គម្រោងស្តីពីប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន ត្រូវបានបន្តរអោយដំណើរការណ៍៣ឆ្នាំទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី ២៧ មេសានេះ អង្គការសម្ព័ន្ធយុវជនដើម្បីឯករាជ្យ និងអភិវឌ្ឈន៍ បានបន្តដាក់ឲ្យដំណើរគម្រោងស្តីពី ប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន ក្រោមជំនួយរបស់សហភាពអ៊ឺរ៉ុប EU ដើម្បីអាចឲ្យយុវជនងាយស្រួលក្នុងការជជែកពិភាក្សាទាក់ទងនឹងបញ្ហាសង្គម និងស្វែងរកសំឡេងរបស់យុវជនក្នុងការតស៊ូមតិសម្រាប់ដោះស្រាយបញ្ហានានា។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
អគ្គលេខាធិការនៃសម្ព័ន្ធយុវជនដើម្បីឯករាជ្យ និងអភិវឌ្ឈន៍ លោកស្រី ម៉ី សម្ផស្ស បានលើកឡើងថា កម្មវិធីប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន ដែលហៅកាត់ថា Platform បានចាប់ផ្តើមដំណើរការតាំងពីខែមករា ឆ្នាំ ២០១៦ ដែលមានរយៈពេល ៤ ខែ ហើយរហូតមកដល់នេះ គម្រោងនេះ នឹងបន្តដាក់ឲ្យដំណើរបន្តទៀត ក្នុងរយៈពេល ៣ ឆ្នាំ។ លោកស្រីបន្តថា កម្រោងនេះ បានទទួលការចាប់អារម្មណ៍ពីយុវជនជាច្រើន ក្នុងការចូលជជែកពិភាក្សា និងផ្តលជាមតិយោបល់ជាច្រើន ហើយអ្វីទាំងនេះ គឺជាសំឡេងមួយរបស់យុវជន សម្រាប់ធ្វើការតស៊ូមតិថ្នាក់ជាតិ ក្នុងការផ្លាស់ប្តូរបញ្ហានានានៅក្នុងសង្គមឲ្យមានភាពប្រសើរឡើង។
លោកស្រី ម៉ី សម្ផស្ស ក៏បានអំពាវនាវ និងសង្ឃឹមថា ក្នុងពេលខាងមុខ នឹងមានយុវជន ចូលរួមកម្មវិធី Platformនេះ ឲ្យកាន់តែច្រើន ដើម្បីបង្ហាញពីបង្វល់ ឬបញ្ហានានា ហើយលោកស្រីក៏បញ្ចាក់ដែរថា នឹងបន្តធ្វើការផ្សព្វផ្សាយពីកម្មវិធីនេះ ឲ្យបានទូលំទូលាយបន្ថែមទៀត ទៅកាន់យុវជន។
ក្នុងសិក្ខាសាលានៅព្រឹកនេះដែរ ក៏មានការចូលរួមពីយុវជនប្រមាណជាង ៥០ នាក់ ដែលមានទាំងការធ្វើបទបង្ហាញ និងចាក់បញ្ចាំងនូវខ្សែវិឌីអូខ្លីទាក់ទងនឹងសកម្មភាពរបស់យុវជន ក្នុងការចូលរួមជជែកពិភាក្សា និងការស្វែងយល់ពីកម្មវិធីប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន Platform នៅតាមប្រព័ន្ធអ៊ីធើណេតជាដើម។
កញ្ញា រស់ ស្រីពៅ ដែលបច្ចុប្បន្នជាមន្ត្រីគម្រោងនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈន៍ និងសន្តិភាព បានលើកឡើងថា កម្មវិធីនេះ បានផ្តល់ឱកាលដល់យុវជន ក៏ដូចជារូបខ្លួន ក្នុងការជជែលពិភាក្សា ដោយមិនចាំបាច់ ចំណាយពេលវេលាយូរ ហើយនឹងឆាប់រហ័ស។ កញ្ញាបញ្ចាក់ថា អ្វីដែលកញ្ញា បានចូលរួមជជែកពិភាក្សា ជាមួយនឹងយុវជនដទៃទៀត ក្នុងកម្មវិធីនេះ គឺបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ ហើយកញ្ញាសង្គេតឃើញថា បញ្ហាទាំងនេះ ក្នុងពេលបច្ចុប្បន្ន គឺជាកង្វល់របស់យុវជន។
ដោយឡែកយុវជន ជា ចំរុង ជានិស្សិតឆ្នាំទី ៣ ផ្នែក ច្បាប់ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា ការជជែកក្នុងកម្មវិធីនេះ យុវជន គ្មានការបារម្ភ និងភ័យខ្លាចនោះទេ ព្រោះការរិះគន់ និងការបញ្ចេញមតិរបស់យុវជន គឺជាញត្តិមួយ សម្រាប់ឆ្លុះបញ្ចាំងពីបញ្ហាអសកម្មនៅក្នុងសង្គម ហើយកម្ពុជា ក៏ជាប្រទេសប្រកាន់លទ្ធិប្រជាធិតេយ្យ ដូចនេះ លោកយល់ថា ឲ្យតែការរិះគន់របស់យុវជន ឆ្លុះបញ្ចាំងពីភាពពិត។
ប្រធានកម្មវិធីនៃអង្គការ Development Innovation លោកស្រី Kate Heuisler រំពឹងថា កម្មវិធី Platform ជជែកពិភាក្សាតាមប្រព័ន្ធអ៊ីធើណេតនេះ នឹងមានការចូលរួម និងការប្រមូលផ្តុំសំឡេងរបស់យុវជនកម្ពុជា ដើម្បីធ្វើការតស៊ូមតិ ពាក់ព័ន្ធនឹងបញ្ហានានា ក្នុងសង្គមកម្ពុជា ឲ្យកាន់តែប្រសើ។
សូមជំរាប់ថា លោកអ្នកនាងអាចចូលទៅកាន់កម្មវិធីនេះបាន តាមរយៈ គេហទំព័រ www.ycud.org ហើយធ្វើការចុះឈ្មោះ ជាមួយនឹងស្មាត់ហ្វូន ឬកុំទ្យូទ័រ ដោយភ្ជាបជាមួយប្រព័ន្ធអ៊ីធើណេតតែប៉ុណ្ណោះ នឹងអាចជជែកកំសាន្ត និងបញ្ចេញទស្សនៈដោយសេរី ពីបញ្ហានានា ដែលកើតមាននៅក្នុងសង្គម៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!