អធិការដ្ឋាននគរបាលស្រុកកោះធំដកហូតអត្តសញ្ញាណសញ្ជាត្តិខ្មែរគំរូថ្មីបណ្តោះអាសន្នពីប្រជាពលរដ្ឋ ដោយសង្ស័យមានសញ្ជាតិមិនច្បាស់លាស់
លោកអនុសេនីយ៍ត្រី រស់ រ៉ាវុធ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃទី ៧ កញ្ញានេះថា មូលហេតុដែលមិនចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋនោះ ដោយសារតែក្រុមអ្នកជំនាញ ពិនិត្យឃើញថា អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីទាំងអស់នោះ មិនមែនជាជនជាតិខ្មែរពិតប្រាកដនោះទេ។ លោកបន្តថា បើតាមការស្រាវជ្រាវរបស់នគរបាលស្រុកកោះធំ ជាបឋមនោះ ពិនិត្យឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនប្រក្រតីទាំងអស់នោះ មានប្រមាណជាជិត ៤០ប័ណ្ណ ក្នុងឃុំចំនួន៣ និងកំពុងស្រាវជ្រាវបន្តទៀតនៅតាមឃុំនានា។ លោកថា អធិការដ្ឋាននគរបាលស្រុកកោះធំ ដាក់សំណើរនេះទៅថ្នាក់លើ ដើម្បីចាត់វិធានការនេះបន្តទៀត ។
តែក្នុងករណីនេះ លោករស់ រ៉ាវុធ មិនបានបញ្ជាក់ប្រាប់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិមិនប្រក្រតីទាំងអស់នោះ មកពីជនជាតិ ឬ ប្រទេសណានោះទេ។ ប៉ុន្តែ ស្រុកកោះធំនេះ ស្ថិតនៅក្នុងខេត្តកណ្ដាល គឺជាស្រុកជាប់នឹងព្រំដែនកម្ពុជា វៀតណាម។ អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ដែលដកហូតទាំងនោះ មានឈ្មោះដូចជា ប្រុញ បូរ៉េត, ទ្រិញ ហុក , គង់ វ៉ា, នេត ថាន់ ជាដើម។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតឃ្លាំមើលការបោះឆ្នោត នៃអង្គការខុមហ្រែល លើកឡើងថា លោកគាំទ្រចំពោះ ការចាត់វិធានការ រក្សាទុកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនប្រក្រតីនេះ ។ ប៉ុន្តែលោកថា ការចាត់វិធានការនេះ ដូចជា យឺតយ៉ាវបន្តិច។ លោកបន្តថា ការចាត់វិធានការបែបនេះ មានទាំងចំណុចវិជ្ជាមាន និង អវិជ្ជមាន។ ចំណុចវជ្ជមាននោះគឺ អាចទប់ស្កាត់ប្រជាពលរដ្ឋដែលមិនមែនជាជនជាតិខ្មែរ និងមិនមែនជាម្ចាស់ប្រទេសកម្ពុជានោះ មានសិទ្ធិបោះឆ្នោត និង មានសិទ្ធិធ្វើអ្វីផ្សេងទៀត។ ហើយចំពោះ ចំណុចអវជ្ជមាននោះ គឺខាត់បង់ពេលវេលាចំពោះ ប្រជាពលរដ្ឋដែលមានសញ្ជាតិត្រឹមត្រូវ និង មានសិទ្ធិគ្រប់គ្រាន់ក្នុងការចុះឈ្មោះបោះឆ្នោតនោះ។ លើសពីនេះទៀត លោកយឿង សុធារ៉ា ក៏បាន កត់សំគាល់ផងដែរថា កាលណាដែលមន្រ្តីអន្តោរប្រវេសន៍ មន្រ្តីនគរបាល និង មន្រ្តីពាក់ព័ន្ធមួយចំនួន បណ្ដែតបណ្ដោយអោយ ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និង ផ្ដល់សិទ្ធិគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋជាតិសាស្រ្តដ៏ទៃ មានសិទ្ធិគ្រប់គ្រង់ក្នុងប្រទេសកម្ពុជានោះ ច្បាស់ណាស់គឺធ្វើអោយប្រទេសកម្ពុជា គ្មានការអភិវឌ្ឍន៍ គ្មានភាពជាម្ចាស់ប្រទេស និងធ្វើអោយប្រទេសកម្ពុជា ជួបបញ្ហាប្រឈមជាច្រើនទៀត ពីព្រោះថាការចុះបោះឆ្នោតកំពុងដំណើរការ ហើយការបោះឆ្នោតថ្នាក់ជាតិ ក៏ជិតឈានចូលមកដល់ដែរ។
បើតាមអធិការដ្ឋាននគរបាលស្រុកកោះធំ បញ្ជាក់ក្នុងទំព័រហ្វេសបុកផ្លូវការថា សិទ្ធិក្នុងនាមជាអធិការ ដកទុកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជាបណ្តោះអាសន្នរហូតការត្រួតពិនិត្យ និងស្រាវជ្រាវចប់ជាស្ថាពរ ។ ហើយអធិការដ្ឋាននគរបាលស្រុកកោះធំនេះ ក៏បានធ្វើការអធ្យាស្រ័យ និង សុំទោសបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរគំរូថ្មីនេះដែរ ចំពោះការយឺតយ៉ាវក្នុងការផ្តល់វាជូនបងប្អូនដើម្បីយកទៅប្រើប្រាស់។ ក្រៅពីនេះទៀត អធិការដ្ឋាននគរបាលស្រុកកោះធំ នឹងជំរុញពន្លឿនការអង្កេត ហើយផ្តល់ជូនបងប្អូននៅពេលលទ្ធផលបញ្ជាក់ថាបងប្អូនជាជនជាតិខ្មែរ ១០០ភាគរយ ៕
ដោយលោក ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!