរដ្ឋទាំងអស់ មើលឃើញថា ការដោះស្រាយជម្លោះដីធ្លី របស់សាលារាជធានី នាពេលកន្លងទៅ មានភាពអយុត្តិធម៌ និងបង្កប់អំពើពុករលួយ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ តែត្រូវបានអង្គភាពនេះ ទុកចោលមិនចាត់ការបណ្តឹងរបស់ពួកគេកាលពីសប្តាហ៍មុន។
លោកបន្ថែមថា ក្រោយពីទទួលបានការបដិសេធមិនចាត់ការពីអង្គភាពនេះ តំណាងពលរដ្ឋទាំង ៧ គ្រួសារ សម្រេចដាក់ញត្តិស្វែងរកអន្តរគមន៍ពីគណៈកម្មការ ទី ១ និង ទី ១០ នៃរដ្ឋសភា ដើម្បីឲ្យជួយពន្លឿននូវការដោះស្រាយដល់ពួកគាត់ និងស៊ើបអង្កេតពីភាពមិនប្រក្រតី ដែលនាំឲ្យមានអំពើពុករលួយរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរបស់ខ្លួនមួយចំនួន។
នៅព្រឹកនេះផងដែរ ក៏មានការចេញមកទទួលញត្តិពីតំណាងរាស្ត្រជាប់ឆ្នោតទាំងពីរផងដែរដោយក្នុងនោះ លោក ឈាង វុន តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា បានអះអាងថា លោកនឹងជំរុញ ដោយអន្តរគមន៍ផ្ទាល់ទៅកាន់ប្រធានរដ្ឋសភា ដើម្បីឲ្យមានការដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
ចំពោះលោក ហ៊ូ វ៉ាន់ ប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភា ក៏បានអះអាងក្រោយពីទទួលញត្តិដែរថា លោកនឹងពិនិត្យលើឯកសារ និងភាពមិនប្រត្រតីនេះ ហើយបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមែន តំណាងឲ្យគណៈកម្មការបោសសំអាត និងប្រឆាំងអំពើពុករលួយ នឹងធ្វើការកោះហៅមន្ត្រីពាក់ព័ន្ធ ឬក៏បញ្ចូលរឿងនេះទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការផ្ទាល់ ជាអ្នកស៊ើបអង្គេតដោះស្រាយបន្ត។
បើតាមតំណាងពលរដ្ឋ បានឲ្យដឹងថា ពួកគេមានការសង្ស័យ នឹងការដោះស្រាយបញ្ហាជម្លោះដីធ្លី ដែលដោះស្រាយដោយសាលារាជធានី មិនមានភាពប្រក្រតី និងតម្លាភាព ដោយពលរដ្ឋអះអាងថា លោកនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យ កាត់ដី ជាង១២ ហិកតា ដើម្បីអភិវឌ្ឈនឹងកន្លែង តែរហូតមកដល់ពេលនេះ ពួកគាត់ នៅតែមិនទទួលបានដំណោះស្រាយ ហើយសំណងដែលផ្តល់ឲ្យពួកគាត់ មានចំនួនតិច ដែលមិនអាចទទួលយកបាន ដូចនេះ ពលរដ្ឋស្នើឲ្យ អភិបាលរាជធានីភ្នំពេញ បំភ្លឺក្នុងការបែងចែកដីជាង ១២ ទៅឲ្យពលរដ្ឋរងគ្រោះទាំងអស់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!