ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ីសាខាខេត្តប៉ៃលិន
ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ីសាខាខេត្តប៉ៃលិន
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដប៉ៃលិន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥៧ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម កើត សុធា អភិបាលនៃ គណៈអភិបាលខេត្ដប៉ៃលិន មន្រ្តីអមសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយក-នាយិកាប្រតិបត្តិ នាយក-នាយិកា ប្រតិបត្តិគ្រប់នាយកដ្ឋាន នាយក-នាយិកាគ្រប់ការិយាល័យ និងធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់សាខា ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត ។
លោក ហែម វន្ថា នាយក ធនាគារ អេស៊ីលីដាភី អិលស៊ី សាខាខេត្តប៉ៃលិន បានមានប្រសាសន៍ ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដប៉ៃលិនមាន: បុគ្គលិក ចំនួន៦៨ នាក់ កំពុងបម្រើការងារ ដែលក្នុងនោះ នារី មានចំនួន ២៧នាក់ ស្មើនឹង ៤០ភាគរយ ទ្រព្យសកម្មសរុប របស់ធនាគារមានចំនួន ១៥,៥៦១,៣១២ ដុល្លារសហរដ្ឋអាមេរិក, សមតុល្យឥណទានមានចំនួន ១៤,៦៤៣,១២២ ដុល្លារសហរដ្ឋអាមេរិកដែលមានអតិថិជនចំនួន ២,៣៤១ នាក់, សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន ៩,០៣៧,៧៨៥ ដុល្លារសហរដ្ឋអាមេរិក ដែលមានអតិថិជនចំនួន ៩,៥៧៥ នាក់ បាននឹងកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយធនាគារ និងអតិថិជនជាច្រើនទៀតបាននឹងកំពុងប្រើប្រាស់សេវាកម្មផ្សេងៗទៀតរួមទាំង សេវាអេស៊ីលីដាយូនីធី (ACLEDA Unity), ប័ណ្ណវីសាអេស៊ីលីដា, សេវាអេស៊ីលីដាអ៊ិនធើណែត និងប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា ផងដែរ ។ យើងមានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ដិអេធីអឹម (ATM) ចំនួន០១គ្រឿង នៅសាខាខេត្ដប៉ៃលិន សម្រាប់បម្រើសេវា ដកប្រាក់ជូនដល់អតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ ០៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប័ណ្ណអេស៊ីលីដា ប័ណ្ណវីសា អេស៊ីលីដា ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងទៀតនៅទូទាំងពិភពលោក ។
លោកបានបន្ថែមថា សាខាខេត្ដប៉ៃលិន បានប្ដូរទីតាំងមកអគារការិយាល័យថ្មីដែលបានសាងសង់ឡើងតាមស្ដង់ដារ ធនាគារពាណិជ្ជ ។ អគារនេះមានកំពស់ ០២ជាន់កន្លះ និងមានផ្ទៃក្រឡាសម្រាប់បំពេញការងារ ទំហំ១,៥៧៥ម៉ែត្រ ការ៉េ ដែលក្នុងនោះរួមមានសាលដ៏ធំមួយសម្រាប់ទទួលអតិថិជនទូទៅទំហំជាង ១៤៤ម៉ែត្រការ៉េ ។ អគារនេះ អាច ផ្ទុកបុគ្គលិកបម្រើការងារបានរហូតដល់ជាង ១៧០នាក់ ។ អគារនេះ គឺសាងសង់តាមបទដ្ឋានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និង សុវត្ថិភាពការងារ ។ នេះជាព្រឹត្ដិការណ៍ដ៏ពិសេសមួយ នៅក្នុងឆ្នាំនេះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា ខេត្ដប៉ៃលិន ដែលបានបង្ហាញអំពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់ តែលឿនរហ័សទាន់ចិត្ដជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ស្របតាមតម្រូវការរបស់អតិថិជននៅក្នុងខេត្ដប៉ៃលិនទាំងមូល ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបង្កើននូវជំនឿទុកចិត្ត និងភាពងាយស្រួលជូនដល់អតិថិជន គឺជាគោលដៅដ៏ចម្បង របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដូច្នេះហើយ ទើបបង្កើតឱ្យមានអារ្យភាវូបនីយកម្ម ទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២៣ឆ្នាំ មកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់ អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥៩សាខា និងមាន ក្រុមហ៊ុនបុត្រសម្ព័ន្ធ ៥ រួមមាន ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ ការិយាល័យ), អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា (មាន ៦ ការិយាល័យ) និង ការិយាល័យតំណាងមួយនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ៤.៥ពាន់លានដុល្លារអាមេរិក គិតមកត្រឹមខែកញ្ញា ឆ្នាំ២០១៦ នេះ ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអគារការិយាល័យស្ដង់ដារបែបនេះ ចំនួន ១៧៦ និងកំពុង សាងសង់បន្ថែមជាបន្ដបន្ទាប់មានចំនួន ០៥ ការិយាល័យបន្តទៀត ដើម្បីទទួលបម្រើអតិថិជន និងបង្កឱ្យមានភាព ងាយស្រួលដល់អតិថិជន សម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុនានា របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស ដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្ដិរបស់អតិថិជនដែលបាននិងកំពុងប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងផ្តល់នូវផាសុកភាព និងសុវត្ថិភាពការងារដល់បុគ្គលិក ដែលបាននិងកំពុងបម្រើ ការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ចាប់តាំងពីបើកប្រតិបត្តិការដំបូងរហូតដល់ឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តអភិវឌ្ឍជាប់ជាប្រចាំនូវបណ្តាញអគារការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូចនិក ស្របទៅតាម សភាវពាណិជ្ជកម្ម និងផលិតផល-សេវាកម្មហិរញ្ញវត្ថុ និងការវិវឌ្ឍនៃបច្ចេកវិជ្ជាពត៌មានវិទ្យា នៅក្នុងពិភពលោក ដើម្បីបម្រើសេវាកម្មឱ្យកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងអភិវឌ្ឍ សេវាអេស៊ីលីដាទាន់ចិត្តគឺ ជាសេវាមួយថ្មីមួយទៀត ដែលនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ។ សេវាអេស៊ីលីដាទាន់ចិត្ត គឺជាសេវាដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅ ដែលមិនធ្លាប់ប្រើសេវាធនាគារពីមុនមក ឬធ្លាប់ ប្រើសេវាធនាគារ ជាមួយធនាគារផ្សេង និងអតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការចុះឈ្មោះ ប្រើប្រាស់និងធ្វើប្រតិបត្តិការសេវាធនាគារដោយខ្លួនឯង តាមរយៈទូរស័ព្ទ ចល័តគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ។ ជាពិសេសការទូទាត់រវាងអ្នកទិញ និងអ្នកលក់ (ម្ចាស់ហាង) តាមរយៈអេស៊ីលីដាទាន់ចិត្ត (ACLEDA QR) មានភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។ ហើយ ចំពោះ ហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន សេវាអេស៊ីលីដាយូនីធី ជាសេវាធនាគារតាមទូរស័ព្ទដៃ និងអ៊ីនធើណែត ម៉ាស៊ីនដាក់ និងដកប្រាក់ស្វ័យប្រវត្តិ (ATM) ម៉ាស៊ីនឆូតកាតអេស៊ីលីដា និងប័ណ្ណអេឡិច ត្រូនិកគ្រប់ប្រភេទ ដែលផ្តល់ជម្រើសថ្មីបន្ថែមទៀត សម្រាប់អតិថិជនដ៏វៃឆ្លាត អាច ធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗជាច្រើន តាមរយៈអ៊ីនធើណែត ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត (POS) នៅគ្រប់ ទីកន្លែងជុំវិញពិភពលោក ។
លោកបណ្ឌិត បានបន្តទៀតថា ឱកាសនេះ ខ្ញុំបាទមាន មោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារ ការិយាល័យនេះ ដែលបានសាង សង់តាមស្ដង់ដាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្របតាមយុទ្ធសាស្ដ្រយូរ អង្វែងរបស់យើង ។ ឆ្លៀតក្នុង ឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាល ធនាគារ ជាតិ នៃ កម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគទុនិក ក្រុមប្រឹក្សាភិបាល និងកម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំង ១២,២៨៥នាក់ និងអតិថិជនដ៏វៃឆ្លាតជាង ២លាននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ដ និងសហការយ៉ាងពេញទំហឹងតាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនពីចំនួន ២២.៣ លានដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ ២០០០ រហូតដល់ចំនួន ៤.៥ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែកញ្ញា ឆ្នាំ២០១៦ ដោយរួមបញ្ចូលទាំងសមិទ្ធិផលរបស់សាខាខេត្ដប៉ៃលិនដូចដែលលោកនាយកសាខា បានជម្រាបជូនក្នុងរបាយការណ៍មុននេះ ។ ជានិច្ចកាល ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែស្តាប់ និងទទួលយកនូវសំណូមពរ និងយោបល់ល្អៗពីអតិថិជនដ៏ឆ្លាតវៃ ដើម្បីស្វែងរកដំណោះស្រាយបំពេញចិត្ដ និងតម្រូវការរបស់អតិថិជន ដោយបានបង្កើតផលិតផល និងសេវាកម្ម សម្បូរបែប សម្រាប់អតិថិជនជ្រើសរើស និងប្រើប្រាស់តាមសេចក្តីត្រូវការ ។
ជាមួយគ្នានេះដែរ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ដប៉ៃលិន បានកត់សម្គាល់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តប៉ៃលិន បានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រ កម្ពុជា ជាពិសេសខេត្តប៉ៃលិន កំពុងមានការរីកចម្រើនមានស្ថិរភាព និងមានកំណើនលើសពីការរំពឹងទុកក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការវិវឌ្ឍរបស់សាខាប៉ៃលិន ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើនភាពរឹងមាំ និងថែមទាំង បានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្ត ប៉ៃលិន ។ ទាំងនេះជាភស្ដុតាងដែលបង្ហាញឱ្យឃើញថា សាខាខេត្តប៉ៃលិន បានកើតឡើង និងរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្ដិការ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងរយៈពេលកន្លងទៅសាខានេះ ពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុកទាំងមូល ទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាគន្លឹះក្នុងការចូលរួមបង្កើតឱ្យមានការងារ ប្រភពចំណូល អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនទាំងមូល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!