លោកផៃ ស៊ីផាន ភ្ញាក់ផ្អើល ពេលឃើញលិខិតចេញពីទីស្តីការគណរដ្ឋមន្ត្រី បញ្ជារារាំង លោកសម រង្ស៊ី ចូលស្រុក
ទីស្តីការគណរដ្ឋមន្ត្រី ភ្ញាក់ផ្អើល នៅពេលដែលឃើញលិខិតពីទីស្តីការគណរដ្ឋមន្ត្រីខ្លួនឯង បញ្ជារារាំងមិនអោយលោកសម រង្ស៊ីវិលចូលប្រទេសកម្ពុជាវិញ។ ឯសង្គមស៊ីវិលមើលឃើញថាបើលិខិតនោះជាការពិតមែន រដ្ឋាភិបាលហាក់បង្ហាញថា ខ្លួនភ័យខ្លាចចំពោះវត្តមានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
ព័ត៌មានពិស្តារ
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានអោយវិទ្យុសំឡេងយុវជនដឹងនៅថ្ងៃនេះ ដោយលោកថា រហូតមកទល់និងពេលនេះ លោកមិនទាន់ដឹងថា តើប្រភពពិតប្រាកដនៃលិខិតមួយច្បាប់ដែលរារាំងមិនអោយលោកសម រង្ស៊ីចូលប្រទេសវិញនោះជាលិខិតក្លែងក្លាយ ឬពិតប្រាកដនោះទេ។
គួរបញ្ជាក់ថា នៅក្នុងលិខិតមួយច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១២តុលា ដែលត្រូវបានបង្ហាញជាសាធារណៈ នៅថ្ងៃទី២១ ខែតុលា បញ្ជាក់ថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា និងជាពិសេសជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឲ្យប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកបានទេ។ ដោយក្នុងនោះ បានបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្សី ទិញសំបុត្រមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនោះទេ។
លិខិតដដែលបានអោយដឹងថា ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់។
លោកផៃ ស៊ីផាន បញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ទីស្តីការគណៈរដ្ឋមន្តី្រនិងផ្តល់ព័ត៌មានច្បាស់បន្ថែមទៀតជុំវិញលិខិតមួយច្បាប់ដែលគួរអោយភ្ញាក់ផ្អើលនោះ។
សម្រាប់អ្នកជំនាញផ្នែកច្បាប់នៅកម្ពុជា លោកមេធាវី សុខ សំអឿនបានលើកឡើងថា ការរារាំងមិនអោយនរណាម្នាក់ចូលប្រទេសបានលើកលែងតែជននោះ អាចបង្កជាវិនាសកម្ម វឹកវរដល់ប្រទេសជាតិតែប៉ុណ្ណោះ លោកថាបើជនបរទេសវាមិនមែនជារឿងចម្លែកនោះទេ តែនេះរដ្ឋាភិបាលមិនគួររារាំងជនជាតិខ្មែរដែលមានសញ្ជាតិខ្មែរមិនអោយចូលប្រទេសកំណើតរបស់ខ្លួននោះទេ។
ដោយឡែកលោក ឆាំ ប៊ុនថេត អ្នកវិភាគវ័យក្មេងមើលឃើញថា រដ្ឋាភិបាលហាក់មិនចង់អោយលោកសម រង្ស៊ីវិលចូលស្រុកវិញនោះទេ ដោយសារតែគណបក្សប្រជាជនបានដឹងពីឥទ្ធិពលនៃសន្ទុះគាំទ្ររបស់លោកសម រង្ស៊ី កាលវិលចូលស្រុកនាឆ្នាំ ២០១៣។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថាមើលឃើញស្រដៀងគ្នាដែរថា បើនេះជាការពិត ស្របពេលដែលមានការកោះហៅលោកសម រង្ស៊ីចូលស្រុកនោះ លោកថា រដ្ឋាភិបាល បែបមិនចង់អោយលោកសម រង្ស៊ីវិលមកកម្ពុជាវិញនោះទេ និងកំពុងតែបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឯងមិនអោយចេញចូលប្រទេសកំណើតរបស់ខ្លួន។
សូមបញ្ជាក់ថា ការលេចចេញនូវលិខិតរារាំងមិនអោយលោកសម រង្ស៊ីវិលចូលប្រទេសនេះ បន្ទាប់ពីថ្មីៗនេះ លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បណ្តឹងច្រើនរូបនេះ ប្រកាសថាលោកនិងវិលត្រឡប់មកទទួលទោសនៅកម្ពុជា ដោយសុខចិត្តប្តូរទៅនិងសិទ្ធិសេរីភាពរបស់សកម្មជនគណបក្ស និងអ្នកការពារសិទ្ធិមនុស្សដែលបានជាប់ពន្ធនាគារក្រោមហេតុផលនយោបាយ៕
ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!