ស្ត្រីខ្មែរ ៧ នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយរងការជួញដូរផ្លូវភេទ នៅប្រទេសជប៉ុន
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយអាជ្ញារមានសមត្ថកិច្ចខេត្ត Gunma ប្រទេសជប៉ុន បានជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍ដល់ស្រ្តីខ្មែរចំនួន៧នាក់ ដែលរងគ្រោះដោយការជួញដូរផ្លូវភេទ បន្ទាប់ពីស្រ្តីរងគ្រោះនោះ បានផ្តល់ព័ត៌មានផ្ទាល់ទៅកាន់ទំព័រហ្វេសប៊ុករបស់ស្ថានទូត។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃតី ១៧ មករានេះ បានឲ្យដឹងថា ស្រ្តីរងគ្រោះទាំង៧នាក់នោះ ២នាក់មកពីភ្នំពេញ ២នាក់ពីខេត្តព្រៃវែង ម្នាក់មកពីខេត្តពោធិ៍សាត់ និងម្នាក់មកពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតពីខេត្តតាកែវ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅដល់ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការរៀបចំឯកសារសុំទិដ្ឋាការ និងសំបុត្រយន្តហោះ ពីបុរសជនជាតិជប៉ុនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងខេត្ត Gunma ។
សេចក្តីប្រកាសបន្តថា បុរសនោះ បានសន្យាផ្តល់ការងារធ្វើនៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្រ្តីរងគ្រោះជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បានគំរាមកំហែង និងបង្ខំអោយស្រ្តីរងគ្រោះ បំរើសេវាផ្លូវភេទដល់ភ្ញៀវនៅភោជនីយដ្ឋានរបស់ខ្លួនទៅវិញ និងមិនផ្តល់ប្រាក់បៀវត្សទៀត។
ភ្លាមៗ បន្ទាប់ពីទទួលបានសំណើពីសាម៉ីខ្លួន តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតបានអន្តរាគមន៍ជួយស្រ្តីរងគ្រោះទាំង៧នាក់ និងនាំពួកគេទៅស្នាក់នៅស្ថានទូតជាបណ្តោះអាសន្ន ដោយផ្តល់អាហារបរិភោគ សេវាថែទាំសុខភាព និង សម្ភារៈប្រើប្រាស់ចាំបាច់ដទៃទៀតផងដែរ។
ក្នុងនោះ ស្ថានទូតក៏បានបំពេញកិច្ចការមួយចំនួនទៀត ដើម្បីការពារប្រយោជន៍ដល់ស្រ្តីរងគ្រោះ ដូចជា សហការជាមួយនគរបាលខេត្ត Gunma សាកសួរព័ត៌មានពីស្រ្តីរងគ្រោះ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ និងស្វែងរកជនសង្ស័យនិងអ្នកពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់ តាមរយៈ ក្រុមមេធាវីស្ម័គ្រចិត្ត និងស្នើសុំអោយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) ជួយដោះស្រាយសំបុត្រយន្តហោះ ជូនស្រ្តីរងគ្រោះទាំង៧នាក់ និងបន្តគាំពារពួកគេពេលមកត្រឡប់មកដល់កម្ពុជាវិញ។
សូមជំរាប់ថា ដោយសារបញ្ហាសុខភាព ស្រ្តីរងគ្រោះម្នាក់ បានស្នើសុំត្រឡប់មកកម្ពុជាមុន ហើយបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ដោយឡែក ស្រ្តីរងគ្រោះ៦នាក់ផ្សេងទៀត នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៧ ខាងមុខ ក្រោយបញ្ចប់ការសាកសួរពីសំណាក់អាជ្ញាធរខេត្ត Gunma មន្រ្តីអន្តោប្រវេសន៍ ក្រុមមេធាវី និងមន្រ្តីអង្គការIOM ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!