ក្រសួងការងារ និង GMAC អំពាវនាវអោយគោរពច្បាប់សហជីព តែសហជីព យល់ថា ច្បាប់នេះបានធ្វើឲ្យខ្លួនបាត់បង់សិទ្ធិ
ភ្នំពេញ៖ ក្រសួងការងារ និង GMAC អំពាវនាវអោយនិយោជក និងសហជីពគោរពច្បាប់ស្តីពីសហជីព ដើម្បីឲ្យផលិតភាព ក្នុងប្រទេសមានការកើនឡើង។ តែប្រធានសហភាពការងារ អះអាងថា ច្បាប់នេះ នៅតែបន្តផលប៉ះពាល់ខ្លាំងដល់សហជីព។
អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ GMAC លោក គង សាង បានលើកឡើងថា និយោជក និងសហជីពទាំងអស់ត្រូវតែគោរពច្បាប់សហជីព ដែលបានចូលជាធរមាន ក្នុងពេលកន្លងមកនេះ ដោយលោកអះអាងថា ច្បាប់នេះ មានសារៈសំខាន់សម្រាប់សហជីព និងនិយោជក ដូចជាផ្នែកវិជ្ជាជីវៈជាដើម ដែលអាចធ្វើអោយសហជីព និងនិយោជកសហការគ្នាបានដោយរលូន។
លោកបន្តថា ប្រសិនបើច្បាប់នេះ មានការអនុវត្តបានល្អទាំងអស់គ្នានោះ ផលិតភាពនិងមានការកើនឡើង ហើយការនាំចេញក៍មានការកើនឡើងផងដែរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសហជីពដល់និយោជក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៦នេះ។
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ច្បាប់ស្តីពីសហជីព មានគោលបំណងការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់ដល់កម្មករនិយោជិត ហើយធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិក និងនិយោជក ដើម្បីជំរុញអោយមានសុខដុមរមានានៃទំនាក់ទំនងវិជ្ជាជីវៈ ហើយច្បាប់នេះ ក៏រួមចំណែកក្នុងការបង្កើតការងារសមរម្យ បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកំពស់ជីវភាពរបស់កម្មករនិយោជិតផងដែរ។
យ៉ាងណា លោក អាត ធន ប្រធានសហភាពការងារ បានប្រាប់វិទ្យុសំលេងយុវជនថា ការបង្កើតច្បាប់ និងការអនុវត្តច្បាប់ នាពេលកន្លងទៅនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សហជីព ព្រោះសហជីពមួយចំនួន ត្រូវបានដក់សិទ្ធ មិនអាចធ្វើអ្វីបាន ហើយនិយោជក កាន់តែមានសិទ្ធិអំណាចគ្រប់គ្រងក្នុងការគ្រប់គ្រងសហជីព។ លោក ស្នើឲ្យក្រសួងការងារ ធ្វើវិសោធនកម្មចំពោះច្បាប់នេះម្តងទៀត និងមិនត្រូវប្រកាសអ្វីផ្សេង ដែលកាត់បន្ថយសិទ្ធិកម្មករដែលផ្តល់ភាពងាយសម្រាប់បញ្ឈប់ការងារកម្មករ ដោយខុសច្បាប់ នោះទេ ។
គួរំលឹកថា ច្បាប់ស្តីពីសហជីព ត្រូវបានប្រកាសអោយប្រើនៅ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលក្នុងអំឡុងអនុម័តច្បាប់នេះ មានការតវ៉ាជាច្រើន ពីសំណាក់កម្មករ និងសហជីព ដើម្បីឲ្យមានការកែប្រែមាត្រាមួយចំនួន ក៏ព្រោះតែពួកគេ យល់ថា មានការរឹតត្បឹតសេរីភាព ក្នុងការសំដែងមតិ និងបង្កភាពងាយស្រួល សម្រាប់និយោជក ក្នុងការបញ្ឈបកម្មករ និងសហជីព៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!