សង្គមស៊ីវិល ជម្រុញអោយ រដ្ឋាភិបាលពន្លឿនការដោះស្រាយ បញ្ហាតម្លៃស្រូវធ្លាក់ចុះ រួមនិងផលិតផលកសិកម្មផ្សេងទៀត
សង្គមស៊ីវិល ជម្រុញអោយ រដ្ឋាភិបាលពន្លឿនការដោះស្រាយ បញ្ហាតម្លៃស្រូវធ្លាក់ចុះ រួមនិងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីប្រជាកសិករនៅតាមខេត្តមួយចំនួនងើបតវ៉ា ចាក់ស្រូវចោលលើផ្លូវជាតិ ដើម្បីសុំអោយមានដំណោះស្រាយល្អដល់ពួកគេ។
ព័ត៌មានពិស្តារ៖
នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញដល់ ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ទូទាំងប្រទេសថា គួរបន្ធូរបន្ធយការប្រាក់ដល់ប្រជាពលរដ្ឋដែលយកប្រាក់កម្ចីទាំងនេះទៅចំណាយលើកសិកម្ម និងបានជួបប្រទះបញ្ហាធ្លាក់ថ្លៃផលិតផលទាំងនេះ។
នៅថ្ងៃទី ១៨ កញ្ញា ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិ លេខ៥ ដោយយកស្រូវមកចាក់ចោលនៅលើផ្លូវជាតិ និងបិទផ្លូវដើម្បីតវ៉ា សុំអោយមានដំណោះស្រាយពីរដ្ឋាភិបាល ដើម្បីកុំអោយតម្លៃស្រូវកាន់តែធ្លាក់ចុះដែលជាហេតុធ្វើអោយពួកគេទាំងអស់នោះជួបហានិភ័យជំពាក់បុលធនាគារ រើរខ្លួនពុំរួច។
លោក ថេង សាវឿនអគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា បានអោយវិទ្យុសំឡេងយុវជន ដឹងនៅថ្ងៃទី ១៩ កញ្ញានេះថា ល្មមដល់ពេលដែលរដ្ឋាភិបាលព្យាបាលជំងឺមហារីកតម្លៃធ្លាក់ចុះនៃផលិតផលកសិកម្មនេះហើយ ។ លោកថា រដ្ឋាភិបាលគួរតែមានវិធានការជាក់លាក់មួយ ដើម្បីចុះទៅដោះស្រាយផ្ទាល់ និងកំណត់ពីតម្លៃមួយដែលសមស្របដល់កសិករ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។
លោកថេង សាវឿន បានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីដោះស្រាយជំងឺមហារីកនេះអោយធូរស្បើយ និងអាចដោះស្រាយបញ្ហាទាំងអស់នេះ។ សំឡេង
អ្នកជំនាញផ្នែកកសិកម្ម លោក យ៉ង់ សាំងកុមារ ធ្លាប់បានអោយដឹងថា រដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់នៅក្នុងការដោះស្រាយបញ្ហាតម្លៃផលិតផលកសិកម្មធ្លាក់ចុះ និងគ្មានទីផ្សារលក់ចេញនេះ បើរដ្ឋាភិបាល មិនឡូកដៃចូលអន្តរាគមន៍ទេនោះ ទៅថ្ងៃក្រោយបន្ទុកនេះ កាន់តែធ្លាក់មកលើរដ្ឋាភិបាលធ្ងន់ឡើងៗ។
យ៉ាងណាក៏ដោយ លោកជម្រុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីស្ទាបស្ទង់ពីស្ថានការ និងស្វះស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ ដោយសារតែ ប្រទេសកម្ពុជាពឹងផ្អែកលើកសិកម្ម ប្រជាពលរដ្ឋប្រមាណ ៨៥ភាគរយគឺរស់ដោយសារតែធ្វើកសិកម្ម មិនគួរណាបណ្តែតបណ្តោយអោយបញ្ហាតម្លៃផលិតផលកសិកម្ម ធ្លាក់ទាបនេះខ្លាយទៅជាជំងឺមហារីកធ្ងន់ធ្ងរនោះឡើយ។
យ៉ាងណាក៏ដោយ វិទ្យុសំឡេងយុវជន មិនអាចសុំការបកស្រាយណាមួយពីអ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មីជុំវិញវិធានការជាក់ស្តែងនៅក្នុងការដោះស្រាយបញ្ហាតម្លៃផលិតផលកសិកម្មធ្លាក់ចុះបាននោះទេដោយសារតែ លោកមិនទទួលទូរស័ព្ទ តែទោះបីជាយ៉ាងនេះក្តី នៅថ្ងៃទី ១២ កញ្ញាកន្លងទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់មន្ត្រីពាក់ព័ន្ធ នៅគ្រប់ខេត្តក្រុងអោយទប់ស្កាត់ ការប្រមូលទិញកសិផល ដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្ម ផលិតផលកសិកម្ម ដើម្បីរក្សាស្ថេរភាពថ្លៃកសិផល ពិសេសតម្លៃស្រូវ។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នីធ្លាប់បានអោយដឹងដែរថា បញ្ហាទាំងនេះជាបន្ទុករបស់រដ្ឋាភិបាល ដែលជាអ្នកដោះស្រាយ មិនគួរណាអោយមានការបណ្តែតបណ្តោយអោយបញ្ហាទាំងនេះកើតឡើងនោះទេ ចំណែកឯការដាក់តម្លៃផលិតផលកសិកម្មស្ថិតតែនៅលើបបូរមាត់ឈ្មួញនោះ ក៏ត្រូវតែលុបបំបាត់ផងដែរ។
បន្ទាប់ពី រដ្ឋាភិបាល បរាជ័យនៅក្នុងការនាំអង្គរចេញមួយឆ្នាំ ១លានតោនទៅក្រៅប្រទេសនៅឆ្នាំ ២០១៥មក គេសង្កេតឃើញថា អង្គរនាំចូលពីប្រទេសជិតខាងមានការកើនឡើង ជាងអង្ករកម្ពុជានាំចេញគួរអោយកត់សម្គាល់ ដែលកត្តាទាំងនេះ ក៏ចូលរួមចំណែកធ្វើអោយតម្លៃផលិតផលកសិកម្ម និងស្រូវនៅកម្ពុជាមានតម្លៃធ្លាក់ចុះ៕
ដោយញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!