ក្រសួងពាណិជ្ជកម្ម អះអាងថា លំហូរចូលនៃផលិតផលបរទេស មកកម្ពុជា មិនមានបញ្ហាប្រឈម តែអ្នកសេដ្ឋកិច្ចនៅតែបារម្ភ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អះអាងថា លំហូរចូលនៃផលិតផលបរទេស មកកម្ពុជា មិនមានជាបញ្ហាប្រឈមនោះទេ ប៉ុន្តែនឹងធ្វើឲ្យពលរដ្ឋខ្មែរជាអ្នកផលិត ខិតខំពង្រឹងសមត្ថភាព និងគុណភាពផលិតផល ដើម្បីត្រៀមប្រកួតប្រជែងសម្រាប់ទីផ្សារអាស៊ាន។ យ៉ាងណា អ្នកសេដ្ឋកិច្ចបារម្ភថា ផលិតផលរបស់ខ្មែរ មិនអាចប្រកួតប្រជែញជាមួយបរទេសបាន បើមានការហូរចូលមកច្រើន ព្រោះផលិតផលខ្មែរមានតម្លៃខ្ពស់។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី៖
ក្នុងពិធីសម្ភោធពិព័រណ៍ផលិតផលនាំចេញ នាំចូល ខេត្ត១ ផលិតផល១ កម្ពុជាលើកទី ១១ ឆ្នាំ២០១៦ នៅរសៀលថ្ងៃទី ១៥ ធ្នូ ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម បានលើកឡើងថា ការហូរចូលនៃផលិតផលក្រៅប្រទេស ជាកត្តាមួយជួយជម្រុញឲ្យពលរដ្ឋម្ចាស់ស្រុកមានការខិតខំប្រឹងប្រែង និងអភិវឌ្ឍគុណភាពផលិតផលរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង។
ស្របពេលដែលលោកអះអាងថា ការហូរចូលនៃផលិតផលក្រៅប្រទេស គឺជារឿងល្អ លោក ប៉ាន សូរស័ក្តិ បានលើកឡើងដែរថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេច សម្រាប់ដោះស្រាយ ក្នុងការជួយរកទីផ្សារជូនផលិតករខ្មែរ ដូចជាកាត់បន្ថយពេលវេលា ក្នុងការចុះបញ្ជីក្រុមហ៊ុន ធ្វើការទូទាត់កម្រៃសេវាសាធារណៈ និងកម្រៃផ្សេងៗតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់ផលិតករផងដែរ។ ជាងនេះទៅទៀត លោកក៏បានជម្រុញឲ្យផលិតករទាំងអស់ពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនឲ្យបានល្អ ដើម្បីប្រកួតក្នុងទីផ្សារអាស៊ានផងដែរ។
សូមជំរាប់ថា កម្មវិធី ពិព័រណ៍ផលិតផលនាំចេញ នាំចូល ខេត្ត១ ផលិតផល១ កម្ពុជាលើកទី ១១ ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ធ្នូ ២០១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណង ជម្រុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្តានុពលវិនិយោគល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារ និងធុរកិច្ច នៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់បានស្គាល់ និងគាំទ្រផលិតផល និងទំនិញក្នុងស្រុក ។
យ៉ាងណាពាក់ព័ន្ធនឹងលំហូរផលិតផលបរទេសនេះ លោក ចន្ទ សុផល អ្នកនាំពាក្យសមាគមន៍សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១៦ ធ្នូនេះថា គឺជារឿងល្អប្រសិនបើផលិតផលនាំចូលទាំងនោះ មានគុណភាពល្អ និងមានតម្លៃសមរម្យ ប៉ុន្តែលោកយល់ថា ផលិតករក្នុងស្រុកនៅតែប្រឈមនឹងបញ្ហា ព្រោះមិនអាចធ្វើការប្រកួតប្រជែញជាមួយគេបាន ដោយសារតែតថ្លៃដើម និងបរិមាណនៃការផលិត នៅកម្ពុជា នៅមានកម្រិត ហើយមានតម្លៃខ្ពស់ជាង ។
បន្ថែមពីនេះ លោក ចន្ទ សុផល បានអំពាវនាវដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាសម្រួលបរិស្ថានធុរកិច្ច ដល់ប្រជាពលរដ្ឋដែលជាផលិតករ តាមរយៈកាត់បន្ថយថ្លៃដើម និងអគ្គសនីជាដើម ដើម្បីជម្រុញ និងលើកទឹកចិត្តផលិតករទាំងនោះ ឲ្យពួកគេមានជីវភាពប្រសើរឡើង។
សូមជម្រាប់ថា ពិព័រណ៍ផលិតផលនាំចេញ នាំចូល ខេត្ត១ ផលិតផល១ កម្ពុជាលើកទី ១១ ឆ្នាំ២០១៦ រៀបចំដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគាំទ្រ ពីបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឆេក និងមន្ទីរពាណិជ្ជកម្មទាំង ២៥ រាជធានីខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកដែលកំពុងប្រតិបត្តការនៅកម្ពុជា សរុបចំនួន ២៩៥ ក្រុមហ៊ុន និងមានស្តង់សរុប ៣២៣ ស្តង់។ផលិតផល និងសេវាកម្មជាច្រើន ត្រូវបានដាក់តាំងបង្ហាញ ក្នុងព្រឹត្តការណ៍ពាណិជ្ជកម្មនេះរួមមាន ផលិតផលកសិកម្ម គ្រឿងចក្រកសិកម្ម ម៉ាស៊ីនឧស្សាហកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ ផលិតផលធ្វើពីអង្ករ រួមទាំងវត្ថុអនុស្សាវរីយ៍ សេវាផ្សេងៗមួយចំនួនទៀត។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!