ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង បារម្ភពីការបណ្តាញចេញដោយគ្មានសំណង ក្រោយការអភិវឌ្ឈ
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីតាមបណ្តោយផ្លូវរថភ្លើង ប្រមាណ ១០០ នាក់ ទាមទារអោយផ្តល់សំណងមុន និងធ្វើការបណ្តេញចេញពីលំនៅស្ថាន។ ការលើកឡើងបែបនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ មានគម្រោងសាងសងផ្លូវ ស្របតាមបណ្តោយផ្លូវរថភ្លើង។
នៅព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋប្រមាណ ១០០ នាក់ ក្នុងសង្កាតទួលសង្កែ ខណ្ឌឬស្សីកែវ បានប្រមូលផ្តុំគ្នាធ្វើសន្និសិទសារពត៍មាន លើផ្លូវរថភ្លើង មុខវត្តទួលសង្កែដើម្បីទាមទារអោយអភិបារាជធានីភ្នំពេញ ដោះស្រាយសំណងផលប៉ះពាល់ មុននិងធ្វើការអភិវឌ្ឍកន្លែងដែលពួកគាត់រស់នៅ។
លោក ឡុង ចាន់ឌី ជាប្រជាពលរដ្ឋម្នាក់ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ជាច្រើនឆ្នាំមកហើយ បានលើកឡើងថា ខ្លួនសប្បាយចិត្តចំពោះការអភិវឌ្ឍ ហើយក៏មិនមានការជំទាស់អ្វីនោះដែរ ប៉ុន្តែលោកចង់ឲ្យរដ្ឋាភិបាលដោះស្រាយសំណងផលប៉ះពាល់ជាមុនសិន មុននឹងធ្វើការអភិវឌ្ឍ។ ការលើកឡើងបែបនេះ ក៏ព្រោះតែលោកបារម្ភថា អោយតែមានការអភិវឌ្ឍកន្លែងណា ប្រជាពលរដ្ឋតែងតែទឹកភ្នែកន្លែងនោះ។
លោក រោង ពលរដ្ឋម្នាក់ទៀត ដែលរស់នៅក្នុងតំបន់នេះ ជាង ៣០ ឆ្នាំមកហើយនោះ បានលើកឡើងដែរថា ខ្លួនធ្លាប់ទទួលរងនូវផលប៉ះពាល់ជាខ្លាំងចំពោះការអភិវឌ្ឍនាពេលកន្លងទៅ ដែលធ្វើអោយកូនចៅរបស់លោក មិនបានរៀនសូត្រ និងបាត់ទាំងមុខរបរ និងត្រូវប្រឈមនឹងការជួលផ្ទះគេស្នាក់នៅទៀតផង។
លោក រោង បន្តឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែឆ្នូ ខាងមុខ ប្រជាពលរដ្ឋទាំងអស់ និងធ្វើលិខិតដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើអោយបង្ហាញពីយន្តការដោះស្រាយសំណងផលប៉ះពាល់ទាំងនេះ ។
សូមនជំរាបថា កន្លងទៅ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងទាំងនេះ បានអះអាងថា ពួកគេធ្លាប់បានធ្វើការតវ៉ាជាច្រើនដងមកហើយ ដើម្បីឲ្យសាលារាជធានី បង្ហាញអោយបានច្បាស់លាស់ ពីគម្រោងអភិវឌ្ឍនេះ ប៉ុន្តែពុំទាន់មានដំណោះស្រាយអ្វីជូនពួកគាត់នូវឡើយ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុសំឡេងយុវជនថា មុននិងធ្វើការអភិវឌ្ឍក្នុងតំបន់នេះ សាលារាជធានីភ្នំពេញ បានបង្កើតនូវគណៈកម្មការដោះស្រាយផលប៉ះពាល់ និងមានតួលេខច្បាស់ពីផលប៉ះពាល់ ហើយគណៈកម្មការនេះ និងជួបជាមួយអ្នកជំនាញរួចហើយនិងធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋទាំងនោះ ក្នុងពេលខាងមុខ។
គួរំលឹកថា កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០១៦ កន្លងទៅ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាផ្លូវបេតុងឆ្អឹងដែក ស្របតាមបណ្តោយផ្លូវរថភ្លើង ដែលចាស់ទ្រុតទ្រោមមិនមានដំណើរ ចាប់ពីផ្លូវលេខ ៧០ ដល់ផ្លូវជាតិលេខ៥ និងចាប់ពីគីឡូម៉ែត លេខ ៦ រហូតដល់ផ្លូវទំនប់៧០ ប្រវែង ៤ ៥១០ម៉ែត ដែលមានទទឹង ៧ ម៉ែង សង្ខាងផ្លូវ ក្នុងរយៈពេល ៥ ខែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ហើយតាមរបាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា គម្រោងនេះ មានអ្នកប៉ះពាល់អស់ផ្ទះទាំងស្រុងចំនួន៤២៤គ្រួសា និងអ្នកប៉ះពាល់ក្បាលដី ជំរៅពី១ម៉ែត្រទៅ៧ម៉ែត្រ មានចំនួន៩៧៧គ្រួសារ។
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!