អ្នកច្បាប់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ ឯករាជ្យ
ភ្នំពេញ៖ អ្នកច្បាប់ថា អង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់មានឯករាជ្យភាពនៅឡើយទេ ដោយសារស្ថាប័ននេះ ស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី។
លោកមេធាវី សុក សំអឿន បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពេលបច្ចុប្បន្ន ហាក់មិនទាន់មានឯករាជ្យភាពរបស់ខ្លួននៅឡើយទេ ព្រោះតែស្ថាប័ននេះ ស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកត្រូវតែធានាឲ្យបាននូវឯករាជ្យភាពរបស់ស្ថាប័ននេះ។
លោក សុក សំអឿន បញ្ចាក់ថា ឯករាជ្យភាពរបស់អង្គភាពប្រឆាំងអំពើអុករលួយ ទាក់ទងនឹងថវិការ មានភាពល្អប្រសើរ តែចំពោះតួនាទី និងមុខដំណែង នៅមានកំរិតនៅឡើយ ដូចនេះ ដើម្បីឲ្យស្ថាប័ននេះ អាចបោសសំអាតអំពើពុករលួយ និងភាពកង្វក់របស់ស្ថាប័នដទៃ ខ្លួនត្រូវតែមានតម្លាភាព ស្អាតស្អំ និងគ្មានអំពើពុករលួយ។
ពាក់ព័ន្ធនឹងឯករាជ្យរបស់ស្ថាប័ននេះ កាលពីថ្ងៃទី ២៣ ខែមេសា កូនប្រុសពីរនាក់របស់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយក្នុងចំណោមមនុស្ស ១៨នាក់ ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
បើតាម លោក សុក សំអឿន យល់ថា បើទោះជាករណីនេះ មិនទាន់មានច្បាប់ចែងថាខុស នោះទេ តែបើមើលតាមទិដ្ឋាភាពទូទៅ ដែលឪពុក ជាប្រធាន ហើយកូនទទួលបានដំណែងខ្ពស់ក្នុងស្ថាប័ន គឺធ្វើឲ្យមានបញ្ហាទំនាស់ផលប្រយោជន៍កើតឡើង។ លោកមេធាវី ស្នើទៅកាន់រដ្ឋាភិបាល ឲ្យធ្វើការកំណត់គោលការវិសមត្ថភាពឲ្យបានច្បាស់លាស់ ដើម្បីជៀងវាងការរិះគន់ពីសាធារណៈជន ថាមានបក្សពួកគ្រួសារនិយម នៅក្នុងស្ថាប័នរដ្ឋ៕
ដោយកញ្ញា ឡុង គីមម៉រីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!