នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស
ភ្នំពេញ៖ នៅថ្ងៃទី ១៥ មករា ឆ្នាំ ២០១៧ ខាងមុខនេះ នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីល រយៈពេល ១ សប្តាហ៍។ រាយការណ៍បន្តដោយលោក ចក់ចំរើន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៃនយោបាយ និងសេដ្ឋកិច្ច ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែ មករា ឆ្នាំ ២០១៧ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វីស តបតាមការអញ្ជើញរបស់លោកសាស្ដ្រាចារ្យ ក្លូសស្វាប់ ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
លោក ហ៊ុនសែន បានលើកឡើងនៅក្នុងទំពរ័Facebookផ្លូវការរបស់ខ្លួន នៅថ្ងៃសុក្រ ទី ១៣ មករានេះថា នៅថ្ងៃអាទិត្យទី១៥ ខែ មករា ឆ្នាំ ២០១៧ លោកដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរយះពេលពេញមួយសប្តាហ៍។
បើតាមសេចក្តីប្រកាសពត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ អោយដឹងថា នៅក្នុងវេទិកានេះ រដ្ឋាភិបាលកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំនានា ដែលមានប្រធានបទដូចជា ការដាក់ដំណើរការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល-ឯកជន ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្មៈ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ការប្រជុំពហុភាគីរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំពិភពលោក ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ការឆ្លើយតប និងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឲ្យមានដំណើរ ការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤។
លោក ជុំ សុន្ធរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ចាក់បា្រប់វិទ្យុលំលេងយុវជនថា គណប្រតិភូអមដំណើរលោក ហ៊ុន សែន រួមមាន លោកស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
សូមជំរាប់ថា ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅឆ្នាំ២០១៧នេះរដ្ឋាភិបាលកម្ពុជា នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសនោះ ដែលមានចំណងជើងថា កម្ពុជា ផ្កាយកំពុងរះរបស់អាស៊ាន ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងបង្ហាញជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជាសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ផងដែរ។
គួបញ្ជាក់ថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំពិភពលោកកំរិតខ្ពស់ បំផុត ពីរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅនៅរៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈ ពិភពលោក តំបន់ និងឧស្សាហកម្ម។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!