មតិខ្លះរិះគន់ការលើកឡើងរបស់សម្តេចហ៊ុនសែន ដែលរងចាំមើលគណបក្សនយោបាយចេញមុខដោះស្រាយបញ្ហាខ្វះទឹក
ពាក់ព័ន្ធទៅនិងការលើកឡើងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលរងចាំមើលមានគណបក្សនយោបាយមួយណា ចេញមកដោះស្រាយបញ្ហាទឹកជូនប្រជាបលរដ្ឋរងគ្រោះនេះ សាធារណៈជនខ្លះ និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រិះគន់ថា រាជរដ្ឋាភិបាលមានតួនាទីមុខគេក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនមែនឆ្លើយដាក់អ្នកណានោះទេ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់វិទ្យុសំឡេងយុវជន VOY នៅព្រឹកនេះថា ក្នុងនាមរដ្ឋាភិបាលមានតួនាទីបម្រើប្រជាពលរដ្ឋ គ្រប់ទីកន្លែងនិងគ្រប់ពេលជាកាតព្វរបស់រដ្ឋាភិបាល មិនមែនជាកិច្ចការរបស់គណបក្សនោះទេ។ លោកបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់ខ្ជប់ លទ្ធិប្រជាធិបតេយ្យ មិនគួរណា គណបក្សនយោបាយធំៗ ប្រើនយោបាយបែបប្រជាភិថុតិនោះទេ។ លោកថា ការប្រើប្រាស់ទំលាប់នយោបាយបែបនេះ គ្មានផលចំណេញសម្រាប់ប្រជាពលរដ្ឋនោះឡើយ ។ លោក សាម អ៊ីន ក៏បានអំពានាវទៅដល់គណបក្សនយោបាយទាំងអស់កែប្រែទំលាប់នយោបាយប្រជាភិថុតិបែបនេះ ដោយរួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋបែងចែកអោយច្បាស់ ថា គណបក្សនយោបាយ និង រដ្ឋាភិបាល មានភារៈកិច្ច និង តួនាទីបែបណា ដើម្បីកុំអោយមានការភ័ន្ដច្រឡំ។ លោកក៏មានការសោកស្ដាយចំពោះគណបក្សនយោបាយមួយចំនួន ដែលចូលចិត្តប្រើពាក្យសំម្ដីឌឺដង់ដាក់គ្នា និង មានការចាប់គុំផងនោះ គឺជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ ។
គួររំលឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកនិង រងចាំមើលថាតើគណបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹកដែលប្រជាពលរដ្ឋជួបប្រទះនាពេលបច្ចុប្បន្ន។ លោកលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃទី ២៦ មេសាម្សិលមិញនេះ។
លោកនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ ដូចជាចង់ចំអក ឬក៏បញ្ឈឺ ដល់គណបក្សនយោបាយមួយចំនួន ដែលមិនបានជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ ដោយលោកថាគណបក្សនោះសន្យាខ្យល់។
លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ការដែលរដ្ឋាភិបាលថាគណបក្សនយោបាយចេញមកដោះស្រាយនេះ គឺមិនទាន់សមស្រប់នោះទេ ពីព្រោះថាប្រជាពលរដ្ឋបង់ពន្ធអោយរដ្ឋាភិបាលដើម្បីអោយរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ។ លោកបញ្ជាក់ថា លោកលើកឡើងបែបនេះ មិនមែនថាគណបក្សនយោបាយមិនមានសិទ្ធិចូលរួមដោះស្រាយនោះទេ ប៉ុន្តែរដ្ឋាភិបាលគឺមានតួនាទី និង ជាអ្នកចេញមុខមកដោះស្រាយមុនគេដើម្បីសម្រួលទុកលំបាកដល់ប្រជាពលរដ្ឋ។
គួរសង្កេតឃើញថា នៅតាមបណ្ដាលខេត្តមួយចំនួយដែលទទួលរងគ្រោះខ្វះទឹកប្រើប្រាស់នោះរួមមាន ខេត្តស្វាយរៀង កំពត កំពង់ស្ពឺ និង តាកែវ និង ខេត្តមួយចំនួនទៀត ។ ហើយក្នុងនោះផងដែលក៏មានស្ថាប័នពាក់ព័ន្ធផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ និងបានអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃចំពោះការប្រើប្រាស់ទឹកផងដែរ៕
ដោយ ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!