អគ្គិភ័យ បានឆាប់ឆេះផ្សារកណ្តាលទាំងព្រឹក
ភ្នំពេញ៖ អគ្គិភ័យ បានឆាប់ឆេះផ្សារកណ្តាល ជាងមួយម៉ោងទាំងព្រឹក ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដែលបណ្តាលឲ្យតូបលក់ដូរចំនួន១៤តូប ត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀតត្រូវខូចខាត់។
បើតាមលោក លោក ព្រហ្ម យន នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកនេះថា អគ្គិភ័យ បានកើតឡើងនៅម៉ោង ៤ និង១៥នាទី ព្រឹក និងត្រូវបានរលត់ទាំងស្រុង វិញ នៅម៉ោង ៥ និង១៥នាទី ដោយចំណាយឡានពន្លតអគ្គភ័យចំនួន ១៨ ឡាន ឬ ១៨ ជើង ដើម្បីបាញ់ពន្លត់។
ក្នុងនោះ លោក បានឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ជំហ៊ានដំបូង មន្ត្រីជំនាញ បានធ្វើការសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណា លោកថា នឹងមានការស្រាវជ្រាវបន្ថែមទៀត។
បើតាមនាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែលនេះ បានឲ្យដឹងទៀតថា ចំពោះការខូចខាតវិញ មន្ត្រីជំនាញ បានធ្វើការវាយតម្លៃថា តូបលក់ដូរចំនួន១៤តូប ដែលត្រូវឆាប់ឆេះទាំងស្រុងនោះ បើគិតជាទឹកប្រាក់ប្រមាណ ៥ ទៅ ៦ ម៉ឺនដុល្លា ព្រោះក្នុងតូបដែលឆេះនោះភាគច្រើនជាតូបផាត់មុខ និងអ៊ុតសក់ ដែលមិនមែនជាតូបស្ទុកទុក របស់មានតម្លៃថ្លៃ។
អ្នកស្រី សុខ ចាន់នី ជាអាជីវករផ្សារកណ្តាល ដែលអះអាងថា តូបរបស់គាត់ត្រូវបានភ្លើងឆាប់ឆេះទាំងស្រុង បានលើកឡើងថា អ្នកស្រីមិនទាន់ដឹងច្បាស់នៅឡើយទេ ថា ភ្លើងផ្តើមឆេះពីកន្លែងណាមុននោះ ហើយអ្នកស្រី ក៏មិនទាន់បានដាក់ពាក្យបណ្តឹង ដើម្បីទាមទារសំណងពីខាងណានៅឡើយដែរ ខណៈដែលអ្នកស្រីបានអះអាងថា តូបរបស់ខ្លួនដែលឆេះគ្មានសល់នោះ មានទឹកប្រាក់ប្រមាណ ៤ ពានដុល្លា។
គួររំលឹកថា ការឆាប់ឆេះផ្សារកណ្តាលនេះ មិនមែនជាលើកទី១នោះទេ ជាញឹកញ៉ាប់ ផ្សារកណ្តាលនេះ ធ្លាប់បានឆាប់ឆេះជាច្រើនដងរួចមកហើយ តែមានលក្ខណៈតិចតួច ហើយក៏ត្រូវបានជុសជុលវិញ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!