ក្រសួងបរិស្ថាន ពង្រីកតំបន់អភិរក្ស ១.៥ លានហិកតា បន្ថែម
ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងពង្រីកតំបន់អភិរក្សរបស់ខ្លួនបន្ថែម ១.៥ លានហិកតា លើគម្រោបដែនអភិរក្សដែលមានស្រាប់ប្រមាណ ៦ លានហិកតា និងបញ្ចូលដែនកោះមួយចំនួន ដាក់ក្នុងគម្រោងនេះផងដែរ ខណៈដែលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា នៅតែបន្តកើតមានជាទ្រុងទ្រាយមធ្យម និងតូច។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងក្នុងសន្និសិទសារព័ត៌មាន កាលពីរសៀលថ្ងៃ ទី ១៩ មករា នាទីស្តីការក្រសួងថា ក្រុមការងារ កំពុងសិក្សាលើការពង្រីកដែនអភិរក្សបន្ថែម ក៏ដូចជាដាក់បញ្ចូលដែនកោះមួយចំនួន ក្នុងគម្រោងនេះ ដើម្បីធ្វើការការពារ។ លោកថា នៅពេលនេះ មន្ត្រីជំនាញ ក៏កំពុងស្វែងរកកំណត់ទីតាំងឲ្យបានច្បាស់លាស់ ដើម្បីបង្កលក្ខណងាយស្រួល សម្រាប់កំណត់គម្រោងព្រៃអភិរក្សដែលនៅសេសសល់ ឲ្យបានឆាប់រហ័ស។ យ៉ាងណា លោក ទទួលស្គាល់ថា ការកាប់បំផ្លាញព្រៃឈើ ដោយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ នៅតែបន្តកើតមាន ដែលបង្កការលំបាក ក្នុងការបង្រ្កាប។
ក្រៅពីនេះ លោក សាយ សំអាល់ ក៏បានឲ្យដឹងដែរថា ក្រសួងកំពុងរៀបចំយន្តការក្នុងការចុះត្រួតពិនិត្យនៅគ្រប់ដេប៉ូលក់ឈើទាំងអស់ទូទាំងប្រទេសឡើងវិញ ដើម្បីស្វែងរកប្រភពឈើមិនស្របច្បាប់ ដើម្បីជាចំណែកមួយទប់ស្កាត់បទល្មើសព្រៃឈើ ខណៈដែលខ្លួនកំពុងស្វែងរកលទ្ធភាពក្នុងការទប់ស្កាត់ការនាំចូលរណាយន្តអារឈើ ដែលឧបករណ៍ទាំងនេះ បង្កភាពងាយស្រួលដល់ជនល្មើស ក្នុងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
យ៉ាងណា បណ្តាញស្រាវជ្រាវបទល្មើសធនធានធម្មជាតិ លោក ឈីម សាវុធ បានចាត់ទុកការដាក់បញ្ចូលផ្ទៃដីជាង១.៥ លានហិចតារបស់ក្រសួងបរិស្ថាន ទៅជាតំបន់អភិរក្សនេះ គ្រាន់តែជាការដាក់តួលេខថ្មីបន្ថែមក្នុងបញ្ជីតែប៉ុណ្ណោះ ខណៈដែលការអភិរក្សព្រៃអភិរក្សនាពេលកន្លងមក មិនមានប្រសិទ្ធិភាព ព្រោះនៅតែមានការកាប់ទន្ទ្រានដដែល ហើយបទល្មើសព្រៃឈើទាំងនោះភាគច្រើន បានកើតមានឡើងជាប្រព័ន្ធ ដែលពិបាកក្នុងលុបបំបាត់។
ហើយលោកថា បើមិនមានការដាក់ទោសទណ្ឌ និងអនុវត្តច្បាប់ដែលមានស្រាប់ ឲ្យបានតឹងរឹងនោះទេ នោះការបង្ក្រាបបទល្មើសព្រៃឈើនៅតែបន្តមាន ហើយមិនអាចរក្សាព្រៃឈើនៅកម្ពុជាឲ្យបានគងវង្សនោះទេ។
បើតាមរបាយការណ៍សរុបការងាររបស់ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៦ បទល្មើសព្រៃឈើក្នុងតំបន់អភិរក្ស កើតមានជិត ៦០០ ករណី ខណៈដែលបទល្មើសសត្វព្រៃ និងនេសាទ រួមនឹងដីធ្លី កើតមាន ជិត ៧០០ ករណី។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!