ក្រសួងកសិកម្ម ចង់ឲ្យសេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្មសម្រេចបានឆាប់ៗ ខណៈសង្គមស៊ីវិល និងប្រជាកសិករ សំដែងការព្រួយបារម្ភ
ភ្នំពេញ៖ ក្រសួងកសិកម្ម ចង់ឲ្យសេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្មសម្រេចបានឆាប់ៗ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ប៉ុន្តែសង្គមស៊ីវិលស្នើពន្យារពេល ខណៈដែលប្រជាកសិករមានការព្រួយបារម្ភពីភាពមិនប្រក្រតីមួយចំនួននៃច្បាប់នេះ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងច្បាប់ស្តីពី ដីកសិកម្ម នៅថ្ងៃទី ១៩ ធ្នូ នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា កន្លងទៅ បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម កើតមានឡើង ដោយសារតែកម្ពុជា មិនទាន់មានច្បាប់ ដើម្បីធ្វើការគ្រប់គ្រងវិស័យកសិកម្មឲ្យបានល្អ។ ហេតុនេះ លោក ចង់ឲ្យច្បាប់ស្តីពីដីកសិកម្មនេះ អនុម័តឲ្យបានឆាប់ ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យ ដូចជាការកាប់ព្រៃក្នុងដីសម្បទានជាដើម។ ហើយ លោក ក៏បានជម្រុញឲ្យសង្គមស៊ីវិល និងពលរដ្ឋ ឆាប់ឯកភាពគ្នា លើសេចក្តីព្រាងច្បាប់នេះផងដែរ។
តែ លោក វេង សាខុន បានលើកឡើងបន្ថែមថា ប្រសិនបើសង្គមស៊ីវិល ឬពលរដ្ឋមិនយល់ស្រប នោះក្រសួង នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្មនេះ ក្នុងពេលខាងមុខ។
យ៉ាងណា លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល បានស្នើឲ្យក្រសួង ពន្យារពេលបន្ថែម ក្នុងការជជែកពិភាក្សាជាមួយដៃគួរពាក់ព័ន្ធ មុននឹងសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះឡើង ព្រោះកន្លងទៅ ប្រជាពលរដ្ឋបានអះអាងថា ច្បាប់នេះ មានការគៀបសង្កត់ និងមានការរឹតត្បឹតចំពោះប្រជាកសិករ។
អ្នកស្រី កែវ សុភី តំណាងកសិករ ខេត្តសៀមរាប ដែលសំដែងការមិនពេញចិត្តចំពោះច្បាប់ស្តីពី ដីកសិកម្ម បានលើកឡើងថា បើទោះបីជាច្បាប់នេះ បានអនុម័តយ៉ាងណាក្តី ក៏សេចក្តីព្រាងនេះ ហាក់មិនបានជួយអ្វីដល់ប្រជាកសិករនោះទេ ។ ដោយអ្នកស្រី អះអាងថា កសិករនៅតែជួបផលវិបាក ដោយសារបទបញ្ញតិមួយចំនួននៃច្បាប់នេះ ផ្តល់ប្រយោជន៍ចំពោះតែអ្នកវិនិយោគតែប៉ុណ្ណោះ ។
អ្នកស្រី កែវ សុភី បានសង្កត់ធ្ងន់ថា ប្រសិនបើក្រសួង ពិតជាមានឆន្ទៈជួយដល់កសិករមែន ក្រសួងគួរតែកែប្រែមាត្រាមួយចំនួននៃច្បាប់ស្តីពីដីកសិកម្ម ដូចជា កុំឲ្យមានការចុះបញ្ជីកសិកម្ម ចំពោះកសិកម្មខ្នាតតូច។ ហើយអ្នកស្រីបានស្នើឲ្យក្រសួងរកទីផ្សារមួយជាក់លាក់ជូនប្រជាកសិករ មានការផ្តល់ទុនសម្រាប់កសិករខ្ចី ផ្តល់ដីកម្ចីសម្រាប់កសិករក្រីក្រ និងពង្រីកប្រព័ន្ធធារាសាស្ត្រសម្រាប់ធ្វើកសិកម្មជាដើម ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម ដែលមាន ១៣ ជំពូក និង ១២១ មាត្រា ជាសេចក្តីព្រាងចុងក្រោយ ដោយបានកែតម្រូវ ចំនួន ៦ លើក ក្នុងគោលបំណងកំណត់ក្របខណ្ឌគតិយុទ្ធ ដើម្បីគ្រប់គ្រងការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សធនធានដីកសិកម្ម រួមជាមួយប្រព័ន្ធក្សេត្របរិស្ថាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម សម្រាប់ទ្រទ្រង់ផលិតផលកសិកម្ម និងធនធានកសិកម្មទាំងអស់ដែលកាន់កាប់ដោយគ្រប់ប្រភេទកម្មសិទ្ធ និងរាល់សកម្មភាពរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលប្រើប្រាស់ធនធានដីកសិកម្មនៅកម្ពុជា ៕
ដោយកញ្ញា ចាន់ សុវណ្ណដារី៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!