គណបក្សសង្គ្រោះជាតិ ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដោះស្រាយកំដៅនយោបាយបច្ចុប្បន្ន
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ៥៣រូប ព្រួយបារម្មណ៍ចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីជួយដោះស្រាយ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ៥៣រូប ស្នើសុំព្រះរាជអន្តរាគមន៍ពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ មេសា ដោយមើលឃើញថាស្ថានភាពនយោបាយនៅកម្ពុជា មានការលើងកម្ដៅខ្លាំង និង ធ្លាក់ចុះដុនដាប ក្នុងនោះមានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និង សហជីព តាមរយៈការធ្វើច្បាប់ស្ដីពីសមាគម និង អង្គការសង្គមស៊ីវិលនានានៅប្រទេសកម្ពុជា និង មានការដាក់ពាក្យប្ដឹងអ្នកវិភាគមួយចំនួនទៀត។
គណបក្សសង្គ្រោះជាតិមានការព្រួយបារម្មណ៍ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមានសភាពកាន់តែធ្ងន់ធ្ងរទៅ ដែលអាចឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង នីតិរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ថ្វាយព្រះមហាក្សត្រនោះ បានលើកឡើងថា មានតែព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មួយអង្គគត់ ដែលអាចផ្លាស់ប្ដូរស្ថានការណ៍ដុនដាប់នាពេលនេះ អោយវិលត្រឡប់ទៅរកភាពធម្មតាវិញ ស្របតាមមាត្រា៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៩ចែងថា ព្រះមហាក្សត្រ ទ្រង់មានតួនាទីដ៏ខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈអោយមានភាពទៀងទាត់។
ក្នុងលិខិតនោះកត់សំគាល់ថា បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ និង ធ្វើអោយប្រទេសកម្ពុជា ដើរថយក្រោយ វិលទៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជា ស្ថានប័នសភា ស្ថានប៍នតុលាការ និង ស្ថានប័នរដ្ឋមួយចំនួន មានដំណើរការមិនប្រក្រតី និង បាត់បង់ឯករាជ្យភាពរបស់ខ្លួន លើកលែងតែស្ថានប័នព្រះមហាក្សត្រប៉ុណ្ណោះ ដែលទ្រង់មានឯករាជ្យភាព និង មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឯមានភាពទៀងទាត់។
ពាក់ព័ន្ធទៅនឹងការស្នើសុំកិច្ចអន្តរាគមន៍នេះដែល លោកសូ ចន្ថា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានប្រាប់វិទ្យុសំឡេងយុវជនថា លោកគាំទ្រចំពោះការស្នើនេះ ពីព្រោះថា នៅក្នុងស្ថានការបែបនេះមានតែអង្គ ព្រះមហាក្សត្រមួយអង្គគត់ដែលអាចប្ដូរស្ថានការណ៍បច្ចុប្បន្នទៅសភាពធ្មមតាវិញ ដែលច្បាប់រដ្ឋធ្មនុញ្ញមានចែងស្រាប់នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យដូចកម្ពុជា។ លោកបន្តថា ជាការពិតណាស់ ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ គឺមានការរឹតត្បិតផ្នែកនយោបាយ និងអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកវិភាគមួយចំនួន ធ្វើអោយស្ថានភាពនេះ មានការព្រួយបារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ តំណាងរាស្រ្ត និង អង្គការសង្គមស៊ីវិលមួយចំនួន។
ដោយ ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!