យុវជនឆ្នើម ៣ រូបតំណាងកម្ពុជា ទៅប្រកួតដណ្ដើមមេដាយក្នុងកម្មវិធី Microsoft World Championship
យុវជនឆ្នើម ៣ រូបតំណាងកម្ពុជាទៅប្រកួតដណ្ដើមមេដាយក្នុងកម្មវិធី Microsoft World Championship
មិត្ដហ្វូនដែលសហការជាមួយ IIG Education បាននិងកំពុងតែឧបត្ថម្ភការសិក្សាដល់និស្សិតឆ្នាំ ៣ មួយរូប ដែលជាយុវជនចូលរួមប្រកួតព្រឹត្ដិការណ៍ Microsoft Office Specialist World Championship (MOSWC) កាលពីឆ្នាំមុន។ បេក្ខជនកម្ពុជា គង់ ឌីវីដ បាននាំយកមកជាមួយនូវមេដាយប្រាក់ជូនជាតិមាតុភូមិ។ តើបេក្ខជនកម្ពុជាអាចដណ្ដើមមេដាយមាសបានទេសម្រាប់ព្រឹត្ដិការណ៍ឆ្នាំនេះ?
បេក្ខជនចូលរួមប្រកួតថ្នាក់ជាតិកាន់តែច្រើន ក្នុងចំណោមបេក្ខភាពជាង ១០០ ប្រទេស
អ្នកស្រី ឡាយ សុគន្ធា ជានាយកគ្រប់គ្រង IIG Education Cambodia ដែលបានការប្រកួតក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា ឆ្នាំនេះ បេក្ខជន ៣ រូបរបស់កម្ពុជា កាន់តែបង្ហាញនូវជំនឿចិត្ដ បទពិសោធ និងជំនាញជាងបេក្ខជនឆ្នាំកន្លងមក ក្រោយពីសមាជិកក្រុមកម្ពុជាម្នាក់បានឈ្នះមេដាយប្រាក់ជាលើកដំបូងកាលពីឆ្នាំ២០១៥។ លោក គង់ ឌីវីដ បានក្លាយជានិស្សិតគំរូចំពោះសិស្ស និស្សិតទូទាំងប្រទេស ដែលរូបគេបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្ដិការណ៍ប្រកួតជើងឯកពិភពលោក ក្នុងចំណោមបេក្ខជនជាង ១០០ ប្រទេសផ្សេងទៀត។
អ្នកស្រីបន្ដថា ចំណាប់អារម្មណ៍ចំពោះការប្រកួតថ្នាក់ជាតិបានកើនឡើង និងចំនួនអ្នកចូលរួមប្រកួតក៏កើនឡើងដែរតាំងពីព្រឹត្ដិការណ៍ប្រកួតនេះបើកដំណើរការនៅកម្ពុជាកាលពី ៣ ឆ្នាំមុន។ សិស្ស និស្សិតរាប់ពាន់នាក់ មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានជាង ៣០ អង្គភាព បានចូលរួមប្រកួតនៅឆ្នាំនេះលើវិញ្ញាសារនៃជំនាញទាំង ៣ គឺ Word, Excel និង Power Point ពីកម្មវិធី Microsoft Office Specialist។
វីដេអូឃ្លីបក្នុងបណ្ដាញសង្គមជាឧបករណ៍ចែករំលែកបទពិសោធ និងជយជម្នះ
ក្រោយពីមានការកើនឡើងនៃអ្នកចូលរួមប្រកួត ក្រុមហ៊ុនមិត្ដហ្វូន បានសម្រេចចិត្ដផលិតខ្សែវីដេអូចំនួន ២ លើបណ្ដាញសង្គមដែលបង្ហាញពីដំបូន្មាន និងទិចនិកសិក្សាពីម្ចាស់ជយលាភីទាំង ៣ រូបការប្រកួតថ្នាក់ជាតិដើម្បីជួយដល់សិស្ស និស្សិតដទៃក្នុងការពន្លឿនចំណេះដឹង និងការរៀបចំខ្លួនសម្រាប់ទីផ្សារការងារដែលតម្រូវឲ្យចេះជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស។
នាយកប្រតិបត្ដិ បានបន្ដថា វីដេអូ ដែលបណ្ដុះបណ្ដាលនិស្សិតជាគ្រូបង្រៀន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកែប្រែថ្មីរបស់មិត្ដហ្វូន ដើម្បីពង្រីកវិសាលភាពឱកាសសម្រាប់វិស័យអប់រំគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា។
លោក ញ៉ុង ឌីនថាន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន បានមានប្រសាសន៍ថា៖ «យើងបានសម្រិតសម្រាំងគន្លឹះសំខាន់ៗ ខណៈដែលយើងបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាយ៉ាងជិតស្និទ្ធ ហើយដៃគូដទៃទៀតដើម្បីពង្រីកវិសាលភាពនៃវិស័យអប់រំនៅកម្ពុជា»។
លោកបានបន្ដថា៖ «យើងបាននិងកំពុងវិនិយោគវិស័យអប់រំនេះតាំងពីយើងបើកសម្ពោធបណ្ដាញទូទាំងប្រទេសដំបូងក្នុងឆ្នាំ២០០៩ ហើយលទ្ធផលបានបង្ហាញកាន់តែច្បាស់។ ការប្រែប្រួលគួរឲ្យកត់សម្គាល់មួយគឺកំពុងតែរំលេចចេញជារូបរាងហើយ។ និស្សិតមានឱកាសកាន់តែប្រសើរ ជំនឿចិត្ដកាន់តែមុតមាំចំពោះសក្ដានុពលរបស់ពួកគេ និងមានបំណងអភិវឌ្ឍជំនាញរបស់ខ្លួនឆ្ពោះទៅមុខជានិច្ច»។
អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន រូបនេះ បានលើកឡើងថា៖ «នេះគឺជាមូលហេតុដែលប្រើបណ្ដាញសង្គមបង្ហាញពីយុវជនឆ្នើមគំរូជំនាន់ថ្មីដល់សិស្ស និស្សិតកម្ពុជាយកទៅអនុវត្ដតាមចំណេះដឹងដែលពួកគេអាចឈានដល់ចំណុចកំពូលនៃស្ដង់ដារពិភពលោក»។
មិត្ដហ្វូន បានបន្ដរឹតចំណងសាមគ្គីបន្ថែមទៀតជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកបណ្ដាញអ៊ីនធឺណិតទៅដល់សាលារៀនទូទាំងប្រទេស ព្រមទាំងភ្ជាប់ទំនាក់ទំនងរវាងនាយកដ្ឋានការិយាល័យសិក្សាខេត្ដទៅប្រព័ន្ធមេរបស់ក្រសួងដើម្បីងាយស្រួលទំនាក់ទំនង និងផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូ និងបង្ហាត់គួពិសេសដល់សិស្សតាមអនឡាញ។ អនុសារណៈយោគយល់ថ្មីមួយរវាងមិត្ដហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់ឱកាសប្រើអ៊ីនធឺណិតរបស់សិស្ស និស្សិស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្រសួង ១ លាននាក់រយៈពេល ៥ ឆ្នាំ។
ការប្រកួត Microsoft Office Specialist World Championship នឹងប្រព្រឹត្ដិទៅនៅ Disneyland ក្នុងទីក្រុង Orlando រដ្ឋ Florida ចាប់ពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី១១ ខែសីហានេះ។ ក្រុមកម្ពុជានឹងធ្វើបច្ចុប្បន្នពីដំណើរការប្រកួតរបស់ពួកគេនៅទំព័រហ្វេសប៊ុកមិត្ដហ្វូន ដែលបានបង្ហោះវិដេអូដំបូន្មាន និងគន្លឹះសិក្សារបស់ពួកគេផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!