ACU ថាមិនមានការសូកប៉ានលុយក្នុងពេលប្រឡងក្របខណ្ឌមេធាវី ខណៈប្រធានគណៈមេធាវីថ្មី ថានឹងមានវិធានការ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បដិសេធចំពោះព័ត៌មានពាក់ព័ន្ធការសូកប៉ានថវិកាក្នុងពេលប្រឡងក្របខណ្ឌមេធាវី ដោយអង្គភាពនេះ អះអាងថា ខ្លួនបានធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ខណៈដែលប្រធានគណៈមេធាវីថ្មីអាណត្តិទី ១១ បានទទួលស្គាល់ថា ពិតជាធ្លាប់លេចឮព័ត៌មាននេះ ហើយគ្រោងនឹងបង្កើតគណៈកម្មការត្រួតពិនិត្យ សម្រាប់ការប្រឡងវិជ្ជាជីវៈ មេធាវីនៅចុងខែកុម្ភៈខាងមុខ ដើម្បីឲ្យមានសុក្រិតភាព។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី៖
ក្នុងពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១០ ទៅអាណត្តិទី១១ និងចែកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា លោកធ្លាប់បានទទួលដំណឹងអំពីការសូកប៉ាន់ថវិកាមុនពេលប្រឡងចូលក្របខណ្ឌមេធាវី។ ប៉ុន្តែ ក្រោមការស៊ើបអង្កេតតាមនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ លោកអះអាងថា មិនមានអំពើពុករលួយណាមួយកើតឡើង ដូចការលើកឡើងនោះទេ។
ក្រៅពីនេះលោក ឱម យ៉ិនទៀង បានបញ្ជាក់ថា មេធាវីនៅកម្ពុជាមានតែ១ភាគរយប៉ុណ្ណោះ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬមិនស្មោះត្រង់នឹងកូនក្តី ដែលធ្វើឲ្យខាតប្រយោជន៍របស់កូនក្តី។ ហេតុនេះលោក អំពាវនាវឲ្យមេធាវីទាំងអស់ គប្បីកុំប្រព្រឹត្តអំពើពុករលួយខុសច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួន ព្រោះតែការប្រព្រឹត្ត និងចូលរួមប្រព្រឹត្តអំពើពុករលួយ ជាទង្វើដែលធ្វើឲ្យប៉ះពាល់សង្គម និងប៉ះពាល់ដល់កិត្តិនាម នីតិរដ្ឋកម្ពុជា។
គួរបញ្ជាក់ថា កន្លងទៅ ធ្លាប់មានព័ត៌មានក្រៅផ្លូវការថា ពេលប្រឡងចូលក្របខណ្ឌមេធាវី គឺត្រូវមានថវិកាខ្ទង់ម៉ឺនដុល្លារសម្រាប់ចូលប្រឡងយកក្របខណ្ឌមេធាវី ដើម្បីមានឈ្មោះជាមេធាវីនៃគណៈមេធាវីកម្ពុជា។
ទន្ទឹមនឹងការលើកឡើងនេះ លោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១ ដែលទើបឡើងកាន់ដំណែងថ្មីៗ បានសង្កត់ធ្ងន់ថា លោកនឹងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់ បញ្ហាទាំងនេះ។ ហើយលោកក៏បានជម្រុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ដាក់ពាក្យបណ្តឹងមកគណៈមេធាវី ប្រសិនបើរកឃើញ ឬបានជួប ប្រទះការផ្តល់ ឬទទួលសំណូកពេលប្រឡងចូលក្របខណ្ឌមេធាវី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។
ក្រៅពីការអះអាងយ៉ាងដូច្នេះ លោកក៏បានប្តេជ្ញាថា ក្នុងការកាន់ដំណែងជាប្រធានគណៈមេធាវីថ្មី លោកនឹងពង្រឹងការត្រួតពិនិត្យឲ្យបានតឹងរឹង ចំពោះការប្រព្រឹត្តអំពើពុករលួយ ក្នុងក្របខណ្ឌវិជ្ជាជីវៈមេធាវី ពាក់ព័ន្ធនឹងការសូកប៉ាន់ ក្នុងការប្រឡងចូលរៀនមេធាវី រួមទាំងការប្រព្រឹត្តអំពើពុកលួយរបស់មេធាវីផងដែរ។
ពាក់ព័ន្ធនឹងការសូកលុយជាថ្នូរនឹងការជាប់ឈ្មោះក្នុងការប្រឡងគណៈមេធាវីនេះដែរ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃទី២០ មករានេះថា កន្លងមក ពិតជាធ្លាប់មានព័ត៌មាន ពីការសូកប៉ាន់ថវិកាក្នុងការប្រឡងចូលក្របខណ្ឌមេធាវីពិតមែន។ តែលោកថា នេះគ្រាន់តែជាតម្រុយមួយតែប៉ុណ្ណោះ ដែលតម្រូវឲ្យភាគីពាក់ព័ន្ធ គួរតែមានវិធានការទប់ស្កាត់ ដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជា។
សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈមេធាវី បានឲ្យដឹងថា មេធាវីកំពុងប្រកបវិជ្ជាជីវៈ និងបានចុះបញ្ជីក្នុងគណៈមេធាវីកម្ពុជា មានចំនួនជាង ១.២០០នាក់ ក្នុងនោះមេធាវីពេញសិទ្ធិមានចំនួន១.០៨០នាក់។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!