សហគមន៍រងគ្រោះដីធ្លីមកពីខេត្តកោះកុង ថាអាជ្ញាធររើសអើងពួកគាត់ ខណៈឡើងមកតវ៉ាទាមទារដី
ភ្នំពេញ៖ សហគមន៍រងគ្រោះដីធ្លីមកពីខេត្តកោះកុង អះអាងថា ខ្លួនត្រូវបានរដ្ឋាភិបាលរើសអើង ខណៈដែលមានការរារាំងពីសំណាក់សន្តិសុខខណ្ឌដូនពេញ នៅពេលដែលពួកគេរៀបចំពិធីសែនព្រេន នៅមុខព្រះបារមរាជវាំង ដើម្បីអោយវត្ថុសក្តិសិទ្ឋិ ជំរុញអោយមន្រ្តីដែលបានសន្យាថា នឹងដោះស្រាយបញ្ហាវិវាទដីធ្លី អោយគោរពពាក្យសច្ច: និងអោយទន់ចិត្តជួយដោះស្រាយបញ្ហាដីធ្លីរាំរ៉ៃ។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី៖
ប្រជាពលរដ្ឋរងគ្រោះដីធ្លីប្រមាណជាង ១០០នាក់ តំណាងឲ្យពលរដ្ឋសរុបចំនួន ១៧៥គ្រួសារមកពីភូមិចំនួន៧ នៅក្នុងស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (KohKong Plantation) នៅរសៀសថ្ងៃទី ០៩ មករាបានមកជួបជុំគ្នានៅអាសន្នៈព្រះអង្គដងកើ មុខព្រះបារមរាជវាំង ដើម្បីធ្វើពិធីបួងសួងបែបសាសនា។
ខណៈធ្វើពិធីបែបសាសនាបួងសួង ក៏មានកម្លាំងសន្តិសុខខណ្ឌដូនពេញប្រមាណ៣០ នាក់ បានធ្វើការរារាំង ក្រោយពីមានការចរចា កម្លាំងសន្តិសុខខណ្ឌទាំងនោះ បានទុកពេលឲ្យប្រជាពលរដ្ឋប្រមាណ ១៥ នាទី ដើម្បីបញ្ចប់ពិធីបួងសួងនៅមុខអាសន្នៈព្រះអង្គដងកើនោះ។
អ្នកស្រី ផាវ ញើង តំណាងពលរដ្ឋរងគ្រោះខេត្តកោះកុង បានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋទាំងនោះ រួមទាំងអ្នកស្រីផងដែរ មិនទាន់ទទួលបានដំណោះស្រាយណាមួយពីក្រសួងពាក់ព័ន្ធ ទើបពួកគេនាំគ្នាប្រមូលផ្តុំគ្នានៅ មុខអាសន្នៈព្រះអង្គដងកើ ដែលជាទីតាំងដ៏ស័ក្តសិទ្ធិសម្រាប់ពុទ្ធសាសនិក។ អ្នកស្រីថា ការរារាំងពីសំណាក់សន្តិសុខនេះ បង្ហាញថា រដ្ឋាភិបាលកំពុងរើសអើងខ្លួនដែលជាម្ចាស់ឆ្នោត ព្រោះកន្លងមកអ្នកស្រី និងក្រុមជនរងគ្រោះដទៃទៀត តែងតែត្រូវកងកម្លាំងសន្តិសុខឃ្លាំមើល និងរារាំង នៅពេលដែលមានការប្រមូលផ្តុំគ្នា។
អ្នកស្រី ផាវ ញើង បានអះអាងថា ខ្លួនជាជនរងគ្រោះដីធ្លីពិតប្រាកដ មិនមែនជាមេខ្លោងដឹកនាំពលរដ្ឋបង្កអសន្តិសុខ ដូចការចោទប្រកាន់ពីសំណាក់អ្នកមានអំណាចមួយចំនួននោះទេ។ អ្នកស្រីបន្ថែមថា ប្រសិនបើមិនមានដំណោះស្រាយ ដូចអ្វីដែលប្រជាពលរដ្ឋទាមទារទេ នោះប្រជាពលរដ្ឋរងគ្រោះទាំងនោះ ក៏មិនត្រលប់ទៅខេត្តកោះកុងវិញដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជននៅព្រឹកថ្ងៃអង្គារ ទី ១០ មករា នេះថា ការហាមឃាត់នេះ គ្រាន់តែដើម្បីរក្សាសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។ ចំពោះដំណោះស្រាយជូនប្រជាពលរដ្ឋយ៉ាងណានោះ គឺអាស្រ័យលើអាជ្ញាធរខេត្ត ជាអ្នកដោះស្រាយ ដោយលោកអះអាងថា មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលារាជធានី។
គួររំលឹកថា កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៦កន្លងទៅ ប្រជាពលរដ្ឋដែលមានជម្លោះដីនៅ ខេត្តកោះកុងបានតវ៉ានៅរាជធានីភ្នំពេញ ដើម្បីសុំឲ្យស្ថាប័នមួយចំនួនជួយអន្តរាគមន៍រឿងដីធ្លីដែលពួកគេអះអាងថាកើតឡើងតាំងពីឆ្នាំ២០០៦ ក្រោយមកពលរដ្ឋទាំងនោះ ក៏បន្តការរវ៉ាជាបន្តបន្ទាប់ទៀត នៅមុខក្រសួងដែនដី ក្រសួងមហាផ្ទៃ និងផ្ទះលោកនាយករដ្ឋមន្ត្រីជាដើម។ ដោយពួកគេទាំង ១៧៥ គ្រួសារនោះ បានសម្រេចឯកភាពគ្នា ទាមទារសំណងជាដី ២ ហិកតា និងសំណងជំងឺចិត្ត ៥,០០០ដុល្លា ក្នុងមួយគ្រួសារ ដើម្បីជាថ្នូរប៉ះប៉ូវដែលខ្លួនរងផលប៉ះពាល់ពីក្រុមហ៊ុនទាំង២នេះ។ យ៉ាងណា អាជ្ញាធរមិនទាន់សម្រេចឯកភាពនៅឡើយទេ ដោយអះអាងថា នឹងលើកយកសំណើនេះ ទៅថ្នាក់លើ និងពិភាក្សាជាមួយក្រុមហ៊ុន បន្តទៀត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ ថាការសន្យានេះ គ្រាន់តែជាការពន្យាពេល ទើបពួកគេបន្តធ្វើយុត្តនាការជាថ្មី៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!