អ្នកវិភាគ យល់ថា ការហាមមិនឲ្យ UN ជ្រៀតជ្រែកកម្ពុជា គ្រាន់តែការបំភ័ន្តភ្នែក
ភ្នំពេញ៖ អ្នកវិភាគសាទរចំពោះការបន្តអនុស្សរណៈយោគយល់ថ្មីរវាងកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ប៉ុន្តែអ្នកវិភាគយល់ឃើញថា លក្ខខណ្ឌដែលរដ្ឋាភិបាលជម្រុញឲ្យ UN គោរពយុត្ថាធិការប្រទេសជាសមាជិក គ្រាន់តែជាការបំភ័ន្តភ្នែកតែប៉ុណ្ណោះ។
អ្នកវិភាគវ័យក្មេង លោក ចាន់ វិបុល បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃទី ២១ ធ្នូ នេះថា ជាការល្អ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុសារណៈយោគយល់ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីជម្រុញឲ្យការគោរពសិទ្ធមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ។ ប៉ុន្តែចំពោះលក្ខខណ្ឌដែលមិនអនុញ្ញាតិឲ្យ UN ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតក្រោមយុត្ថាធិការ ប្រទេសសមាជិកនីមួយៗនោះ លោកយល់ថា គ្រាន់តែជាការបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ ព្រោះចំណុចនេះ មានចែងក្នុងច្បាប់រួចទៅហើយ។
លោក ចាន់ វិបុល បានអះអាងថា ប្រសិនបើអវត្តមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នោះនឹងធ្វើឲ្យការបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមិនងាយបញ្ចប់។ ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា កន្លងមកអង្គការ UN មិនដែលរំលោភបំពានយុត្ថាធិការប្រទេសណាមួយជាសមាជិកនោះទេ ព្រោះរាល់សកម្មភាពរបស់ UN គឺបំពេញតាមតួនាទី និងសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទិ ១៩ ធ្នូ កម្ពុជា បានសម្រេចបន្ដអនុស្សរណៈយោគយល់ថ្មី ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំ បន្ទាប់ពីមានការព្រមព្រៀងគ្នា ។ ហើយក្នុងកិច្ចព្រមព្រៀងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលការណ៍មិនអនុញ្ញាតិឲ្យ UN ចូលជ្រៀតជ្រែកកិច្ចការដែលស្ថិតក្រោមយុត្ថាធិការ ប្រទេសសមាជិកនីមួយៗ ដូចជាកម្ពុជាជាដើម។
លោក មាស នី អ្នកវិភាគការអភិវឌ្ឍសង្គម បានលើកឡើងថា នេះជាលទ្ធផលវិជ្ជមានមួយដែលរដ្ឋាភិបាលព្រមបន្ទន់ឥរិយាបទ បន្តចុះកិច្ចព្រមព្រៀងជាមួយUN បើមិនដូច្នោះទេ បញ្ហាប្រឈមមួយចំនួននឹងកើតមានចំពោះកម្ពុជា បើកម្ពុជា មិនបន្តកិច្ចព្រមព្រៀងនេះ។
វិទ្យុសំឡេងយុវជនមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននៅឡើយទេនៅថ្ងៃ ពុធ នេះ។ តែកន្លងទៅ រដ្ឋាភិបាលកម្ពុជា ធ្លាប់បានព្រមានបិទការិយាល័យសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែតុលា បន្ទាប់ពីលោកស្រី វ៉ានហៀ លី តំណាងការិយាល័យឧត្តមស្នងការ UN ដែលបានរិះគន់ចំណាត់ការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយមានចេតនារារាំងមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រឡប់ចូលស្រុកខ្មែរវិញ៕
ដោយកញ្ញា ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!