ក្លិបអ្នកកាសែត រំពឹងថា សេរីភាពសារពត៌មាន នឹងមិនត្រូវបានរិតត្បឹតក្នុងអំឡុងពេលបោះឆ្នោតម្តងទៀតទេ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា ថា ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា នាពេលបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ និងមានលក្ខណៈស្រួចស្រាស ហាក់ឡើងកំដៅដូចការបោះឆ្នោតអាណត្តិមុនដែរ តែរំពឹងថា សេរីភាពសារពត៌មាន នឹងមិនត្រូវបានរិតត្បឹតទៀតនោះទេ។ រាយការណ៍ការបន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
ក្នុងពិច្ចពិភាក្សាសារព័ត៌មាន ស្តីពីអនាគតនយោបាយកម្ពុជាឆ្ពោះទៅរកការបោះឆ្នោត នៅសណ្ឋាគារសានវ៉េ នាព្រឹកថ្ងៃសុក្រ ទី ២២ មេសា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ស្ថានភាពនយោបាយកម្ពុជា នៅតែឡើងកំដៅ ក្នុងពេលបោះឆ្នោតអាណត្តិក្រោយ អាណត្តិទី ៦ ខាងមុខ ព្រោះតែអ្នកនយោបាយខ្មែរ ក៏ដូចជាគណបក្សឈ្នេះឆ្នោតទាំងពីរ មានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង សុទ្ធតែតាំងខ្លួនថា ជាអ្នកឈ្នេះ។ ដូចនេះ លោកថា ទោះចង់ឬមិនចង់នៅពេលនោះ កំដៅនយោបាយនឹងកើតមានឡើង។
តែយ៉ាងណា លោកប៉ែន បូណា ថាបើទោះជាស្ថានភាពនយោបាយនៅកម្ពុជា ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ មានស្ថានភាពយ៉ាងណាក៏ដោយ ក៏លោករំពឹងថា សេរីភាពសារព័ត៌មាន នឹងមិនត្រូវបានរឹតត្បឹត ដូចអាណត្តិមុននោះទេ ព្រោះកន្លងទៅ ក្នុងអំឡុងពេលបោះឆ្នោត មានអ្នកកាសែតជាច្រើនរូប ត្រូវបានគំរាមកំហែង និងរងរបួស ហើយសេរីភាពនៃការផ្សាយព័ត៌មានរបស់វិទ្យុឯករាជ្យខ្លះ នៅថ្ងៃស មុខបោះឆ្នោត១ថ្ងៃ ក៏ត្រូវបានបិទផងដែរ។
អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា លើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជាតិ នៅអាណត្តិក្រោយ មិនទាន់កំណត់ការបរិច្ឆេតណាមួយច្បាស់លាស់នៅឡើយទេ តែលោកមើលឃើញថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈស្វិតស្វាញបំផុត តែអ្វីដែលគួរឲ្យបារម្ភនោះ គឺសេរីភាពសារព័ត៌មាន ព្រោះក្នុងអំឡុងពេលនោះ អ្នកសាព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ។
ក្នុងពេលផ្តល់បទសំភាសន៍ជាមួយអ្នកកាសែត លោក ប៉ែន បូណា បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឲ្យការប្រុងប្រយ័ត្នខ្ពស់ នៅពេលចុះបំពេញបេសកម្មក្នុងអំឡុងពេលបោះឆ្នោត ដោយត្រូវចេះការពារខ្លួនដោយខ្លួនឯង គោរពវិជ្ញាជីវៈក្រុមសីលធម៌អ្នកកាសែត ហើយត្រូវតាំងខ្លួនជាអ្នកកណ្តាលកុំឲ្យជ្រុលខ្លួនជាមួយអ្នកនយោបាយ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ជួយធានា និងការពារដល់អ្នកសារព័ត៌មានទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!