សកម្មជនការពារសង្គម និងបរិស្ថានគ្រោងធ្វើយុទ្ធនាការ ប្រឆាំងនឹងក្រុមហ៊ុនស្រាបៀរ រឿងទំនប់ដងសាហុង
ភ្នំពេញ៖សកម្មជនការពារសង្គម និងបរិស្ថាន នឹងធ្វើយុទ្ធនាការមួយក្នុងពេលខាងមុខ ប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនស្រាបៀរអង្គរ ដែលទទួលបានសិទ្ធិសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ ដើម្បីឲ្យបញ្ឈប់ការសាងសងរបស់ខ្លួន។នេះបើតាមលោក ជុំ ហួត សកម្មជនការពារសង្គម និងបរិស្ថាន បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃចន្ទ ទី ១៨ មេសា ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងខេត្តរៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើពហិការផឹកស្រាបៀរអង្គរ ដើម្បីប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនស្រាបៀរអង្គរប្រចាំនៅកម្ពុជា លោក ហ្គោ ណានគៀ ជាជនជាតិម៉ាឡេស៊ី និងជាម្ចាស់ភាគហ៊ុនធំមួយរបស់ក្រុមហ៊ុនមេហ្គាហ្វើស ដែលទទួលបានសិទ្ធិក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវ។
លោក ជុំ ហួត បានលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវ បានបង្កផលប៉ះពាល់ខ្លាំងដល់ធនធានធម្មជាតិ និងជីវចម្រុះដែលមាននៅតាមតំបន់ក្នុងប្រទេសជាប់ទន្លេមេគង្គ ជាពិសេសត្រីផ្សោត កម្ពុជា ដែលជាសត្វក៏កម្រមួយ កំពុងតែជិតផុតពូជ។
វិទ្យុសំឡេងយុវជន មិនអាចទាក់ទងលោក ហ្គោ ណានគៀ ម្ចាស់ក្រុមហ៊ុនធំស្រាបៀរអង្គរនិងជាម្ចាស់ភាគហ៊ុនធំមួយរបស់ក្រុមហ៊ុនមេហ្គាហ្វើស ដែលទទួលបានសិទ្ធិក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវ ដើម្បីបំភ្លឺពីបញ្ហានេះបាននៅឡើយទេ។ តែបើតាមលោក ជុំ ហួត បានឲ្យដឹងថា កន្លងទៅ លោក ហ្គោ ណានគៀ ធ្លាប់បានចេញលិខិតឆ្លើយតបថា លោក មិនមានពាកព័ន្ធនិងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវឡើយ។
ការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់ឡាវ នៅតែជាបញ្ហាក្តៅ ដែលគណ:កម្មការទន្លេមេគង្គ ដោយមានសមាជិក៤ ប្រទេស ក្នុងនោះ មានកម្ពុជាផងនោះ នៅតែលើកយកមកពិភាក្សាជាបន្តបន្ទាប់ បើទោះជាទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវនេះ បានកំពុងនឹងសាងសងបានប្រមាណជា ៣០ % ក៏ដោយ។
បើតាមអ្នកវិភាគឯករាជ្យទាក់ទងពីបញ្ហាសង្គម និងបរិស្ថាន លោក ហែម ឧត្តម បានលើកឡើងថា ប្រទេសឡាវ ក៏ដូចជាក្រុមហ៊ុនទទួលការសាងសង់ទំនប់នេះ គួរណាស់តែធ្វើការបើកចំហរ និងសិក្សាឲ្យបានលំអិតអំពីផលប៉ះពាល់នានា ពិសេសផលប៉ះពាល់ ឆ្លងដែនមុននឹងឈានទៅដល់ការសាងសង់ជាមុន ព្រោះថាការសាងសង់ទំនប់នេះ មិនមែនប៉ះពាល់តែប្រទេសឡាវនោះទេ គឺវាបានប៉ះពាល់ដល់ប្រទេសដែលជាប់ទន្លេមេគង្គផងដែរ។ តែលោកថា កន្លងទៅ ប្រទេសឡាវ ហាក់មិនបានយកចិត្តទុកដាក់ និងសិក្សាពីផលប៉ះពាល់ដល់ប្រទេសទាំងអស់នោះនោះទេ។
វារីអគ្គិសនី ដនសាហុង មានកម្រិត២៦០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេស កម្ពុជា ដែលនៅកៀកនឹងប្រទេសកម្ពុជាបំផុត។ ហើយបើយោងតាមការស្រាវជ្រាវ ដោយក្រុមអង្គការសង្គមស៊ីវិល កន្លងទៅបានឲ្យដឹងថា ទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ជាង៦លាននាក់ដែលរស់នៅ ជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
សូមជំរាប់ដែរថា នៅថ្ងៃស្អែក ទី ១៩ ខែមេសា សកម្មជនការពារបរិស្ថាន ពលរដ្ឋរងគ្រោះតាមដងទន្លេមេគង្គ តាមទន្លេសាប និងអង្គការសង្គមស៊ីវិល នឹងធ្វើសន្និសិទការសែតរួមគ្នាមួយ ស្ដីពីការឆ្លើយតបរបស់លោកហ្គោ ណានគៀ ម្ចាស់ក្រុមហ៊ុនធំស្រាបៀរអង្គរ ពាកព័ន្ធនិងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ នៅវេលាម៉ោង៨:៣០នាទី ដល់ម៉ោង ៩:៣០នាទីព្រឹក នៅភោជនីដ្ឋានទន្លេបាសាក១៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!