រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល ៣ ថ្ងៃ
ភ្នំពេញ៖ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ ២៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៨ មករា ឆ្នាំ ២០១៧ បានឲ្យដឹងថា ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះ គឺតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
សេចក្តីប្រកាសព័ត៌មាន បន្តថា លោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយនឹងជួបចចារផ្លូវការជាមួយ លោក ប្រាក់ សុខុន ផងដែរ។ហើយក្រៅពីនោះ លោក សាលើមសៃ គុំម៉ាស៊ីត នឹងអញ្ជើញទស្សនាសារមន្ទីរជាតិ។
សូមជំរាប់ថាលោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយលោក វ៉ា គីមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនេះផងដែរ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!