សត្វក្ងោក៣ក្បាលត្រូវបានព្រលែងក្នុងព្រៃអភិរក្ស ក្រោយរងការបាញ់សំលាប់ងាប់ ១ក្បាល
សត្វក្ងោក៣ក្បាលត្រូវបានអ្នកអភិរក្សសត្វព្រៃ និងអង្កការការពារសត្វព្រៃ បានចុះទៅចាប់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ ដើម្បីយកទៅព្រលែងក្នុងព្រៃអភិរក្ស ក្រោយពីមានពលរដ្ឋម្នាក់បានប្រើជំពាមបាញ់សំលាប់សត្វក្ងោកអស់មួយក្បាលក្នុងចំណោមសត្វក្ងោក៤ក្បាលនោះ។ បញ្ហាបាញ់សំលាប់សត្វក្ងោកមួយក្បាលនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រៅ និងក្នុងបណ្តាញហ្វេសបុក ធ្វើការរិះគន់ ចំពោះបុគ្គលដែលបានលើកដៃបាញ់សំលាប់ និងការយឺតយ៉ាវក្នុងការជួយសង្រ្គោះរបស់អាជ្ញាធរ។ រាយការណ៍បន្តដោយលោក ចក់ ចំរើន
កាលពីថ្ងៃទី ១៦ ម្សិលមិញ មានក្ងោក៤ក្បាលបានហើរចូលមកវត្តស្ទឹងមានជ័យ ហើយក៍បានហើរទៅផ្ទះអ្នកស្រុកខណៈនោះ ក៏ត្រូវបានពលរដ្ឋម្នាក់យកជំពាមបាញ់សំលាប់អស់មួយក្បាល ក្នុងចំណោម៤ក្បាល បន្ទាប់ពីរយៈពេលពីរថ្ងៃទើបមានមន្ត្រីអភិរក្សសត្វព្រៃចូលមកអន្តរាគម៍ ចាប់សត្វក្ងោកនេះយកទៅព្រលែងក្នុងតំបន់អភិរក្ស។ ក្រោយពីរងការរិះគន់ភ្លាមៗ ពលរដ្ឋដែលបានបាញ់សំលាប់សត្វក្ងោក ឈ្មោះ ខេង ពៅ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យនោះ ត្រូវបានអាជ្ញាធរចុះឃាត់ខ្លួន ដើម្បីធ្វើការអប់រំណែនាំអោយឈប់បន្តសកម្មភាពបែបនេះ ខណៈដែលបុគ្គលរូបនោះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន។
ទង្វើទាំងនេះ ក៏ត្រូវបានព្រះអង្គ ប៊ុត ប៊ុនទិញ ស្ថានិកបណ្តាញព្រះសង្ឃឯករាជ្យ បានមានសង្ឃដីការ តាមរយៈបណ្តាញហ្វេសបុករបស់ព្រះអង្គ នៅថ្ងៃទី ១៧ មករា ដោយធ្វើការរិះគន់ថា ការបាញ់សំលាប់សត្វក្ងោកមួយក្បាល ក្នុងចំណោម៤ ក្បាល ដែលជាសត្វដ៏កម្រនេះ គឺជាការធ្វែសប្រហែសរបស់មន្ត្រីមានសមត្ថកិច្ច និងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ។ ដោយក្នុងនោះ ព្រះអង្គបានធ្វើការប្រៀបធៀបនឹងប្រទេសជប៉ុន ចំពោះសត្វស្វាមួយក្បាល ដែលជាប់លើបង្កោលខ្សែភ្លើង ដែលមានអ្នកជំនាញគ្រប់ប្រភេទមកជួយសង្គ្រោះភ្លាមៗ ប៉ុន្តែសត្វក្ងោកដែលជាសត្វកម្រជិតផុតពូជនៅកម្ពុជាវិញ បែបជាគ្មានការអើរពើ និងយកចិត្តទុកដាក់ ដែលបណ្តាយឲ្យជនអគតិ បាញ់សំលាប់ ខណៈដែលអាចជួយសង្គ្រោះបាន។
ជាងនេះទៅទៀត ព្រះអង្គ បានមានសង្ឃដីកាថា ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋហាក់បីដូចជាមិនចាប់អារម្មណ៍ និងធ្វើការរារាំងការពារនេះទេ ទាល់តែមានការរិះគន់ជាបន្តបន្ទាប់ ទើបមានការអន្តរគមន៍ ខណៈដែលព្រៃឈើក៏អស់ ហើយសត្វព្រៃក៏ផុតពូជ ដែលនេះជាចំណុចចន្លោះប្រហោង និងចំណុចខ្សោយរបស់ពលរដ្ឋកម្ពុជា និងមន្ត្រីអាជ្ញាធរ ដូច្នេះព្រះអង្គ ជំរុញឲ្យពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមការពារទាំងអស់គ្នា។
យ៉ាងណា លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តាមការស្រាវជ្រាវ និងតាមបណ្តាញ Facebook នៅពេលនេះ មន្ត្រីជំនាញខាងអភិរក្សក្នុងខណ្ឌមានជ័យ បានសហការជាមួយកំលាំងនគរបាល និងអង្កការសម្ពន្ធ័មិត្តសត្វព្រៃដើម្បីធ្វើការជួយសង្គ្រោះសត្វក្ងោកនោះ ដោយយកទៅព្រលែងក្នុងតំបន់អភិរក្សសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងបានធ្វើការពិន័យ និងព្រមានដល់ជនបង្កនោះផងដែរ។
បើតាមលោក ឡោ រស្មី បានសន្និដ្ឋានថា សត្វក្ងោនេះ មិនមែនហើរមកពីតំបន់ព្រៃនោះទេ គឺប្រហែលជាមានប្រជាពលរដ្ឋដែលមានផ្ទះក្នុងរាជធានីភ្នំពេញនេះ បានចឹញ្ចឹមសត្វទាំងនេះ ហើយនៅពេលវាសាំង ក៏បានហើរចេញមក ដែលបណ្តាយឲ្យកើតរឿងយ៉ាងដូច្នេះ។ យ៉ាងណាលោកថា ការចិញ្ចឹកសត្វកម្រទាំងនោះ ច្បាប់មិនហាមឃាត់នោះទេ ហើយលោកថែមទាំងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋស្រឡាញ់ និងចូលរួមអភរក្ស ដោយការចិញ្ចឹម និងកុំសំលាប់សត្វកម្រទាំងនេះ។
តាមមាត្រា៩៦ នៃច្បាប់ស្តីពីព្រៃឈើ បានចែងថា ជនណាសម្លាប់សត្វដែលកម្របែបនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ដោយពិន័យតាមតម្លៃទីផ្សា គុណ២ដង នៃតំលៃនោះ។
លោក ឡោ រស្មី អំពាវនាវ និងស្នើឲ្យពលរដ្ឋទាំងអស់ គួរធ្វើការរាយការណ៍ជូនសមត្តកិច្ចមូលដ្ឋាន ប្រសិនបើបានឃើញសត្វព្រៃ ឬបក្សាបក្សី ដែលជាសត្វដ៏កម្រ ដើម្បីអាជ្ញាធរមូលដ្ឋានធ្វើការទំនាក់ទំនងទៅកាន់មន្ទីអភិរក្ស ឬជំនាញពាក់ពន្ធ័អោយមកទទួលយកសត្វទាំងនេះ ទៅព្រលែងនៅទីវាល សមរម្យស្របតាមសលក្ខណៈជីវសាស្រ្តរបស់ពួកវា ជៀសវៀងការបាញ់សម្លាប់ដូចសកម្មភាពបែបនេះ ដែលអាចធ្វើអោយហិនហោចនូវប្រភេទសត្វកម្រ និងរងការពិន័យផងដែរ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!