អ្នកវិភាគនយោបាយ ថា ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺជាការព្រមាន កុំអោយនិយាយរឿងព្រំដែន
ភ្នំពេញ៖ អ្នកវិភាគ លើឡើងថា ការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះ ជាតិ គឺជាការរំលោភទៅលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ដែលការពារដោយរដ្ឋធម្មនុញ ខណៈដែលគណបក្សប្រឆាំង ទទូចឲ្យមានការដោះលែងលោក អ៊ុំ សំអាន ជាបន្ទាន់។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមមារីតា
សំឡេង៖
លោក សូ ចន្ថា អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ការបន្តចាប់ខ្លួន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺជាការព្រមានមួយទៅដល់គណបក្សប្រឆាំង កុំឲ្យមានការលើកឡើងពីសារនយោបាយ ទាក់ទងនឹងរឿងព្រំដែនបន្តទៀត ស្របពេលដែលគណបក្សកាន់អំណាច កំពុងតែមានការកំណែទម្រង់។
លោក សូ ចន្ថា យល់ឃើញថា ការសំដែងមតិរបស់លោក អ៊ុំ សំអាន ទាក់ទងនឹងរឿងផែនដី គឺជាសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្ត្រ ដែលការពារដោយច្បាប់កំពូល។ ហើយច្បាប់នេះធានាថា ការបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្រ ក្នុងពេលបំពេញតួនាទី គឺគ្មានទោសនោះទេ ហើយលោកយល់ថា ទង្វើរបស់លោក អ៊ុំ សំអាន ទាក់ទងនឹងរឿងផែនទីនេះ ក៏មិនមែន ជាបទល្មើសជាក់ស្តែងនោះដែរ។ លោកថា រដ្ឋាភិបាល ហាក់រំលោភច្បាប់ធ្ងន់ធ្ងរ ក្នុងការចាប់ខ្លួន តំណាងរាស្ត្រលោក អ៊ុំ សំអាននេះ។
សូមជំរាប់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបស្លៀកពាក់ស៊ីវិល ចាប់ខ្លួន នៅវេលាម៉ោង ១២យប់រំលងអាធាត្រថ្ងៃទី ១០ ចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដោយចោទពីបទប្រើប្រាស់ផែនទីក្លែងក្លាយ បន្ទាប់ពីលោកបានត្រឡប់មកដល់កម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យ។ ខណៈពេលនេះ រូបលោក ត្រូវបានបញ្ជូនមកដល់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ដើម្បីបន្តការសាកសួរ។
ជុំវិញការចាប់ខ្លួន លោក អ៊ុំ សំអាន គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីការណ៍ភ្លាមៗ នៅថ្ងៃទី ១១ មេសា ដោយទទូចឲ្យមានការដោះលែងតំណាងរាស្ត្ររបស់ខ្លួន ជាបន្ទាន់ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួននេះ។
ក្នុងសេចក្តីថ្លែងនោះ ក៏ស្នើឲ្យរាជរាដ្ឋាភិបាល និងអាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យស្របតាមច្បាប់ និងជៀសវាងការរំលោភបំពានច្បាប់។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៨០ បានចែងថា តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយមូលហេតុពីបានដំដែងយោបល ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
បើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះថា ការចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ជាករណីដូចគ្នានឹងករណី លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែរ ដោយលោកចាត់ទុកថាជា”បទល្មើសជាក់ស្តែង”។ តែយ៉ាងណា លោក ឡេង ប៉េងឡុង បញ្ចាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ជូនដំណឹងមករដ្ឋសភានៅឡើយទេពីការចាប់ខ្លួន លោក អ៊ុំ សំអាន នេះ។
គួរបញ្ចាក់ថា លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ កន្លងទៅ ធ្លាប់បានតវ៉ាយ៉ាងសកម្មពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដោយមានទាំងដឹងនាំក្រុមយុវជន ចុះទៅមើលព្រំដែងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បាន លើកឡើងថា រដ្ឋាភិបាល បានប្រើប្រាស់ផែនទីក្លែងក្លាយ សម្រាប់វាស់បង្គោលព្រំដែនជាមួយភាគីវៀតណាម ដែលបញ្ហាទាំងអស់នេះ រូបលោក ត្រូវបានរដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ទៀតផង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!