អ្នកវិទ្យាសាស្រ្តនយោបាយ៖ ការជេរគ្នានៅក្នុងរឿងនយោបាយ ត្រូវលុបបំបាត់ចោល
ប៉ូលីសសក្តិធំ ដែលជេរប៉ូលីសសក្តិតូច ត្រូវបានចាត់ទុកជាការប្រមាថ ហើយត្រូវបានដកតំណែង។ ថ្មីៗនេះ ក៏គេឃើញសម្តេចហ៊ុន សែន ដែលជាអ្នកនយោបាយមួយរូប ជេរលោកកឹម សុខា ជាអ្នកនយោបាយដូចគ្នា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា អ្នកនយោបាយ មិនគួរណាជ្រើសយកវិធីជេរ ប្រមាថអ្នកនយោបាយគ្នាឯង នៅមុខអ្នកគាំទ្រដើម្បីតែផលប្រយោជន៍បុគ្គល បក្សផ្ទាល់ខ្លួននោះឡើយ ព្រោះនឹងជះឥទ្ធិពលអាក្រក់ដល់អ្នកគ្រាំទ្រ និងជាការមើលងាយគ្នាទៅវិញទៅមកពីសំណាក់ស្ថាប័នអ្នកនយោបាយនៅកម្ពុជាទាំងមូល។
ព័ត៌មានពិស្តារ៖
លោក សូ ចន្ថា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាអ្នកនយោបាយកម្ពុជា មិនគួរណាទាល់តម្រិះ យកតែវប្បធម៌ជេរប្រមាថ អ្នកនយោបាយគ្នាឯង ដើម្បីតែជាន់ពន្លិចម្ខាងៗនោះទេ ដោយសារតែវាជាបញ្ហាដែលធ្វើអោយជាតិអាប់អោន។ ដែលអ្នកនយោបាយយកស្ថាប័នជាតិ មកប្រើដើម្បីតែផលប្រយោជន៍ខ្លួនបុគ្គលផ្ទាល់ លោកថា បង្កផលប៉ះពាល់ដល់ជាតិ។
អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ ជម្រុញអោយគ្រប់អ្នកនយោបាយទាំងអស់ប្រកួតប្រជែងគ្នាដោយយុត្តិធម៌ និងផ្សព្វផ្សាយពី គោលនយោបាយត្រឹមត្រូវគិតផលប្រយោជន៍ជាតិ ជាជាងឡើងវេទិការម្តងៗ ចេះតែជេរប្រមាថគ្នា។
ករណីមិនខុសពីគ្នានោះដែរ សម្រាប់ប៉ូលីសសក្តិធំ ដែលជេរប៉ូលីសសក្តិតូច ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ចាត់ទុកជាការប្រមាថ ។ សម្តេច បានសម្រេចពិន័យ ដកដំណែងរបស់មន្ត្រីប៉ូលីសផ្តាយបីរូបនោះ។
ថ្មីៗនេះ ក៏គេឃើញសម្តេចហ៊ុន សែន ដែលជាអ្នកនយោបាយមួយរូប ជេរលោកកឹម សុខា ជាអ្នកនយោបាយដូចគ្នា។
អ្នកវិភាគនយោបាយវ័យក្មេង លោក ចាន់ វិបុល បានអោយដឹងទាក់ទិន និងរឿងនេះថា ការជេប្រមាថគ្នារបស់អ្នកនយោបាយ មិនមានប្រយោជន៍អ្វីដល់ជាតិ និងអ្នកគាំទ្រ រួមទាំងប្រជារាស្រ្តនោះឡើយ ការធ្វើបែបនេះ វាកាន់តែសបញ្ជាក់អោយអ្នកគាំទ្ររបស់ខ្លួន ដើរត្រាប់តាមចរិតលក្ខណៈរបស់ថ្នាក់ដឹកនាំរបស់ខ្លួន។
ដោយឡែកសម្រាប់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ថា រឿងទាំងនេះ មិនគួរកើតមានចំពោះចរិតលក្ខណៈបុគ្គលអ្នកនយោបាយគ្រប់រូប ដែលជាអ្នកដឹកនាំមនុស្សនោះទេ ។ អ្នកនយោបាយមាននាទីផ្សព្វផ្សាយពីគោលនយោបាយល្អៗ ធ្វើជាអ្នកដឹកនាំគំរូល្អដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋ ជាជាងយកវេទិការជាតិទៅជេរប្រមាថគ្នា។
អ្នកនាំពាក្យរូបនេះថា ទង្វើរបស់អ្នកនយោបាយគ្រប់រូប ដែលតែងតែជេរប្រមាថគ្នា ប្រើប្រាស់សម្តីមិនសមរម្យទាំងឡាយនេះ វាអាចធ្វើអោយអ្នកគាំទ្ររបស់ពួកគេយកគំរូ និងជះឥទ្ធិពលអាក្រក់។
ការលើកឡើងបែបនេះ ក៏ដោយសារតែប៉ុន្មានឆ្នាំងចុងក្រោយនេះ វប្បធម៌ជេរប្រមាថគ្នាទៅលើអ្នកនយោបាយគ្នាឯងនេះ ត្រូវបានអ្នកនយោបាយកម្ពុជា យកមកប្រើប្រាស់ដើម្បីតែផលប្រយោជន៍រៀងខ្លួន និងបានយកវេទិការរបស់ខ្លួនទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន និងជាន់ពន្លិចអ្នកនយោបាយផ្សេងទៀត។ ប្រជាពលរដ្ឋកម្ពុជា ជម្រុញអោយអ្នកនយោបាយខ្មែរ មានភាពចាស់ទុំ ប្រកាន់យកទស្សពិតរាជធម៌ នៅក្នុងខ្លួន ដើម្បីជាតិជឿនលឿនដូចប្រទេសដទៃបាន៕
លោកញ៉ែម ប្រសិដ្ឋ Email :Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!