បេក្ខជនកម្ពុជាមានជំនឿចិត្ដដណ្ដើមមេដាយមាសចំពោះការប្រកួតជើងឯកកុំព្យូទ័រលំដាប់ពិភពលោក
បេក្ខជនកម្ពុជាមានជំនឿចិត្ដដណ្ដើមមេដាយមាសចំពោះការប្រកួតជើងឯកកុំព្យូទ័រលំដាប់ពិភពលោក
ការដណ្ដើមបានជយលាភីមេដាយប្រាក់លើកដំបូងបំផុតរបស់កម្ពុជាជំរុញទឹកចិត្ដបេក្ខជនឆ្នាំ២០១៦នេះប៉ងប្រជែងយកមេដាយមាសពីការប្រកួតជំនាញកុំព្យូទ័រលំដាប់ពិភពលោក
យុវជនកម្ពុជាចំនួន ៣ រូបដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសប្ដាហ៍នេះដើម្បីប្រកួតប្រជែងជើងឯកពិភពលោកជំនាញកុំព្យូទ័រការិយាល័យ ឬ (Microsoft Office Specialist World Championship) បាននាំទៅជាមួយនូវជំនឿចិត្ដកាន់មោះមុតក្រោយពីសមាជិកក្រុមម្នាក់បានបង្ហាញប្រាប់ពិភពលោកកាលពីឆ្នាំមុនថា កម្ពុជាមានសមត្ថភាពដណ្ដើមជើងឯកអន្ដរជាតិ។
ពួកគេមានភាពជឿជាក់ដោយបានឃើញបេក្ខជនកម្ពុជាមួយរូបបានឈ្នះមេដាយពីការប្រកួតជាលើកដំបូង។ នេះបើតាមការលើកឡើងរបស់លោក លី វាសនា ជាអគ្គនាយក IIG Education Cambodia ដែលបានរៀបចំការប្រកួត ដោយលោកបានសំដៅលើម្ចាស់គ្រងមេដាយប្រាក់ចំពោះ ការប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ២០១៥ នៅទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។ យុវជន គង់ ឌីវីន បានទទួលមេដាយប្រាក់ក្នុងផ្នែក Microsoft Power Point ក្រោយពីមានពិន្ទុខ្ពស់ជាងបេក្ខជនមកពី ១០៥ ប្រទេស។
លោក វាសនា បានពន្យល់ប្រាប់ថា៖ «បច្ចុប្បន្ន និស្សិតកម្ពុជាបានដឹងច្បាស់ថា ពួកគេអាចធ្វើវាបានដែរ។ ខ្ញុំពិតជាជឿជាក់ថា ក្រុមនិស្សិតយើងមានសមត្ថភាពដណ្ដើមមេដាយមាសសម្រាប់ការប្រកួតឆ្នាំនេះ។ ពួកគេជាយុវជនជំនាន់ថ្មីដែលប្រទេសជាតិត្រូវការ។ បេក្ខជនឆ្នើមទាំង ៣ មានការប្ដេជ្ញាចិត្ដ ខិតខំប្រឹងប្រែង និងមានមហិច្ឆតាខ្ពស់។ ពួកគេព្យាយាមហ្វឹកហាត់ និងមានជំនឿចិត្ដលើខ្លួនឯង»។
ចំនួនគ្រឹស្ថានសិក្សាដែលបានចូលរួមការប្រកួតបានកើនឡើងសម្រាប់ឆ្នាំនេះ ហើយពិន្ទុរបស់និស្សិតក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ និស្សិតជាង ៥០០០ នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៣៣ បានចូលរួមប្រកួតថ្នាក់ជាតិនៅឆ្នាំនេះលើវិញ្ញាសារ Microsoft Specialist ផ្នែក Microsoft Words, Excel និង Power Point។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេនៃផ្នែកនីមួយៗ ត្រូវបានជ្រើសរើសទៅចូលរួមប្រកួតជើងឯកពិភពលោក ដែលរៀបចំឡើងនៅ Disneyland ក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែសីហានេះ។
អគ្គនាយក IIG Education Cambodia បានកោតសសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការគាំទ្រព្រឹត្ដិការណ៍ប្រកួតនេះ ព្រមទាំងដៃគូឧបត្ថម្ភមិនអាចខ្វះបានពី មិត្ដហ្វូន។ លោកបានលើកឡើងថា៖ «បើគ្មានការចូលរួមពីមិត្ដហ្វូនទេ កម្មវិធីទាំងមូលពិតជាជួបនូវការលំបាកជាច្រើនដែលយើងមិនអាចទទួលបានជោគជ័យដូចថ្ងៃនេះឡើយ»។ លោកបានសង្កត់ធ្ងន់ថា មិត្ដហ្វូន បាននិងកំពុងឧបត្ថម្ភការប្រកួតតាំងពីបើកដំណើរនៅកម្ពុជាក្នុងឆ្នាំ២០១៤ មកម្ល៉េះ។
អគ្គនាយករងមិត្ដហ្វូន លោក ញ៉ុង ឌីនថាន បានថ្លែងថា លោកមានក្ដីរំភើបរីករាយដែលការវិនិយោគរបស់ក្រុមហ៊ុនលើប្រព័ន្ធអប់រំនៅកម្ពុជានេះកំពុងតែបង្ហាញលទ្ធផលវិជ្ជមានគួរជាទីពេញចិត្ដ។ លោកបានឲ្យដឹងថា៖ «ពីមួយឆ្នាំទៅមួយ យើងសម្គាល់ឃើញថា ការប្រកួតនេះកំពុងតែពង្រីកវិសាលភាព ហើយសិស្ស និស្សិតកំពុងតែទទួលបាននូវជំនាញ និងភាពជឿជាក់ក្នុងការដណ្ដើមតំណែងលំដាប់ពិភពលោក។ វាពិតជាគួរឲ្យរំភើបដែលបានឃើញនិស្សិតកម្ពុជាបានដឹងនូវអ្វីដែលយើងបានដឹង ពីការឧបត្ថម្ភលើសក្ដានុពលរបស់ពួកគេ»។
មិត្ដហ្វូន បានបន្ដធ្វើការវិនិយោគលើប្រព័ន្ធអប់រំរបស់កម្ពុជាតាំងពីខ្លួនដាក់ឲ្យដំណើរការបណ្ដាញទូរស័ព្ទទូទាំងប្រទេសក្នុងឆ្នាំ២០០៩។ ថ្មីៗនេះ ក្រុមហ៊ុនមិត្ដហ្វូនបានចុះហត្ថលេខាអនុសារណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាការបង្ហាញជំហរគាំទ្រកាន់តែស៊ីជម្រៅ។ ការវិនិយោគនេះ រួមទាំង ការពង្រីកវិសាលភាពនៃបណ្ដាញអ៊ីនធឺណិតកាន់តែទូលំទូលាយទៅដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ដ្រីអប់រំ ១ លាននាក់សម្រាប់រយៈពេល ៥ ឆ្នាំ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!