ការប្រើប្រាស់គ្រឿងញៀនតាមទីជនបទ មានការកើនឡើង ខណៈដែលសង្គមស៊ីវិល បារម្ភដល់យុវជន
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរកឃើញថា ក្នុងចំណោមអ្នកបើកបរនៅពេលយប់ប្រមាណ ១០០ នាក់ យ៉ាងហោចណាស់ មាន ២០ នាក់ បានពិនិត្យឃើញថា មានប្រើប្រាស់គ្រឿងញៀន ស្របពេលដែលសង្គមស៊ីវិល មើលឃើញថា បញ្ហាគ្រឿងញៀននេះ កំពុងតែបន្តរីកសាយភាយគ្រប់ទីកន្លែង មិនថាទីជនបទដាច់ស្រយាល។
ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីពិភាក្សាស្តីពី បញ្ហាគ្រឿងញៀនប្រទេសកម្ពុជា នាយប់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ មេតាហោស៍ ដែលមានអ្នកចូលរួមប្រមាណជាង ៥០ នាក់។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងអំឡុងពេលចុងក្រោយ ដែលកម្ពុជា បានរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរកឃើញថា ក្នុងចំណោមអ្នកបើកបរនៅពេលយប់ ប្រមាណ ១០០ នាក់ ក្នុងនោះ មាន២០ នាក់ បានប្រើប្រាស់នូវគ្រឿងញៀន។ លោកបន្តថា ដំបូងឡើយ កម្ពុជា គ្រាន់តែជាប្រទេស គោលដៅសម្រាប់ធ្វើការចរាចរណ៍នូវការជូញដូរគ្រឿងញៀនតែប៉ុណ្ណោះ តែដោយសារឥទ្ធពលនៃគ្រឿងញៀននេះ បានធ្វើឲ្យកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមិនល្អ។
លោក មាស វីរិទ្ធ បានបញ្ចាក់ថា គ្រឿងញៀនប្រមាណជា ៧០ % ដែលមានការប្រើប្រាស់ ឬចរាចណ៍នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន មានប្រភពចេញពីតំបន់ត្រីកោណ ដោយក្រុមជួញដូរមានការចាត់តាំងបណ្តាញយ៉ាងរឹងមាំ ហើយបានដឹងចេញពីប្រទេសឡាវ ឆ្លងកាត់តាមកម្ពុជា រួចបន្តទៅប្រទេសថៃ។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ អភិវឌ្ឍន៍និងសន្ដិភាព បានលើកឡើងថា ស្ថានភាពគ្រឿងញៀន ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន មានលក្ខណៈកាន់តែខ្លាំងឡើងៗ ខណៈដែលកន្លងទៅតាមទីជនបទនានាដែលមិនធ្លាប់មានការប្រើប្រាស់ ក៏ចាប់ផ្តើមកើនឡើង និងមានលក្ខណរីករាលដាលខ្លាំង។ ជាងនេះទៅទៀត តំបន់មួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងបន្ទាយមានជ័យ ដែលជាតំបន់សំបូរទៅដោយភ្ញៀវទេសចរណ៍ និងជាប់ព្រំដែន ដែលមានភាពរីកសាយភាយខ្លាំងហើយនោះ ហាក់មិនមានការទប់ស្កាត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីផលប៉ះពាលរបស់គ្រឿងញៀននេះ ទៅក្នុងសហគមន៍ឲ្យមានការយល់ដឹងទាល់តែសោះ។
ចំណែកអ្នកស្រី ស៊ូ សុចិន្តា ប្រធានគម្រោងអភិវឌ្ឍន៍ស្ថាប័ន នៃអង្គការ KHANA លើកឡើងដែរថា សារធាតុគ្រឿងញៀន បាននឹងកំពុងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ចន្លោះពី ១៣ ឆ្នាំ ដល់ អាយុ ១៨ ឆ្នាំ ដែលជ្រុលខ្លួនប្រឡូកក្នុងការប្រើប្រាស់នូវសាធាតុញៀននេះ ជួបប្រទះមូវបញ្ហាជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ឥទ្ធិពលនៃអ្នកប្រើប្រាស់គ្រឿងញៀន ក៏កំពុងតែបង្កហានិភ័យដល់សង្គមកម្ពុជា ដូចជា អំពើហឹង្សា ប្រឈមនឹងជំងឺឆ្លងផ្សេងៗ ជាពិសេស មេរោគអេសន៍ និងបង្កជាបទល្មើសនៅក្នុងសង្គមផងដែរ។
ជាងនេះទៅទៀត ជនរងគ្រោះដោយសារគ្រឿងញៀនភាគច្រើន ដែលស្ថិតក្នុងដំណាក់ការព្យាបាល ក៏មិនត្រូវបានយកចិត្តទុកដាក់ និងគ្មានការទទួលខុសត្រូវសម្រាប់ពួកគេ បើទោះជាក្នុងច្បាប់ បានកំណត់ថា ជនប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ មិនមែនជាជនឧក្រឹត្យក៏ដោយ។ លោកស្រី បារម្ភថា ភាពប្រអើយកន្តើយទាំងនេះហើយ ដែលធ្វើឲ្យពួកគេភាគច្រើន ត្រឡប់ទៅសភាពដើមវិញ នៅពេលដែលមានសេរីភាព។
សូមជំរាប់ ថា នៅថ្ងៃតី ១ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើយុទ្ធនាការបង្ក្រាប់ការប្រើប្រាស់គ្រឿងញៀន ដោយមិនប្រើប្រាស់អាវុធ ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់ការរីលរាលដាលនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា បើទោះជាកន្លងទៅ អគ្គនាយកដ្ឋាននេះ ទទួលស្គាលថា ខ្លួនគ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសរត់ពន្ធគ្រឿងញៀនជាទ្រងទ្រាយធំយ៉ាងណាក្តី ព្រោះតែភាគច្រើននៃពួកគេសុទ្ធតែមានក្រុមចាត់តាំង។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!