អ្នកមានជម្លោះដីធ្លី ថាអស់ជំនឿលើអាជ្ញាធរ ខណៈក្រុមហ៊ុន OCIC កំពុងតែឈួសឆាយដី
ភ្នំពេញ៖ប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ថាអស់ជំនឿនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរកអន្តរគមន៍ ស្របពេលដែលក្រុមហ៊ុន និងអាជ្ញាធរខណ្ឌជ្រោយចង្វារប្រមាណ១០០ នាក់ នៅតែបន្តយកគ្រឿងចក្រ ឈូសឆាយលើដីរបស់ពួកគាត់ ទាំងមិនទាន់មានសំណង និងដំណោះស្រាយណាមួយ។
លោក ប៉ុស ចំរើន ដែលជាម្ចាស់ដីកំពុងត្រូវបានគ្រឿងចក្រឈួសឆាយ នៅព្រឹកថ្ងៃព្រហស្បត៍ ទី ២១ មេសានេះ បានឲ្យវិទ្យុសំឡេងយុវជនដឹងថា គ្រឿងចក្រជាង១០ គ្រឿង បានឈួសឆាយប៉ះដីរបស់គាត់ ហើយកំពុងតែវាយកំទេចរបងផ្ទះ បើទោះជារូបគាត់ និងក្រុមគ្រួសារ មិនព្រមយ៉ាងណាក៏ដោយ។ លោកបន្តថា នៅពេលកំពុងវាយកំទេច និងឈួសឆាយ ក៏មានសន្តិសុខខណ្ឌជ្រោយចង្វារជាង១០០ នាក់ បានធ្វើការយាមកាម និងហាមឃាត់ពលរដ្ឋមិនឲ្យធ្វើការតវ៉ាផងដែរ។
លោកឲ្យដឹងបន្ថែមថាកន្លងទៅ ប្រជាពលរដ្ឋ ក៏ដូចជារូបលោក ធ្លាប់ស្វែងរកអន្តរគមន៍ពីមន្ត្រីមានសមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ នៅតែមិនមានដំណោះស្រាយ ហើយអ្វីដែលទទួលបាន គឺការវាយកំទេច នឹងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី កាន់កាបតាំងពីដូនតា។
ពលរដ្ឋរងគ្រោះម្នាក់ទៀត ដែលអះអាងថា ផ្ទះរបស់ខ្លួននឹងត្រូវប៉ះពាល់ទាំងស្រុង ក្នុងគម្រោងទីក្រុមរណបរបស់ក្រុមហ៊ុន OCIC គឺលោក ជា សុផាត បានប្រាប់ថា ពលរដ្ឋទាមទារអភិវឌ្ឈន៍នៅនឹងកន្លែង ហើយដីដែលប៉ះពាលដល់គម្រោងក្រុមហ៊ុន គឺស្នើឲ្យគិតគូតាមតម្លៃទីផ្សា ឬគិតជា ១ ម៉ែតការ៉េ ៤០០ ដុល្លា ស្រមពេលដែលតម្លៃទីផ្សារនៅតំបន់នោះ ក្នុង១ ម៉ែតការ៉េ ២០០០ ដុល្លា។ តែលោកថា ទាំងក្រុមហ៊ុន និងអាជ្ញាធរ ផ្តល់ឲ្យប្រជាពលរដ្ឋ ត្រឹមតែ ១០% ប៉ុណ្ណោះ នៃផលប៉ះពាល់ បើទោះជាមានការតវ៉ា និងស្វែងរកអន្តរគមន៍ពីភាគីពាក់ព័ន្ធ។
វិទ្យុសំឡេងយុវជន មិនអាចទាក់ទងតំណាងក្រុមហ៊ុន OCIC លោក ទូច សំណាន និងលោកអភិបាលខណ្ឌកជ្រោយចង្វារ លោកឃ្លាំង ហួត បានទេនៅថ្ងៃព្រហស្បត៍ ទី ២១ មេសានេះ ព្រោះតែទូរស័ព្ទចូល ពុំមានអ្នកទទួល។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សោកស្តាយចំពោះទង្វើរបស់អាជ្ញាធរ ដែលកាងឲ្យក្រុមហ៊ុនក្នុងការឈួសឆាយយកដីរបស់ប្រជាពលរដ្ឋមកឲ្យក្រុមហ៊ុន ទាំងមិនទាន់ផ្តល់សំណងត្រឹមត្រូវណាមួយជូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកបារម្ភថា បើប្រជាពលរដ្ឋរបស់ខ្លួន លែងមានជំនឿលើមន្ត្រីមានសមត្ថកិច្ចហើយនោះ នឹងធ្វើឲ្យកម្ពុជា មានភាពចលាចល ដែលនាំឲ្យមានសង្រ្គាមស៊ីវិល លិចចេញពីភាពឈឺចាប់របស់ប្រជាពលរដ្ឋ។
សៀ ភារម្យ អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដែលអាចទទួលយកបានទាំងអស់គ្នា មុននឹងធ្វើការអភិវឌ្ឈ ដើម្បីទទូលបានទំនុបទុកចិត្ត ពីប្រជាពលរដ្ឋរបស់ខ្លួនឡើងវិញ។
សូមជំរាប់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួលបានសិទ្ធិសាងសងលើគម្រោងទីក្រុងរណបថ្មី ហើយគម្រោងនេះ បានប៉ះពាល់ពលរដ្ឋជាច្រើនគ្រួសារ ក្នុងសង្កាត់បី គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ ដែលនាំឲ្យប្រជាពលរដ្ឋ ផ្ទុះការតវ៉ាជាបន្តបន្ទាប់ និងស្វែររកអន្តរគមន៍ពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ព្រោះតែមិនទទួលបានដំណោះស្រាយសមស្រប ពីក្រុមហ៊ុន៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!