សហរដ្ឋអាមេរិក កំពុងពិចារណា រឿងលុបបំណុលដែលកម្ពុជាជំពាក់ តែចង់ឲ្យមានកិច្ចពិភាក្សាបន្ថែម
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កំពុងពិចារណាលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិកនៅសម័យលុនណុល ប្រមាណ ៤៤៥លានដុល្លា ហើយថាខ្លួនមានឆន្ទៈក្នុងការដោះស្រាយបំណុលនេះ តែត្រូវមានការពិភាក្សាបន្ថែមទៀត ។ ការលើកបែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាល បានស្នើឲ្យសហរដ្ឋអាមេរិក លុបចោលបំណុលទាំងអស់ដែលខ្លួនជំពាក់ក្នុងសម័យសង្រ្គាម។
លោក Josar, David J អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើការឆ្លើយតបតាមរយៈអ៊ីម៉ែលមកកាន់វិទ្យុសំឡេងយុវជននៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៦នេះថា បំណុលទ្វេភាគីរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក គឺជាប្រធានបទពិភាក្សាយូរអង្វែង ហើយវាជាអ្វីដែលសហរដ្ឋអាមេរិកចង់អោយមានការដោះស្រាយ។ ជាងនេះ ទៅទៀត លោកថា ការលុបចោលបំណុលទាំងអស់នេះ គឺចាំបាច់ត្រូវតែមានការពិភាក្សាបន្ថែមទៀត មុនពេលដែលខ្លួន អាចមានភាពជឿនលឿនទៅមុខលើរឿងនេះ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ពិចារណាលុបចោលបំណុលដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យរបបសាធារណរដ្ឋខ្មែរ ហើយបានក្លាយជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ដោយក្នុងនោះផងដែរ លោក ហ៊ុន សែន ក៏ទាមទារឲ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវផ្តល់ជំនួយដល់កម្ពុជា សម្រាប់បម្រើដល់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់តាំងពីសម័យនោះផងដែរ។
បន្ថេមពីនេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ លោក ហេង រតនា បានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា សំណងក្នុងសម័យសង្រ្គាមនៅកម្ពុជានាទស្សវត្សរ៍ឆ្នាំ៧០ គួរតែអនុវត្តន៍ដោយស្មើភាព និងគ្មានការរើសអើងសម្រាប់កម្ពុជា មានន័យថា បើសហរដ្ឋអាមេរិកទាមទារ បំណុលដែលកម្ពុជាជំពាក់នោះសហរដ្ឋអាមេរិក ក៏គួរតែសងថ្លៃចំពោះការខូចខាត និងការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារគ្រាប់បែករបស់អាមេរិកផងដែរ។
យ៉ាងណាចំពោះបញ្ហានេះ អ្នកវិភាគមើលឃើញថា បើកម្ពុជាចង់អោយសហរដ្ឋអាមេរិកលុបចោលបំណុលទាំងការទាំងដើម នោះរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួនដែលអាមេរិកចង់បានជាមុនសិន។
លោកសូ ចន្ថា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា សហរដ្ឋអាមេរិក អាចពិចារណាលុបចោលបំណុលជាង ៤៤៥ លានដុល្លានោះបាន តែកម្ពុជា គួរណាស់តែគោរពតាមអ្វីដែលអាមេរិកចង់បានជាមុនសិន ទាំងផ្នែកលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងបញ្ហាមួយចំនួនទៀត។
មិនតែប៉ុណ្ណោះ លោកបន្តថា ការដែលកម្ពុជាស្នើសុំជាថ្នូទៅនិងការ លុបលាងភាពទុក្ខសោក នៃការទំលាក់គ្រាប់បែកនៅកម្ពុជានោះ ដោយសារតែសង្គ្រាមត្រជាក់នៅកម្ពុជា ហើយអំឡុងពេលនោះ ក៏មានវត្តមានពួកវៀតកុង ដែលមកលាក់ពួននៅក្នុងទឹកដីកម្ពុជា ដែលជាហេតុធ្វើអោយកម្ពុជាមានទំនោរលាក់បំពួនពួកវៀតកុងដែលកំពុងតែមានសង្គ្រាមជាមួយអាមេរិក។
លោកឆាំ ប៊ុនថេត ក្រុមអ្នកវិភាគវ័យក្មេង លើកឡើកដែរថា បើកម្ពុជាអាចគោរពលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អោយបានល្អប្រសើរ និងឈប់យាយីគណបក្សប្រឆាំង លោកគិតថា សហរដ្ឋអាមេរិក អាចនឹងពិចារណាលុបចោលបំណុលទាំងអស់ដែលកម្ពុជាបានជំពាក់ខ្លួន។
គួររំលឹកថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងអំឡុងដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយប្រធានាធិបតី ប៊ីល ក្លីនតុន នៅឆ្នាំ២០០០ ដោយបានបញ្ចេញជាឯកសារចំហរ ទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។
បញ្ហានេះដែរ លោកឆាំ ប៊ុនថេតបានមើលឃើញថា ការទំលាក់គ្រាប់បែកនៅកម្ពុជា អាមេរិកគួរតែមានកាតព្វកិច្ច តែស្ថិតក្នុងសីលធម៌ទទួលខុសត្រូវតែប៉ុណ្ណោះ ហើយបើនៅតាមផ្លូវច្បាប់វិញ ចំពោះការទម្លាក់គ្រាប់បែកនៅកម្ពុជា ដើម្បីបណ្តេញពួកយៀកកុងវៀតណាម ក្នុងអំឡុងសង្គ្រាមរវាងអាមេរិក និងវៀតណាមនោះ គឺមិនមានលក្ខណៈចាប់បង្ខំអោយអាមេរិកសងមកកម្ពុជាទេ។
បើតាមឯកសាររបស់ ស៊ីម៉ាក បានបង្ហាញថា គ្រាប់បែកដែលសហរដ្ឋអាមេរិកទម្លាក់មកលើទឹកដីកម្ពុជា ក្នុងអំឡុងនោះ មានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូន គ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត២៥ម៉ឺនជើង។ ហើយតាមឯកសារចេញដោយសហរដ្ឋអាមេរិកបានឲ្យដឹងដែរថា បញ្ហាបំណុលកម្ពុជាជំពាក់អាមេរិកនេះ ក្នុងឆ្នាំ១៩៩៥ កម្ពុជា និងអាមេរិកសម្រេចបានលក្ខខណ្ឌ ដើម្បីសងបំណុលសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជានិងអាមេរិកយល់ព្រមគ្នាថា បំណុលដែលកម្ពុជាជំពាក់អាមេរិកមានចំនួន ១៦២លានដុល្លារ តែដោយសារទាំងការទាំងដើម គិតត្រឹមដំណាច់ឆ្នាំ២០០៩បំណុលនេះឡើងដល់ចំនួន៤៤៥លានដុល្លារ។
ដោយ លោក ញ៉ែម ប្រសិដ្ឋ និងកញ្ញា ឡុង គីមម៉ារីត
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!