ប្រជាពលរដ្ឋ ជិត១០០ នាក់ ប្រផ្តុំគ្នា រារាំងអាជ្ញាធរ ចុះមកយកដី ក្នុងតំបន់បឹងប្រាំ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តបាតដំបង ប្រមាណជិត ១០០នាក់បានប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់សកម្មភាពរបស់អាជ្ញាធរ ដែលនាំពលរដ្ឋ និងនិវត្តន៍ជន ដើររកដីសម្បទានដែលទទួលបានពីរដ្ឋាភិបាល រំលោភលើដីរបស់ពួកគេ ដោយមានតែប្លង់ មិនស្គាល់ដី ដែលខ្លួនកាន់កាប់ផងនោះ។ តែយ៉ាងណា មេភូមិបឹងប្រាំ បានបដិសេធថា ខ្លួនធ្វើតាមបញ្ជារបស់រដ្ឋាភិបាល ហើយអះអាងថា នេះមិនមែនជាការឃុបឃិតរបស់ខ្លួនទេ។ រាយការណ៍បន្តដោយលោក ចក់ ចំរើន
ប្រជាពលរដ្ឋប្រមាណ ជិត ១០០ នាក់ តំណាងឲ្យពលរដ្ឋ ១៩២ គ្រួសារ ដែលមានជំលោះដីធ្លីរាំរ៉ៃ ក្នុងភូមិបឹងប្រាំ ស្រុកបវេល ខេត្តបាតតំបង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នា ដើម្បីធ្វើការទប់ស្កាត់សកម្មភាពដោយអហឹង្សាជាមួយអាជ្ញាធរ ដឹកនាំប្រជាពលរដ្ឋ និងនិវត្តន៍ជន ដែលទទួលបានដីសង្កមកិច្ចពីរដ្ឋាភិបាល ដោយលោកអះអាងថា ពួកគេទាំងនោះ បានឃុបឃិតគ្នា រំលោភយកដីរបស់ពួកគេ។
តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីស្រុកបឹងប្រាំ ក្នុងចំណោម ពលរដ្ឋ ១៩២ គ្រួសារ លោក ឆាន់ មុន្នី បានប្រាប់វិទ្យុសំលេងយុវជននៅថ្ងៃព្រហស្បតិ៍នេះថា ដីនៅតំបន់បឹងប្រាំ ជាដីដែលពួកគាត់បានមកកាន់កាប់ និងធ្វើស្រែចំការជាក់ស្តែង តាំងពីសមាហរណកម្ម ឆ្នាំ១៩៩៩ ប៉ុន្តែនៅឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត ដាក់ដីទាំងអស់នេះ ជាដីសម្បទានសង្គមកិច្ច ចែកឲ្យពលរដ្ឋក្រីក្រ ប្រមាណ ១២៩៩គ្រួសារ និងសោធនចូលនិវត្តន៍ចំនួន ២៥០គ្រួសារទៀត ដែលបង្កឲ្យមានជម្លោះរាំរ៉ៃ មិនអាចដោះស្រាយបាន រហូតដល់បច្ចុប្បន្ន។
ជាងនេះទៅទៀត លោក ឆាន់ មុន្នី បានលើកឡើងថា ប្រជាពលរដ្ឋមានភស្តុតាងជាច្រើន អំពីអំពើពុករលួយរបស់មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ដែលមានដីជាច្រើន ក្នុងគម្រោងដីសប្បទានសង្គមកិច្ចនោះ ដោយក្នុងម្នាក់មាន ដល់ ៥ ទៅ៦កន្លែង។ ហើយកន្លងទៅ រូបលោក និងប្រជាពលរដ្ឋដទៃទៀត ធ្លាប់បានដាក់ពាក្យប្តឹងជាច្រើនលើកច្រើនសាររួចមកហើយ ទៅរដ្ឋសភា ព្រឹត្តសភា នឹងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកកិច្ចអន្តរគមន៍ផ្តល់ដំណោះស្រាយ តែថ្ងៃនេះ លោកបានទទួលព័ត៌មានថា មានអាជ្ញាធរ ដឹកនាំប្រជាពលរដ្ឋ និងនិវត្តន៍ជនដែលទទួលដីសប្បទានសង្គមកិច្ច នៅលើដីរបស់ពួកគាត់ មកស្វែងរកដីកាន់កាប់តាមប្លង ទើបបានមានការជួបជុំប្រមូលផ្តុំយ៉ាងដូច្នេះ។
លោក ឆៀល លី មេភូមិបឹងប្រាំ ស្រុកបវិល ខេត្តបាតដំបង បានបដិសេធ និងអះអាងថា ពាក់ព័ន្ធនឹងរឿងដីសម្បទានសង្គមកិច្ចនេះ លោកបានស្នើទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលជាអ្នកសម្រេច ហើយចំពោះការចេញបណ្ណ័កម្មសិទ្ធនេះ ក៏មានការវាស់វែងបែងចែកត្រឹមត្រូវផងដែរ ហើយនេះជាការសម្រេចរបស់រដ្ឋាភិបាល។ ដោយឡែក ពាក់ព័ន្ធការចោទប្រកាន់មេភូមិ មេឃុំ ថាមានប្លង់ដីកម្មសិទ្ធ កាន់កាប់នោះ លោកអះអាងថា រឿងនេះ លោក បានបកស្រាយជាមួយអធិការកិច្ច ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ។
លោក យិនម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ដីសម្បទាននៅក្នុងភូមិបឹងប្រាំនេះ មានលក្ខណៈស្មុកស្មាញ ហើយតាមការចូលរួមអង្កេតពីដើមរហូតដល់ពេលនេះលោកឃើញមានចំណុចអវិជ្ជមាន ដែលរៀបចំឡើងដោយមន្ត្រីពាក់ពន្ធ័មួយចំនួន ដែលបានដាក់ដីសម្បទានទាំងនេះ ដោយមិនមានការសិក្សាអោយច្បាស់។
លោក យិន ម៉េងលី បញ្ចាក់ថា មធ្យោបាយដែលអាចដោះស្រាយបញ្ហានេះបាន គឺរដ្ឋមិនត្រូវចង់ចាញ់ ចង់ឈ្នះនោះទេ ហើយត្រូវពន្យល់ដល់ប្រជាពលរដ្ឋ ដែលមានដីច្រើនហិកតាទាំងអស់នោះ អោយបរិច្ចាគដីមករដ្ឋវិញដើម្បីបែងចែកដល់ប្រជាពលរដ្ឋដែលអត់ដីផ្សេងទៀតក្នុងតំបន់នោះ និងចេញជាបណ្ណ័កម្មសិទ្ធស្របច្បាប់ជូនពួកគាត់ហើយត្រូវនិរាករណ៍បណ្ណ័កម្មសិទ្ធចាស់ចោល នឹងរៀបចំសារជាថ្មី ។
គួបញ្ជាក់ថា បើតាមប្រជាពលរដ្ឋ ជំលោះដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៥មកម្លោះ ក្រោយមកនៅឆ្នាំ ២០១១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យដាក់តំបន់ជម្លោះនោះ ជាដីសប្បទានសង្គមកិច្ច ដោយបានប៉ះពាលប្រជាពលរដ្ឋចំនួន១៩២គ្រួសារ និងដីសរុបទំហំ ១០៨៥ហិតា។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!