សហគមន៍រងគ្រោះដីធ្លីចំនួន៣ បរាជ័យក្នុងការសុំជួបលោកអភិបាលក្រុងភ្នំពេញ
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋមកពី ៣ សហគមន៍ មកតវ៉ានៅមុខសាលារាជធានីភ្នំពេញដោយសង្ឃឹមថាបានជួប លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីអោយលោក ផ្ដល់សំណងបន្ថែម និងទាមទារឲ្យសាលាក្រុង ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅតំបន់បឹងកក់ បូរីកីឡា និងព្រែកព្នៅ រាជធានីភ្នំពេញ។ ប៉ុន្តែការសុំជួបនេះគឺមិនបានដូចបំណង់នោះទេ ដោយលោកប៉ា សុជាតិវង្ស និង តំណាងសាលារាជធានីភ្នំពេញ មិនបានចេញមកជួបទទួលនោះទេ។
អ្នកស្រីភោគ សោភីន តំណាងសហគមន៍បូរីកីឡាទាំង១២គ្រួសារ បានលើកឡើងថា អ្នកស្រីមានលិខិតរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលដាក់ជូន លោកប៉ា សុជាតិវង្ស អោយជួយអន្តរាគមន៍។ អ្នកស្រីលើកឡើងទៀតថា ការស្នើរសុំអោយសាលារាជធានីភ្នំពេញជួយដោះស្រាយនេះ គឺធ្វើឡើងជាច្រើនលើក ច្រើនសារមកហើយ តែមិនទទួលបានដំណោះស្រាយណាមួយពី សាលារាជធានីភ្នំពេញនោះទេ ។ អ្នកស្រីបញ្ជាក់ថា ពលរដ្ឋរងគ្រោះ នឹង នៅតែតវ៉ារហូត លុះត្រាតែសាលារាជធានីភ្នំពេញ ដោះស្រាយជូនពួកគាត់ ពីព្រោះថាការរស់របស់អ្នកស្រី និង ប្រជាពលរដ្ឋផ្សេងទៀតពិបាកខ្លាំងណាស់ នៅពេលដែលគ្មានផ្ទះ គ្មានកន្លែងស្នាក់សមរម្យបែបនេះ។
ប្រជាពលរដ្ឋទាំង៣ សហគមន៍ប្រមាណជា ៥០នាក់ មានទាំង ស្រី ប្រុស ចាស់ នឹងព្រមទាំងកូនក្មេងផងនោះ បានស្រែកទាមទារ និងលើកប៉ាដា នៅមុខសាលាក្រុងភ្នំពេញ ប្រមាណជាជិតពីរម៉ោង តែការធ្វើនេះមិនបានលទ្ធផលជាវជ្ជមានណាមួយជូនពួកគាត់នោះទេ បែបជាសន្តិសុខសាលាក្រុង ប្រមាណជា ៣០នាក់ ហាមខាត់ទៅវិញ តែមិនមានការប៉ះទង្គិតណាមួយនោះទេ។
អ្នកស្រី ស៊ូ ស្រីនាង ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅសង្កាត់ព្រែកព្នៅ បានលើកឡើងថា ជីវភាពរស់នៅរបស់អ្នកស្រីបន្ទាប់ពីអាជ្ញាធរ រុះរើផ្ទះអ្នកស្រី ដោយមិនបានផ្ដល់សំណង់សមរម្យនោះ បានធ្វើអោយអ្នកស្រី និងគ្រួសារដើរសុំផ្ទះគេនៅ និង សុំបាយគេបរិភោគផងដែរ ដោយតែគ្មានផ្ទះ និង គ្មានមុខរបប។ អ្នកស្រី ទាមទារសំណងបន្ថែម ពីព្រោះថាអាជ្ញាធរដែលរុះរើផ្ទះអ្នកស្រីនោះ ផ្ដល់សំណងជូនតែ ៨ ពាន់ដុល្លាតែប៉ុនណ្ណោះ ដែលគ្រួសារអ្នកស្រីមិនអាចទទួលយកបាននោះទេ។ អ្នកស្រីរៀបរាប់ថា ផ្ទះអ្នកស្រី និង សំភារៈដែលខួចខាត់នោះមានតម្លៃជិត ៤ ម៉ឺនដុល្លា។ អ្នកស្រីអះអាង និងតវ៉ាដល់ទីបញ្ចប់ លុះត្រាតែមានការដោះស្រាយណាមួយសមស្របដែលអាចទទួលយកបាន។
លិខិតរបស់ ក្រសួងដែនដីនគរូបនីកម្ម និងសំណង់ដាក់ជូនអភិបាលក្រុង លោកប៉ា សុជាតិវង្ស ដែលជាការស្នើរសុំរបស់ប្រជាពលរដ្ឋមានទំនាស់ទាំងអស់នោះ បានបញ្ជាក់ថា ករណីរបស់ប្រជាពលរដ្ឋសុំអន្តរាគមន៍សំណង់បន្ថែមដែលនៅសេសសល់ទាំងនោះ លោកអភិបាល ចាត់ចែងអនុវត្តតាមការគួរ និង ដោះស្រាយជាសមត្ថកិច្ច។
បន្ទាប់ពីគ្មាលទ្ធផលអ្វី ពីសាលារាជធានីភ្នំពេញ ក្រុមសហគមន៍បាននាំគ្នា ទៅតវ៉ានៅមុខក្រសួងដែនដី នគរូបនីកម្ម និង សំណង់ បន្តទៀត ដើម្បីជួយអន្តរគមន៍ដល់ពួកគេ៕
ដោយលោក ញ៉ែម សំណាង Email: somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!