ពលរដ្ឋអាមេរិកខ្លះគាំទ្រ បេក្ខជនប្រធានាធិបតី ត្រាំ តែខ្លះទៀតរិះគន់ថា ជាមនុស្សមិនគ្រប់ទឹក
ពលរដ្ឋអាមេរិកមួយចំនួននៅតែបន្តបោះឆ្នោតឲ្យ ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បើទោះជាបេក្ខជនប្រធានាធិបតីរូបនេះ មានចំណុចដែលពលរដ្ឋជាច្រើនទៀត មិនចូលចិត្តយ៉ាងណាក៏ដោយ។ នេះព្រោះតែពួកគេ ចង់បានការផ្លាស់ប្តូរ ស្របពេលដែលអ្នកគាំទ្រ លោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ យល់ថា លោក ត្រាំ ជាអ្នកនយោបាយ "មិនគ្រប់ទឹក"។
ក្នុងដំណើរទស្សនកិច្ចទីក្រុង Cleveland រដ្ឋអូហៃយូ លោកស្រី Lioyd Allison មកពីទីក្រុង Clintay រដ្ឋ Tennesses កន្លែងដែលប្រជាជនភាគច្រើន ទំនរគាំទ្រគណបក្សសាធារណរដ្ឋ បានប្រាប់អ្នកសារព័ត៌មានវិទ្យុសំឡេងយុវជនថា អ្នកស្រី បានដឹងច្រើនពីការរិះគន់បេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ ពីរឿងអាក្រក់ៗ របស់លោក ហើយ សូម្បីលោកស្រីផ្ទាល់ ក៏មិនចូលចិត្ត នឹងពាក្យសំដីរបស់លោក ត្រាំ ផងដែរ។ តែបើទោះជាបែបនេះក្តី លោកស្រី នៅតែអះអាងថា នឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ព្រោះតែលោកស្រីគិតថា បេក្ខជនរូបនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកល្អ ប្រសើរជាងមុន រួមនឹងផ្តល់ការការពារដល់ប្រទេសជាតិជាង លោកស្រី ហ៊ីឡារីក្លីនតុន ។
ស្វាមីលោកស្រី Lioyd ដែលទំនងជាគាំទ្រត្រាំផងនោះ បានបន្ទរតាមក្រោយប្រពន្ធគាត់ថា លោកត្រាំ ជាមនុស្ស ចូលចិត្តនិយាយអ្វីត្រង់ៗ តែបែរជា ត្រូវបានអ្នកសារព័ត៌មានមួយចំនួន ធ្វើវាឲ្យធំឡើងៗ ដែលធ្វើឲ្យសាធារណជន មានការយល់ច្រឡំ ថាលោកត្រាំ ជាមនុស្សអាក្រក់។ លោក Karen Allison បាននិយាយថា លោកត្រាំ ជាមនុស្ស ល្អ និងជាអ្នកសេដ្ឋកិច្ចមួយដ៏ពូកែ សម្រាប់សហរដ្ឋអាមេរិក។
អ្នកគាំទ្រ ត្រាំ ម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងទីក្រុង Cleveland បានលើកឡើងដែរថា បើទោះជាគេនិយាយពីត្រាំ អាក្រក់យ៉ាងណាក៏ដោយ អ្នកស្រីនឹងទៅបោះឆ្នោត ឲ្យលោកត្រាំ ព្រោះអ្នកស្រី ចង់ឲ្យមានការគិតគូរពីរឿងអន្តោប្រវេសន៍ ហើយមិនចង់ឲ្យអ្នកនយោបាយទាំងនោះ ធ្វើអ្វីតាមតែទំនើងចិត្ត ដោយមិនគិតពីការចង់បានរបស់ពលរដ្ឋអាមមេរិកនោះទេ។
បើទោះជាពលរដ្ឋមួយចំនួន យល់ថា លោក ដូណា ត្រាំ ជាមនុស្សល្អ តែអ្នកស្រី Teri Elliott រស់នៅក្នុងទីក្រុង Cleveland គិតថា លោក ត្រាំ ជាមនុស្សមិនសូវគ្រប់ទឹក និងជាអ្នកនយោបាយ ដែលមានរឿងអាស្រូវច្រើនបំផុត ដែលមិនធ្លាប់ជួប។ អ្នកស្រីជឿថា លោកដូណាល់ត្រាំ នឹងមិនអាចឈ្នះឆ្នោត នោះទេ ជាពិសេស ក្នុងទីក្រុង Cleveland រដ្ឋអូហៃយូនេះតែម្តង ព្រោះថា គណបក្សប្រជាធិបតី បានឈ្នះឆ្នោតចំនួនពីរអាណិតជាប់គ្នាមកហើយ ហើយលើកនេះ អ្នកស្រីក៏គិតថា លោកស្រី ហ៊ីឡារី គ្លីនតុន ក៏នឹងជាប់ឆ្នោតបន្តទៀត ព្រោះបេក្ខជនប្រធានាធិបតីស្រីរូបនេះ មានបទពិសោធន៍ច្រើន និងមានឧត្តមគតិខ្ពស់។
ស្ថិតក្នុងវ័យ ៦០ ឆ្នាំ អ្នកស្រី Rosie George ក្នុងទីក្រុង South Cleveland បានរិះគន់ចំពោះគោលនយោបាយអន្តោប្រវេស្តរបស់លោកត្រាំ ថា ជារឿងអាក្រក់ ហើយពលរដ្ឋទាំងអស់ គួរតែត្រូវបានការការពារ ពីរដ្ឋាភិបាលអាមេរិក បន្ទាប់ពីពួកគេរងការគាបសង្កាត់ពីរដ្ឋាភិបាលខ្លួន។ អ្នកស្រីបន្តថា គោលនយោបាយត្រាំ ខុសគ្នាពី គោលនយោបាយលោកស្រី ហ៊ីឡារី គ្លីនតុន ដែលតែងតែផ្តល់ឱកាសដល់ពលរដ្ឋទូទៅ ស្មើភាពគ្នា ក្នុងការទទួលបានការរស់នៅ ដោយសមរម្យ។
លោក ដូណា ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានរងការរិះគន់ជាច្រើន ពីប្រជាពលរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានបែកធ្លាយវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីដើមខែតុលា ចំពោះការថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ដែលបញ្ហានេះ បានធ្វើឲ្យលោកបាត់បង់ប្រជាប្រិយភាពជាច្រើន ហើយសូម្បីតែខ្លួនលោកផ្ទាល់ក៏យល់ថា លោកត្រូវបានបាត់បងសំឡេងពីក្រុមស្ត្រីអ្នកបោះឆ្នោត។
មិនត្រឹមតែប៉ុណ្ណោះ លោក ដូណា ត្រាំ ក៏ត្រូវបានស្ថាប័នសារព័ត៌មានក្នុងស្រុក រកឃើញថា ជាអ្នកនយោបាយនិយាយកុហក ច្រើនជាងគេ ដែលទទួលបាននូវគំនូស ខ្ពស់បំផុតដល់ទៅ ៤ ខណៈដែលលោកស្រីហ៊ីឡារី ក្លីនតុន ទទួលបានតែជាង ២ គំនូសប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក និងការជជែកដេញដោលរវាង បេក្ខភាពប្រធានាធិបតិទាំងពីរលើកកន្លងមកនេះ បានធ្វើឲ្យប្រទេសជាច្រើនក្នុងពិភពលោក មានការចាប់អារម្មណ៍ នឹងរឿងដែលមិនធ្លាប់មានពីមុន សម្រាប់អ្នកនយោបាយអាមេរិក ចំពោះការរិះគន់ រឿងអាស្រូវដ៏គួរឲ្យខ្មាសអៀន និងមានលក្ខណៈបុគ្គល។
កញ្ញា Cathy Bajic អ្នកសម្រប់សម្រួលការផ្សព្វផ្សាយនៅសហគមន៍ Cuyahoga County Board of Election នៅទីក្រុង Cleveland រដ្ឋអូហៃយូ យល់ថា រឿងអាក្រក់ៗទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកជាច្រើន ញញើតមិនចង់ទៅបោះឆ្នោត។ ចំណែកឯការស្រាវជ្រាវថ្មីៗ តាមប្រព័ន្ធ Google បានបង្ហាញថា មានពលរដ្ឋអាមេរិករាបន់លាននាក់ កំពុងតែស្វែងរកបេក្ខភាពប្រធានាធិបេតីផ្សេង ដើម្បីធ្វើការសម្រេចចិត្ត។
សូមជំរាប់ថា សហរដ្ឋអាមេរិក នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០១៦ ដែលបេក្ខភាពមកពីគណបក្សប្រជាធិបតី លោកស្រី ហ៊ីឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!