កម្ពុជា នឹងរៀបចំពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិលើកដំបូង ក្នុងឆ្នាំ២០១៧
ភ្នំពេញ៖ កម្ពុជា នឹងរៀបចំពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិលើកដំបូង ក្នុងខែតុលា ឆ្នាំ២០១៧ ខាងមុខ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ នឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ខណៈដែលប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បារម្ភថា កង្វះការផ្សព្វផ្សាយរបស់កម្ពុជា បានធ្វើឲ្យប្រទេសមួយចំនួន កេងប្រយោជន៍ពីកម្ពុជា។
លោក ទួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងនៅថ្ងៃទី ២០ ធ្នូ ក្នុងសន្និសិទស្តីពីគម្រោងនៃការរៀបចំពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិលើកទី ១ ថា ការតាំងពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិ លើកទី ១ នៅកម្ពុជា ខាងមុខ នឹងធ្វើឲ្យកម្ពុជាមានការរីកចម្រើនថែមទៀតក្នុងវិស័យទេសចរណ៍ និងជួយឲ្យកម្ពុជាមានភាពល្បីល្បាញផងដែរ។
ជាងនេះដែរ លោក ទួន ស៊ីណាន បានបញ្ជាក់ថា ដោយសារកន្លងមក ការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាមិនសូវបើកទួលាយ ទើបធ្វើប្រទេសជិតខាង មួយចំនួន ឆ្លៀតឱកាសយកឈ្មោះតំបន់ទេសចរណ៍របស់កម្ពុជា ដាក់ជាឈ្មោះរបស់ប្រទេសពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យមានការយល់ច្រឡំ ដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវអន្តរជាតិ។ ក្រៅពីការបារម្ភនេះ លោកក៏បានជម្រុញឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកតម្កើន ថែរក្សា និងអភិរក្ស រួមទាំងជួយផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំងផងដែរ។
យ៉ាងណាពាក់ព័ន្ធនឹងករណីនេះ វិទ្យុសំឡេងយុវជនមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ទិត ចន្ថា នារសៀលថ្ងៃទី ២០ ធ្នូ ២០១៦ នេះបានទេ ដោយសារទូរសព្ទចូលមិនមានអ្នកទទួល។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិ លើកទី ១ នៅកម្ពុជា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ តុលា ២០១៧ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នឹងការធ្វើដំណើ ទេសចរណ៍ដោយមានការលើកកម្ពស់គោលដៅទេសចរណ៍ ក្នុងស្រុក ដូចជា រមណីយដ្ឋាន សណ្ឋាគារ និងសួន ឧទ្យានកំសាន្តផ្សេងៗ។ បន្ថែមពីនេះទៀតពិព័រណ៍នេះ នឹងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិ ទីភ្នាក់ងាទេសចរណ៍ ដើម្បីបំពេញតាមតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសជាលក្ខណ:គ្រួសារ និងបុគ្គល របស់ប្រជាជនកម្ពុជា។
សូមជម្រាបដែរថា ការតាំងពិព័រណ៍វិស័យទេសចរណ៍ខ្នាតអន្តរជាតិ លើកទី ១ ២០១៧ នៅកម្ពុជា គឺរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងសមាគមទេសចរណ៏កម្ពុជា នឹងបើកទូលាយ និងស្វាគមន៍ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ នាវាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរិ៍យ ហាងទំនិញ ក្រុមប្រឹក្សាភិបាលវិស័យទេសចរណ៍ សមាគមប្រទេសអាស៊ី ឧទ្យាន ឬសួនកំសាន្ដ វប្បធម៌ សិល្បៈនិងការបង្ហាញបេតិកភ័ណ្ឌ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនផ្ដល់សេវាកម្មជួលឡាន ម៉ូតូ កង់ ភ្នាក់ងារធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ រួមទាំងការដឹកជញ្ជូន អ្នកផ្តល់ផលិតផលទាក់ទងនឹងការធ្វើដំណើរ ដូចជា កាតឥណទាន សំភារៈធ្វើដំណើរ សេវាធានារ៉ាប់រង ផ្ទេរប្រាក់ ទស្សនាវដ្តីទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនអ៊ីនធឺណេតជាដើម៕
ដោយកញ្ញា ចាន់ សុវណ្ណដារី ៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!